អ្នក​បង្កើត​ប្លុក​នៅ​អាស៊ី​នឹង​ជួប​ជុំ​គ្នា​នៅ​ដើម​ខែ​វិច្ឆិកា​នា​ខេត្ត​សៀមរាប

ការ​ប្រកាស​អំពី​កម្មវិធី​ប្លុកហ្វេស អាស៊ី ឆ្នាំ​២០១២ (BlogFestAsia 2012) លើក​ទី៣ ដើម្បី​ជួប​ជុំ​អ្នក​ផ្តល់​ព័ត៌មាន​តាម​គេហទំព័រ​ផ្ទាល់​ខ្លួន ឬ​ហៅ​ថា​ប្លុក (Blogger) ក្នុង​តំបន់​អាស៊ី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៥ វិច្ឆិកា។
ដោយ វណ្ណ វិចារ
2012.10.29
ប្លុកហ្វេស អាស៊ី ៣០៥ ២៨-តុលា-២០១២៖ កម្មវិធី​ប្លុកហ្វេស អាស៊ី ឆ្នាំ​២០១២ (BlogFestAsia 2012) លើក​ទី៣។
Web Captured

អ្នក​រៀបចំ​វេទិកា​នេះ​ពន្យល់​ថា កម្មវិធី​ជួប​ជុំ​នឹង​ផ្តល់​ឲ្យ​អ្នក​បង្កើត​ប្លុក​ទាំង​អស់​នូវ​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ថ្មីៗ ដែល​ជា​អត្ថប្រយោជន៍​ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​រៀបចំ​កម្មវិធី​ប្លុកហ្វេស អាស៊ី ប្រចាំ​នៅ​កម្ពុជា អ្នកនាង កែវ គូនីឡា មាន​ប្រសាសន៍​ថា អ្នក​សរសេរ​ប្លុក​នៅ​អាស៊ី​បច្ចុប្បន្ន មាន​ចំនួន​កើន​ឡើង​ច្រើន ដូច​នេះ​ទើប​អ្នក​សរសេរ​ប្លុក​នៅ​កម្ពុជា ជា​អ្នក​ធានា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ ដើម្បី​បង្កើន​ការ​ពិភាក្សា និង​សិក្សា​ស្វែង​យល់​ថែម​ទៀត​ពី​ប្លុក។ អ្នកនាង​បន្ត​ថា មនុស្ស​នៅ​អាស៊ី រាប់​លាន​នាក់ បាន​បង្កើត​ប្លុក​ផ្ទាល់​ខ្លួន ដើម្បី​ចែក​ចាយ​ព័ត៌មាន មាន​ទាំង​ព័ត៌មាន​ប្លែកៗ ព័ត៌មាន​ម្ហូប​អាហារ ដំណើរ​កម្សាន្ត តំបន់​ទេសចរណ៍ និង​ជា​ពិសេស បញ្ហា​នយោបាយ។

អ្នកនាង​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ចូល​ចិត្ត​សរសេរ​រឿង​នយោបាយ​នៅ​អាស៊ី ភាគ​ច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី៖ «យើង​ចង់​សរសេរ​ពី​អី​សរសេរ​ពី​ហ្នឹង​ទៅ អ្នក​សរសេរ​ប្លុក​គាត់​ដឹង​ថា​ប្រទេស​គាត់​មាន​ច្បាប់​អី គាត់​សរសេរ​អ្វី​ដែល​ចំណេញ​ដល់​គាត់។ នៅ​ម៉ាឡេ និង​ឥណ្ឌូនេស៊ី មាន​អ្នក​សរសេរ​ប្លុក​ច្រើន​ជា​រឿង​នយោបាយ ព្រោះ​ប្រទេស​ទាំង​នេះ​មាន​សេរីភាព​ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់»

អ្នកនាង កែវ គូនីឡា បន្ត​ថា អ្នក​សរសេរ​ប្លុក​ចំណេញ​ទាំង​ការ​ចែក​ចាយ​ព័ត៌មាន និង​ចំណេញ​ទាំង​ការ​បង្កើន​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន បើ​សិន​ណា​ពួក​គេ​ប្រើប្រាស់​បាន​ត្រឹមត្រូវ។

ប្លុក​ជះ​ឥទ្ធិពល​មិន​ធម្មតា​ឡើយ​ទៅ​លើ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ជា​ពិសេស​ប្លុក​នយោបាយ។ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ ប្រទេស​មហា​មិត្ត​កម្ពុជា គឺ​វៀតណាម បាន​ចាប់​អ្នក​សរសេរ​អត្ថបទ​តាម​អ៊ីសឺរណិត (Bloggers) ប្រឆាំង​បី​នាក់ ដាក់​ពន្ធនាគារ​ពី ៤​ទៅ ១២ឆ្នាំ ពី​បទ​បាន​ធ្វើ​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​វៀតណាម។ នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១០ បុគ្គលិក​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​ម្នាក់​ឈ្មោះ សេង គុណកា ក៏​ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ បន្ទាប់​រូប​គាត់​បាន​ចែក​ចាយ​ព័ត៌មាន​មួយ ដែល​ប៉ះពាល់​ដល់​អ្នក​មាន​អំណាច​ក្នុង​ប្រទេស ហើយ​ព័ត៌មាន​មួយ​នោះ​បាន​មក​ពី​ក្នុង​ប្លុក​មួយ​ឈ្មោះ ខេអាយមីឌែ (KI-Media)។ លោក សេង គុណកា ត្រូវ​តុលាការ​ឃុំ​ខ្លួន​រយៈពេល ៦ខែ​ពី​បទ​ញុះញង់ បង្ក​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ទៀត​ផង។

