កូន​អ្នក​បឹងកក់​មាន​បញ្ហា​សិក្សា​ព្រោះ​រវល់​តវ៉ា

ការ​ឃុំ​ខ្លួន​អ្នក​បឹង​កក់​ចំនួន ១៣​នាក់​ក្នុង​ពន្ធនាគារ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កូនៗ របស់​ពួក​គាត់​នៅ​ខាង​ក្រៅ ជា​ពិសេស គឺ​ការ​ប៉ះ​ទង្គិច​ខាង​ផ្លូវ​ចិត្ត​របស់​កុមារ ដូច​ជា ការ​ធ្លាក់​ចុះ​ផ្នែក​ការ​សិក្សា​របស់​ពួក​គេ ដោយសារ​តែ​ពួក​គេ​គិត​ខ្វល់ខ្វាយ នឹក​ដល់​ម្ដាយ​ដែល​ពុំ​ធ្លាប់​ព្រាត់ ហើយ​ពួក​គេ​ទៅ​សាលា​មិន​បាន​ទៀង​ទាត់​ឡើយ។
ដោយ អ៊ួន ឈិន
2012-06-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​កក់ ឧសភា ៣០៥
កូនៗ​របស់​អ្នក​ភូមិ​បឹង​កក់​ដែល​កំពុង​ជាប់​ពន្ធនាគារ បួង​សួង​សុំ​ឲ្យ​ដោះលែង​ម្ដាយ នៅ​មុខ​ក្រសួង​យុត្តិធម៌ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១២។
RFA/Uon Chhin

ភាគ​ច្រើន​ក្នុង​ចំណោម​កុមារ​បឹង​កក់​ប្រមាណ ៥០​នាក់ ដែល​ម្ដាយ​របស់​ពួក​គេ​កំពុង​តែ​ជាប់​ឃុំ មិន​បាន​ទៅ​រៀន​សូត្រ​ជាប់​លាប់​ទេ គឺ​ពួក​គេ​ឆ្លៀត​ទៅ​រៀន​ផង និង​ដើរ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ម្ដាយ​របស់​ពួក​គេ​ផង។

ក្រុម​កុមារ​ដែល​ព្រាត់​ម្ដាយ​បាន​ដើរ​តវ៉ា​ស្ទើរ​គ្រប់​ទី​កន្លែង រួម​មាន ក្រសួង​យុត្តិធម៌ ពន្ធនាគារ​ព្រៃ​ស រដ្ឋសភា ព្រឹទ្ធសភា ព្រះបរមរាជវាំង និង​ស្ថានទូត​នានា ដោយ​ពួក​គេ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ម្ដាយ​របស់​ពួក​គេ។

នេះ​គឺ​ជា​សម្រែក​របស់​កុមារី ប៉ោ សុគន្ធកញ្ញា បាន​ដង្ហោយ​ហៅ​រក​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា។

កុមារី ប៉ោ សុគន្ធកញ្ញា អាយុ ១១ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ នៃ​សាលា​បឋម​សិក្សា​កុលាប។ កុមារី​ជា​កូន​ច្បង​នៃ​គ្រួសារ​មួយ ដែល​មាន​កូន ៣ នាក់។ ម្ដាយ​របស់​កុមារី ប៉ោ សុគន្ធកញ្ញា គឺ​លោក​ស្រី តុល ស្រីពៅ ជា​តំណាង​ប្រជា​ពលរដ្ឋ​តំបន់​បឹង​កក់។

តាំង​ពី​ម្ដាយ​របស់​នាង និង​អ្នក​បឹង​កក់​ទាំង  ១២ នាក់ ទៀត​ត្រូវ​បាន​កាត់​ទោស និង​យក​ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា កុមារី ប៉ោ សុគន្ធកញ្ញា បាន​ចូលរួម​មិន​សូវ​ខាន ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ម្ដាយ និង​អ្នក​បឹង​កក់​ទាំង​អស់​ពី​ពន្ធនាគារ។ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា កុមារី​បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌។

ដោយ​បាន​ទទួល​ដំណឹង​ថា ម្ដាយ​របស់​នាង​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​គុក កុមារី​កើត​ទុក្ខ ព្រោះ​នាង​ភ័យ​ខ្លាច​បាត់បង់​ម្ដាយ ហើយ​នាង​បាន​ទៅ​តវ៉ា​នៅ​ខាង​មុខ​ច្រក​ចូល​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ១០ ខែ​មិថុនា។

