អ្នក​បុរី​កីឡា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​និង​ទាមទារ​ឲ្យ​ដោះលែង​តំណាង

អ្នក​រស់​នៅ​ក្នុង​តំបន់​បុរី​កីឡា​ចំនួន ១០០​គ្រួសារ យក​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) គោរព​សិទ្ធិ​មនុស្ស និង​សុំ​ឱ្យ​តុលាការ​ដោះលែង​តំណាង​របស់​ពួក​គាត់ ២​រូប។
ដោយ ឡេង ម៉ាលី និង ទេព សុរ៉ាវី
2012-12-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទឹម សាក់មុន្នី ៣០៥
សារ​សុំ​ឲ្យ​ដោះលែង​អ្នកស្រី ទឹម សាក់មុន្នី និង​រូបថត​អ្នកស្រី ចង​នៅ​តំបន់​សហគមន៍​បុរី​កីឡា ខណៈ​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៤ កាល​ពី​ព្រឹក​ថ្ងៃ​៩ ធ្នូ ឆ្នាំ​២០១២។
RFA/Tep Soravy

អ្នក​រស់​នៅ​ក្នុង​តំបន់​បុរី​កីឡា​ចំនួន ១១៧​គ្រួសារ និង​អ្នក​តំបន់​ផ្សេងៗ​ទៀត ១៥​សហគមន៍ ដូច​ជា​អ្នក​បឹង​កក់​ផង រួម​គ្នា​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ មួយ​ថ្ងៃ​មុន និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផានអ៊ីម៉ិច គោរព​សិទ្ធិ​មនុស្ស។

អ្នកស្រី ឆាយ គឹមហ៊ ជា​តំណាង​អ្នក​រស់​នៅ​តំបន់​បុរី​កីឡា​មួយ​រូប នៅ​ក្នុង​ចំណោម​អ្នក​រស់​នៅ​គ្មាន​ផ្ទះ​សម្បែង​ចំនួន ១១៧​គ្រួសារ។ អ្នក​ស្រី​ថ្លែង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​របស់​អ្នក​បុរី​កីឡា​នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ គឺ​ជា​ការ​រំលឹក​ខួប​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៦៤ ផង និង​ចង់​បញ្ជូន​សារ​ដល់​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​របស់​ពួក​គាត់​ផង៖ «ឱ្យ​រដ្ឋាភិបាល​ឱ្យ​គាត់​បាន​មើល ដើម្បី​ឱ្យ​គាត់​ជំរុញ​ក្រុមហ៊ុន ផានអ៊ីម៉ិច ឱ្យ​គោរព​សិទ្ធិមនុស្ស គោរព​គោលការណ៍ គោល​ជំហរ​​ខ្លួន​ឯង​ ត្រូវ​តែ​សាងសង់​ឱ្យ​គ្រប់ចំនួន ១០ សម្រាប់​ពួក​ខ្ញុំ ដែល​មាន​កិច្ច​ព្រមព្រៀង​ មាន​កិច្ច​សន្យា​ជាមួយ​សហគមន៍​ខ្ញុំ។ គឺ​ចង់​ជម្រាប​ទៅ​រដ្ឋាភិបាល​ឱ្យ​គាត់​បាន​ដឹង​ កុំ​ជឿ​តែ​ពាក្យ​ញុះញង់​របស់​ក្រុមហ៊ុន​។ ត្រូវ​ឱ្យ​គាត់​ជួយ​មក​មើល​ដល់​សហគមន៍​បុរីកីឡា ១១៧ គ្រួសារ​នេះ​ឱ្យ​បាន​ឆាប់​ផង ព្រោះ​ខ្ញុំ​អត់​ចង់​រស់នៅ​លើ​គនរ​សម្រាម អត់​ចង់​រស់​នៅ​ដោយ​វេទនា អត់​ចង់​រស់​លើ​សំយ៉ាប​ផ្ទះ​គេ​ ហើយ​ខ្ញុំ​ក៏​អត់​ចង់​រស់​នៅ​ដោយ​មាន​សិទ្ធិ​សេរីភាព...»

