អ្នក​មិន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នៅ​តំបន់​បឹង​កក់​តវ៉ា​ចំពោះ​អ្នកស្រី លី មុំ

បន្ទាប់​ពី​មាន​ការ​អះអាង ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​ដោយ​អ្នកស្រី លី មុំ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ថា​ពលរដ្ឋ​បឹងកក់​ចំនួន ៧៩៤​គ្រួសារ បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រើន​ភូមិ​នៅ​តំបន់​បឹង​កក់ ដែល​មិន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ បាន​តវ៉ា​កាល​ពី​រសៀល​ថ្ងៃ​២០ មីនា ចំពោះ​ការ​ធ្វើ​សន្និសីទ​នោះ។

0:00 / 0:00

ពលរដ្ឋ​ភូមិ​២២ អ្នកស្រី ង៉ែត ឃុន បាន​បដិសេធ​ថា អ្នកស្រី​ លី មុំ មិន​មែន​ជា​តំណាង​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ទៀត​ទេ ហើយ​ការ​អះអាង​ថា ពលរដ្ឋ​បឹងកក់​ចំនួន ៧៩៤​គ្រួសារ បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​គ្រប់​គ្នា​នោះ គឺ​រូប​គាត់​ផ្ទាល់​មិន​ទាន់​ទទួល​បាន​ទេ៖ «ផ្ទះ​ខ្ញុំ​នៅ​ហ្នឹង​ពិត​ប្រាកដ​ទៅ​ជា​អត់​បាន​ប្លង់។ គាត់ (លី មុំ) មក​ផ្សាយ​ថា បាន​ប្លង់​អស់​ហើយ ៧៩៤​គ្រួសារ។ តើ​ពួក​ខ្ញុំ​នេះ​នៅ​សេស​សល់ កាត់​ចោល​ទាំង​អស់​គ្នា​មិន​ទាន់​បាន​សោះ»

អ្នកស្រី ហេង មុំ ដែល​រស់​នៅ​ក្នុង​ភូមិ​២២​ដែរ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​នាយករដ្ឋមន្ត្រី​កាត់​ដី​ទំហំ ១២,៤៤​ហិកតារ ឲ្យ​ពលរដ្ឋ​បឹង​កក់ ៧៩៤​គ្រួសារ មាន ៧​ភូមិ សុំ​វិនិយោគ​នៅ​កន្លែង។

ក្រុម​អ្នក​បឹង​កក់​ដែល​តស៊ូ​ដើម្បី​ការពារ​ផ្ទះ​សម្បែង​បាន​បែក​បាក់​គ្នា​ជា​២​ក្រុម។ គឺ​ម្ខាង​ដឹកនាំ​ដោយ​អ្នកស្រី លី មុំ ដែល​មាន​និន្នាការ​ទៅ​ខាង​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល។ ម្ខាង​ទៀត​ខាង​អ្នកស្រី ទេព វន្នី ដែល​នៅ​បន្ត​ការ​ទាមទារ​យុត្តិធម៌ ដើម្បី​បាន​កម្មសិទ្ធិ​ផ្ទះ​រស់​នៅ​តំបន់​បឹង​កក់​នោះ។

រហូត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​នៅ​ភូមិ​២២ ភូមិ​១ ភូមិ​៦ ភូមិ​២១ និង​ភូមិ​២៤ ចំនួន ៩៤​គ្រួសារ មិន​បាន​ទទួល​កម្មសិទ្ធិ​នៅ​ឡើយ ព្រោះ​សាលា​រាជធានី​ភ្នំពេញ បាន​កាត់​ផ្ទះ​ពួក​គាត់​ថា នៅ​ក្នុង​ដី​ក្រុមហ៊ុន​វិនិយោគ។ អ្នកស្រី​បន្ត​ថា ផ្ទះ​គាត់​ត្រូវ​ក្រុមហ៊ុន​ឈូស​កម្ទេច និង​ចាប់​គាត់​ដាក់​គុក ព្រោះ​តែ​តវ៉ា​សុំ​កម្មសិទ្ធិ​ផ្ទះ​នោះ ឥឡូវ​គាត់​នៅ​តែ​មិន​បាន​កម្មសិទ្ធិ​ដដែល ហើយ​ក៏​គ្មាន​ទី​ជម្រក​សមរម្យ​ដែរ។

