អតីត​យោធិន​ចូល​និវត្តន៍​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ​ពី​បញ្ហា​បាត់​ប្រាក់​ខែ

យ៉ាង​ហោច​ណាស់​មាន​អតីត​យោធិន​ចូល​និវត្តន៍​ប្រហែល ៥០​នាក់ ដែល​តំណាង​ឲ្យ​អតីត​យោធិន​ចូល​​និវត្តន៍​ចំនួន​ជាង ៦០០​នាក់ បាន​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ខែ ក្រោយ​ពី​ប្រាក់​សោធន​និវត្តន៍​របស់​ពួក​គាត់​បាត់​អស់​ជិត​ពីរ​ឆ្នាំ​មក​ហើយ។

0:00 / 0:00

លោក គង់ ជាតិ យោធិន​ចូល​និវត្តន៍​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជិត ៥០​នាក់ បាន​ថ្លែង​ថា ចាប់​តាំង​ពី​ខែ មីនា ឆ្នាំ ២០០៨ រហូត​ខែ កញ្ញា ឆ្នាំ ២០០៩ ក្រុម​យោធិន​ចូល​និវត្តន៍​ជាង ៦០០​នាក់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ មិន​ដែល​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​របស់​ខ្លួន​ទេ ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ។

លោក គង់ ជាតិ បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «សុំ​ឲ្យ​ខាង​ខេត្ត​យើង​ជួយ​ដោះស្រាយ​ប្រាក់​បៀវត្សរ៍ ១៨​ខែ អត់​ឃើញ​សោះ អត់​ឃើញ​បើក​មក​សោះ ហើយ​អត់​មាន​ឮ​ដំណឹង​អ្វី​សោះ»

យោធិន​ចូល​និវត្តន៍​ម្នាក់​ទៀត ឈ្មោះ ប៉ុយ សូត្រ បាន​ថ្លែង​ថា ៖ «គោលបំណង​មក​ទាមទារ​ប្រាក់​ខែ បាត់​យូរ​ពេក បាត់​ជិត​ពីរ​ឆ្នាំ​ហើយ»

ក្រុម​យោធិន​ចូល​និវត្តន៍​ទាំង​នោះ​បាន​ថ្លែង​ថា ប្រាក់​សោធន​និវត្តន៍​របស់​ពួក​គាត់​គឺ​ទទួល​បាន​តិច ឬ​ច្រើន​ទៅ​​តាម​ឋានៈ​និង​តួនាទី​របស់​ពួក​គេ កាល​ពី​គ្រា​ដែល​ពួកគេ​នៅ​បម្រើ​ក្នុង​ជួរ​កងទ័ព ប៉ុន្តែ​រយៈ​កាល​ជិត​ពីរ​ឆ្នាំ​មក​ពួកគេ​មិន​បាន​ទទួល​ទាល់​តែ​សោះ។

លោក ហេង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​បន្ទាយ​មាន​ជ័យ មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ជុំវិញ​ បញ្ហា​ប្រាក់​សោធន​និវត្តន៍​ខាង​លើ​នេះ។ ចំណែក​ឯ​លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ដែរ។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវរតនៈ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​ សួរ​នាំ​ទៅ​មន្ទីរ​សង្គមកិច្ច​ពី​រឿង​ប្រាក់​សោធន​និវត្តន៍​នេះ ៖ «បញ្ហា​ហ្នឹង​យើង​មាន​វិធានការ​ហើយ យើង​ទើប​ជួប​គាត់​អម្បាញ់មិញ តំណាង​ចូល​មក​ជួប​នៅ​សាលា​ខេត្ត។ ខ្ញុំ​បាន​ទទួល​ឯកសារ​គាត់​ហើយ កាត់​ប្រាក់​សោធន​និវត្តន៍​គាត់​ជាង ១​ឆ្នាំ​អត់​ទាន់​ឃើញ​ធ្លាក់​មក។ ចាំ​មើល​យើង​សិក្សា​ស្រាវជ្រាវ សួរ​ទៅ​ខាង​មន្ទីរ​សង្គមកិច្ច​សិន ព្រោះ​យើង​ទើប​បាន​ដំណឹង ទើប​ដឹង​ថ្ងៃ​នេះ​ភ្លាម ទាល់​តែ​សួរ​ទៅ​ខាង​ជំនាញ​របស់​គាត់ ខាង​មន្ទីរ​គាត់ តើ​មាន​មូលហេតុ​អី​បាន​បាត់​បៀវត្សរ៍​គាត់»

លោក ស៊ុម ចាន់គា មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ថា ការ​មិន​បើក​ប្រាក់​សោធន​និវត្តន៍​ទៅ​ឲ្យ​យោធិន​ចូល​និវត្តន៍​ទាំង​នោះ វា​គឺ​ជា​រឿង​អាក្រក់​បំផុត ៖ «បើ​សិន​ខាង​មន្ទីរ​សង្គមកិច្ច ខាង​ក្រសួង​សង្គម​កិច្ច​បណ្តែត​បណ្តោយ​អ៊ីចឹង ងាប់​ប្រជាពលរដ្ឋ​អស់​ហើយ ដែល​គាត់​ខំ​តស៊ូ​រហូត​ដល់​ចាស់​ដើម្បី​ជាតិ​មាតុ​ភូមិ ហើយ​យើង​បែរ​ជា​គេ​មិន​ព្រម​បើក​ប្រាក់​ខែ​ឲ្យ​គាត់ ហើយ​យក​លេស​នេះ​លេស​នោះ អ៊ីចឹង​ក្មេងៗ​ក្រោយ​មាន​អ្នក​ណា​ចង់​តស៊ូ​ដើម្បី​ជាតិ​ទៀត»

គួរ​ជម្រាប​ជូន​ថា កាល​ពី​ដើម​ខែ សីហា អតីត​យុទ្ធជន​ពិការ និង​យោធិន​ចូល​និវត្តន៍​ជាង ១០០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​ដក​លោក ហេង ចំរើន ចេញ​ពី​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ពួក​គេ​ចោទ​ថា លោក​ប្រធាន​មន្ទីរ​រូប​នោះ​ប្រកាន់​បក្ស​ពួក និង​ធ្វើការ​មិន​បាន​ត្រឹមត្រូវ​ក្នុង​បញ្ហា​លុយ​កាក់៕