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ពួក​គាត់​ចំនួន ១១៧​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​កម្ទេច​ផ្ទះ​ដើម្បី​យក​ដី កាល​ពី​ខែ​មករា ឆ្នាំ​២០១២ ហើយ​នៅ​មិន​ទាន់​ទទួល​បាន​ផ្ទះ​ជា​សំណង​នៅ​ឡើយ​ទេ។ សព្វ​ថ្ងៃ​នេះ ពួក​គាត់​កំពុង​រស់​នៅ​ប្រជ្រៀត​គ្នា​ជា​បណ្ដោះ​អាសន្ន នៅ​ក្រោម​ជណ្ដើរ​ឡើង​អាគារ និង​ខ្លះ​ទៀត រស់​នៅ​ក្រោម​សំពត់​តង់​កៅស៊ូ​លើ​គំនរ​សំរាម។

អ្នក​រស់​នៅ​ក្រោម​ជណ្ដើរ​មួយ​រូប គឺ​លោក ពេជ្រ លឹមឃួន ថ្លែង​ថា ពួក​គាត់​ត្រូវ​រស់​នៅ​ក្នុង​ភាព​ឯកោ មិន​ទទួល​បាន​ការ​គិត​គូរ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​ឡើយ៖ «អ្វីៗ ក៏​គេ​មិន​ដែល​ធ្វើ​អន្តរាគមន៍ អ្វី​ក៏​គេ​មិនដែល​ចុះ​សួរ​សុខទុក្ខពី​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ។ ខ្ញុំ​ជា​ម្ចាស់​ឆ្នោត ខ្ញុំ​ចង់​និយាយ​ថា មុន​នឹង​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គាត់​បាន​សន្យា​នឹង​ពួក​ខ្ញុំ​ថា គាត់​នឹង​ដោះស្រាយ។ តែ​អង្ករ​មួយ​គីឡូ ក៏​គាត់​មិន​ដែល​អើពើ​ជាមួយ​ខ្ញុំ​ដែរ ខ្ញុំរស់​ដោយ​សារ​ដើរ​សុំទាន​អង្គការ​​នានា ដែល​គេ​ជួយ​ខ្ញុំ​ទេ​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​មាន​ផល​ប៉ះពាល់​ផ្លូវ​ចិត្ត»

បញ្ហា​ជម្លោះ​ដីធ្លី​រវាង​អ្នក​បុរី​កីឡា​ចំនួន ១១៧​គ្រួសារ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ជា​បញ្ហា​ប្រទាញប្រទង់​គ្នា​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។

តាម​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ក្រុមហ៊ុន ផានអ៊ីម៉ិច ត្រូវ​សាងសង់​អាគារ​ចំនួន ១០ សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់​នេះ។ មាន​អ្នក​រស់​នៅ​មួយ​ចំនួន​ធំ​បាន​ទទួល​ផ្ទះ​ហើយ លើក​លែង​តែ​អ្នក​រស់នៅ ១១៧​គ្រួសារ។ កន្លង​មក​ខាង​ក្រុមហ៊ុន​លើក​ហេតុផល​ថា អ្នក​បុរី​កីឡា​ដែល​មិន​ទាន់​បាន​ផ្ទះ​ទាំង​នេះ ក្លែង​បន្លំ​ឯកសារ ដើម្បី​ចង់​បាន​ផ្ទះដែល​ក្រុមហ៊ុន​សាងសង់។ ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​បាន​ផ្ទះ​អះអាង​ថា ពួក​គាត់​មាន​ឯកសារ​បញ្ជាប់​ពី​ការ​រស់​នៅ​ទី​នោះ​ត្រឹមត្រូវ។ បញ្ហា​នេះ បាន​បណ្ដាល​ឱ្យ​មាន​ការ​តវ៉ា និង​ទាមទារ​ផ្ទះ។ ក្រុមហ៊ុន​សង់​បាន​តែ ៨ អាគារ​ទេ គឺ​នៅ​ខ្វះ ២ អាគារ​ទៀត។ អ្នក​តវ៉ា​ឱ្យ​ដឹង​ថា បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខ្វះ​សម្រាប់​ផ្ដល់​ឱ្យ​អ្នក​សល់​ទាំង​នោះ។