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បង្ហាញ​គំនិត​ថា អ្នក​និយម​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន នៅ​កម្ពុជា មាន​មិន​ទាន់​ច្រើន​នៅ​ឡើយ​ទេ។ ដូច​នេះ ឥទ្ធិពល​ក៏​មាន​ទៅ​តាម​នោះ​ដែរ។ ប៉ុន្តែ បើ​សិន​ណា​មាន​អ្នក​សរសេរ​ច្រើន នឹង​អាច​ចែក​រំលែក​ព័ត៌មាន​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ។ លោក​បញ្ជាក់​ថា លោក​គាំទ្រ​ការ​ជួប​ជុំ​គ្នា​របស់​អ្នក​សរសេរ​គេហទំព័រ​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​សៀមរាប ព្រោះ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ពួក​គេ។

ទាក់​ទិន​នឹង​បញ្ហា​នេះ ប្រធាន​បច្ចេកទេស​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ការ​ជួប​ជុំ​របស់​អ្នក​និយម​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន​អាស៊ី នៅ​កម្ពុជា ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ជំរុញ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ លោក​បន្ត​ថា នៅ​ប្រទេស​ដែល​ជឿន​លឿន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ អាជ្ញាធរ​បើក​ទូលាយ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​គ្រប់​បែប​យ៉ាង តាំង​ពី​ការ​សរសេរ​គេហទំព័រ​ផ្ទាល់​ខ្លួន​នេះ​ជាដើម។

លោក​បញ្ជាក់​ថា អ្នក​សរសេរ​ប្លុក​នៅ​កម្ពុជា បច្ចុប្បន្ន អាច​នឹង​មាន​បញ្ហា បើ​សិន​ណា​គេ​ព្យាយាម​បើក​កកាយ​នូវ​ចំណុច​អសកម្ម​ណា​មួយ​របស់​អ្នក​មាន​អំណាច ឬ​អ្នក​នយោបាយ៖ «ប្រទេស​ដែល​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​វិញ អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល នឹង​អ្នក​មាន​អំណាច តែង​ត្រូវ​បាន​ចោទ​ប្រកាន់​ផ្សេងៗ។ នៅ​កម្ពុជា យើង​ក៏​យើង​បារម្ភ​ដែរ ព្រោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​មាន​កម្រិត​នៅ​ឡើយ។ រាជ​រដ្ឋាភិបាល គួរ​បើក​ឲ្យ​ទូលាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​សេរីភាព​បញ្ចេញ​មតិ»

តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​ពលរដ្ឋ​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ ប៉ុន្តែ​មិន​ទាន់​កើត​មាន​ករណី​អាជ្ញាធរ រដ្ឋាភិបាល ផ្ដន្ទាទោស​អ្នក​សរសេរ​គេហទំព័រ​ផ្ទាល់​ខ្លួន ដែល​រិះគន់​រដ្ឋាភិបាល​នោះ​ឡើយ ដោយ​សារ​តែ​ពួក​គេ​ភាគ​ច្រើន​លាក់​បាំង​នូវ​អត្តសញ្ញាណ។ ប្រទេស​នៅ​អាស៊ី ដែល​សម្បូរ​អ្នក​បង្កើត​ប្លុក​នេះ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល មាន​ចិន ភូមា និង​វៀតណាម ជាដើម។

ទោះ​យ៉ាង​ណា​ក្តី អ្នកនាង កែវ គូនីឡា អះអាង​ថា ពិធី​ជួប​ជុំ​អ្នក​សរសេរ​ប្លុក​នៅ​ខេត្ត​សៀមរាប ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិបាល​ដែរ ដោយ​នៅ​ថ្ងៃ​បញ្ចប់​ការ​ជួប​ជុំ នឹង​មាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ ចូល​រួម​ទៀត​ផង។ អ្នកនាង​បន្ត​ថា តាម​ការ​គ្រោង​ទុក អ្នក​សរសេរ​គេហទំព័រ​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​សៀមរាប នឹង​ត្រូវ​សរសេរ​អត្ថបទ​មួយ​ទាក់​ទង​នឹង​អង្គរវត្ត ដើម្បី​ប្រជែង​គ្នា​ដណ្ដើម​ពាន​រង្វាន់ ហើយ​មក​ដល់​ថ្ងៃ​ទី២៨ តុលា មាន​អ្នក​ដាក់​ពាក្យ​ចូល​រួម​កម្មវិធី​នេះ​ពី​ប្រទេស​នៅ​អាស៊ី និង​កម្ពុជា មាន​ចំនួន​ជិត ២០០​នាក់។

តាម​រយៈ​គេហទំព័រ​កម្មវិធី​ប្លុកហ្វេស បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ដំណើរ​ការ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​អាមេរិក មូលនិធិ​អាស៊ី និង​បុគ្គល​ឯកជន​មួយ​ចំនួន។ ដែល​លើក​ទី១ ធ្វើ​ឡើង​នៅ​ហុងកុង ក្នុង​ឆ្នាំ​២០០៩ លើក​ទី២ ធ្វើ​នៅ​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០១០ និង​លើក​ទី៣ ធ្វើ​ឡើង​នៅ​កម្ពុជា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។