ឪពុក​របស់​កុមារី ប៉ោ សុគន្ធកញ្ញា លោក ប៉ោ សុគុណ្ណារ៉ា មាន​ប្រសាសន៍​ថា កូន​របស់​លោក​ធ្លាប់​តែ​រៀន​បាន​ចំណាត់​ថ្នាក់​លេខ ១ ឥឡូវ​ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​លេខ ២ វិញ។ លោក​បារម្ភ​ខ្លាច​វិបត្តិ ដែល​កំពុង​តែ​ញាំញី​គ្រួសារ​របស់​លោក​នេះ នឹង​បំផ្លាញ​សេចក្ដី​សង្ឃឹម​របស់​លោក និង​ភរិយា​របស់​លោក​អំពី​អនាគត​ដ៏​ត្រចះត្រចង់​នៃ​កូន​ស្រី​របស់​ពួក​គាត់។

ក្រៅ​ពី​ការ​គិត​ដល់​ម្ដាយ ថ្វី​ត្បិត កុមារី ប៉ោ សុគន្ធកញ្ញា មាន​អាយុ​ទើប​តែ ១១ ឆ្នាំ ប៉ុន្តែ​នាង​អាច​បំពេញ​តួនាទី​ជា​កូន​ច្បង​នៃ​គ្រួសារ​យ៉ាង​សក្ដិសម ដូចជា ការ​ដែល​នាង​បាន​ជួយ​រៀបចំ​ខ្លួន​ប្រាណ សំលៀកបំពាក់​សម្ភារៈ​សិក្សា និង​ចែក​រំលែក​ម្ហូបអាហារ​ឲ្យ​ប្អូន​ប្រុស​ស្រី​របស់​នាង មុន​ពេល​ទៅ​សាលា​ជាដើម។

កុមារី​បាន​ឲ្យ​ដឹង​ថា នាង​ធ្លាប់​ប៉ុនប៉ង​ថា នឹង​ខំ​រៀន​ឲ្យ​បាន​ពូកែ ដើម្បី​ក្លាយ​ខ្លួន​ជា​សាស្ត្រាចារ្យ​ម្នាក់​ក្នុង​ពេល​អនាគត។ ប៉ុន្តែ​ពេល​នេះ​នាង​ប្ដូរ​ចិត្ត​វិញ​ហើយ។

ទោះបី​ជា​មាន​ការ​តាំង​ចិត្ត​យ៉ាង​ណា​ក្ដី ក៏​កុមារី​នៅ​តែ​បារម្ភ​ខ្លាច​ក្រែង​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​នាង​មិន​បាន​ជោគជ័យ។ នាង​ព្រួយ​ខ្លាច​មិន​បាន​ជោគជ័យ ព្រោះ​សេចក្ដី​នឹក​រឭក​ចំពោះ​ម្ដាយ​ចេះ​តែ​រំខាន​អារម្មណ៍​របស់​នាង។ នាង​ថា រាល់​ពេល​ដែល​នាង​អាន​សៀវភៅ នាង​ស្រមៃ​ឃើញ​មុខ​ម្ដាយ​របស់​នាង​ជានិច្ច។

កុមារី ប៉ោ សុគន្ធកញ្ញា មាន​ចរិត​ម៉ត់ចត់​ក្នុង​ការ​ធ្វើ​មួយ គឺ​នាង​សួរ​បញ្ជាក់​នៅ​ពេល ដែល​នាង​យល់​មិន​ច្បាស់។ កុមារី​អះអាង​ថា គំរូ​ដែល​នាង​ទទួល​បាន​ពី​ម្ដាយ​របស់​នាង គឺ​សេចក្ដី​ក្លាហាន ភាព​ស្មោះត្រង់ និង​ការ​ចេះ​ថ្លឹងថ្លែង​រវាង​ប្រយោជន៍​សង្គម និង​ប្រយោជន៍​ផ្ទាល់​ខ្លួន។

កុមារី​បញ្ជាក់​ថា ការ​ចាប់​អ្នក​បឹង​កក់​ទាំង ១៣ នាក់ ដាក់​ពន្ធនាគារ​មិន​អាច​បំបាក់​ស្មារតី​របស់​នាង​បាន​ទេ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​ជំរុញ​ឲ្យ​នាង​ចង់​ដើរ​តាម​គន្លង​ម្ដាយ​របស់​នាង​ក្នុង​ការ​តស៊ូ​មតិ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

sophat

ពី new york

so where the cambodia king?
we are never see the cambodia king
care the own people.
why king let hun sen sale the lend
make cambodia people not haved place
for living?
who the king be long to cambodia
is hun sen is king?
so i see in lao and vietnam
never sale own lend to any one.
why cambodia like sale own lend ?
people living and cry go to jail
for own lend. not good goverment cambodia
do like that.

Jun 18, 2012 11:11 PM

អ្នក​អាន​អនាមិក

Does any of the government employees read or listen to this? Do they have hard?

What does Hun Sen do? Is he happy to see this?

Jun 17, 2012 11:50 AM