ផ្ដើម​ចេញ​ពី​ការ​តវ៉ា​រឿង​ដីធ្លី​នេះ និង​នៅ​បឹង​កក់ តំណាង​របស់​ពួក​គាត់ ២​រូប គឺ​អ្នក​ស្រី ទឹម សាក់មុន្នី និង​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​សព្វថ្ងៃ​នេះ។ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ព្រឹក​មិញ​នេះ អ្នក​បុរី​កីឡា និង​បឹង​កក់​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​តំណាង​ទាំង ២​រូប​នោះ​វិញ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការ​ទាមទារ​របស់​អ្នក​បុរី​កីឡា ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស គឺ​ជា​ការ​ត្រឹមត្រូវ ពីព្រោះ​រដ្ឋាភិបាល​បាន​​ទទួលស្គាល់ និង​ប្ដេជ្ញា​គោរព​សិទ្ធិមនុស្ស​តាម​កតិកា​សញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ហើយ។

លោក​បញ្ជាក់​ថា ការ​ចាប់​អ្នក​ស្រី ទឹម សាក់មុន្នី និង​អ្នកស្រី យ៉ោម បុប្ផា ដាក់​គុក គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស បើ​ទោះ​ជា​ការ​ចាប់​នោះ​មិន​មែន​ជា​ករណី​ដី​ធ្លី​ក៏​ដោយ ក៏​បញ្ហា​នេះ​ផ្ដើម​ចេញ​រឿង​ដីធ្លី និង​ផ្ទះ​សម្បែង។ លោក​ថ្លែង​បើ​តុលាការ​មាន​ភាព​យុត្តិធម៌ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ទេ៖ «ត្រូវ​តែ​មាន​កតព្វកិច្ច​គោរព ហើយ​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ក៏​ដូច​ជា​តំបន់​បឹងកក់ ឱ្យ​មាន​យុត្តិធម៌ និង​តម្លាភាព​សម្រាប់​ពួក​គាត់​ អាច​រស់​នៅ​សមរម្យ​ភាព​ជា​មនុស្សឱ្យ​មាន​សេចក្ដី​ថ្លៃថ្នូរ»

ទន្ទឹម​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី ៦៤ នៅ​កម្ពុជា គ្រួសារ​របស់​អ្នក ស្រី ទឹម សាក់មុន្នី ជា​សកម្មជន​ទាមទារ​ដីធ្លី​នៅ​បុរី​កីឡា និង​អ្នកស្រី យ៉ោម បុប្ផា ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន និង​ឃុំ​ក្នុង​ពន្ធនាគារ ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ និង​អះអាង​ថា ពួក​គាត់​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​របស់​អ្នកនាង ទេព សុរ៉ាវី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិចគង់តែបានភ្លឺភ្នែកថ្ងៃណាមួយមិនខាន!ចាំមើលតើលុយជួយខ្លួនបានប៉ុណ្ណា?

Dec 09, 2012 06:00 PM

ព្រះមានភ្នែក

ពី ភ្នំពេញ

រដ្ឋាភិបាល និងតុលារគួរតែពិចារណាសាជាថ្មីហើយ មិនមែនពិភពលោកមើលមិនឃើញថាតុលាការនៅក្រោមអំណាចហ៊ុន សែននោះទេ វាពេញពាសពេញពិភពលោកហើយដែលគេថាតុលាការខ្មែរមិនយល់ពីច្បាប់ គឺច្បាប់ចេញពីមនុស្សម្នាក់ សូម្បីតែកូនក្មេងខ្មែរមានអាយុ៤ឆ្នាំសោះ ក៏គេចេះនិយាយថាតុលាការស្រុកខ្មែរជាតុលាការនៅបៅ ។​ យួរៗទៅកាន់ពូកគណបក្សប្រជាជនកាន់តែអានាធិបតេយ្យៗ ចង់ធ្វើអីតាមតែចិត្ត

Dec 09, 2012 08:07 AM

ភាពភ្នំពេញ

ពី Phnom Penh

ស្រុកខ្មែរឥលូវចាប់មនុស្សងាយស្រួលណាស់ បើគេស្អប់នរណាម្នាក់ គេអោយតែតុលាការចោទ រួចបញ្ជាអោយប៉ូលីសចាប់ទៅជាការស្រេច។ ចំណែកឯមនុស្សដែលគេមិនចង់ចាប់វិញ គេចាប់លេងៗរួច អោយតុលាការចេញសាលក្រមថាសម្លាប់មនុស្សដោយ អចេតនាជាការស្រេច។ មើលតែករណីលោកឈុតវុទ្ធី និងលោកឈូកបណ្ឌិតទៅដឹងហើយ។

Dec 09, 2012 07:41 AM