អ្នកស្រី ពៅ ឡាំងអេង នៅ​ភូមិ​២៤ អះអាង​ថា សូម​ឲ្យ​អ្នក​ដែល​ប្រកាស​ថា សាលា​ក្រុង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់ ៧៩៤​ផ្ទះ​នោះ សូម​យក​ប័ណ្ណ​នោះ​មក​ឲ្យ​ផ្ទះ​គាត់​ផង៖ «បោក​ប្រាស់​ទេ អត់​មាន​ការ​ពិត​ទេ ពួក​ខ្ញុំ​អត់​ទាន់​បាន​ប្លង់​ទេ ទាំង​អស់​នៅ ៩៤​គ្រួសារ អត់​ទាន់​បាន​ទេ»

អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា ពលរដ្ឋ ៩៤​គ្រួសារ ដែល​មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​នោះ មាន​បញ្ហា ៣​យ៉ាង ដែល​សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ជូន​កម្មសិទ្ធិ​ជា​ស្ថាពរ​នោះ៖ «គឺ​បញ្ហា​អ្នក​ដែល​នៅ​ព្រំ​ប្រទល់​ជាប់​គ្នា ហើយ​ការ​វាស់វែង​ទំហំ​ដី​តាម​មន្ទីរ​សុរិយោដី​ក្រុង​ហ្នឹង គាត់​មិន​ទាន់​ឯកភាព​ទាំង​សង​ខាង​ទី​១។ អ៊ីចឹង​គាត់​អត់​ទាន់​បាន​ប្លង់​ដែរ។ ទី​២ ដី​ក្រុមហ៊ុន​ដែល​គេ​ថា មាន​ឈ្មោះ​យក​ប្លង់​កម្មសិទ្ធិ​ក្នុង​ដី ១២​ហិកតារ​ហ្នឹង ហើយ​គេ​នៅ​ជាប់​នឹង​ដី​ផ្ទះ​ប្រជាជន​ហ្នឹង​គេ​ជំទាស់​ទៅ មន្ទីរ​សុរិយោ​ដី​​គេ​មិន​ឲ្យ​ចេញ​ប្លង់​ឲ្យ​ផ្ទះ​ពួក​គាត់។ ហើយ​ទី​៣ អ្នក​ដែល​ផ្ទះ​គាត់​មាន​ទំហំ​ដី​ផ្ទះ គាត់​មាន​ដល់ ៥០​ការ៉េ។ ឧទាហរណ៍​ថា គេ​កាត់​ត្រឹម ៣០​ការ៉េ អ៊ីចឹង​នៅ​សល់​តិច​ពេក គាត់ ២០​ការ៉េ អ៊ីចឹង​គាត់​មិន​អាច​ទទួល​យក​បាន​ទេ អា​ហ្នឹង​ក៏​ជា​បញ្ហា​គាត់​មិន​ទាន់​បាន​ទទួល​ប្លង់​ដល់​ដៃ​គាត់​ដែរ»

ទោះ​យ៉ាង​ណា​ក្ដី អ្នកស្រី ថាច់ សារ៉ន នៅ​ភូមិ​៦ បាន​អះអាង​ថា គាត់​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​រួច​ហើយ។

អ្នកស្រី លី មុំ ដែល​រង​នូវ​ការ​បដិសេធ​ពី​ប្រជាពលរដ្ឋ​ច្រើន​ភូមិ មិន​ទាន់​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​អះអាង​ថា៖ «គេ​កាត់​ឆ្វៀល​ទៅ​គាត់​នៅ​កន្លែង​តំបន់​វិនិយោគ គឺ​នៅ​ខាង​ក្រុមហ៊ុន​ដោយ​ពួក​គាត់​ទៅ​ខាង​នោះ​ហើយ​អ៊ីចឹង។ ១២​ហិកតារ​នេះ កាត់​មក​សំរាប់​តែ ៧៩៤​គ្រួសារ​ទេ ហើយ​នៅ​សល់ ៥០​ជាង​គ្រួសារ​ទៀត គឺ​គាត់​ត្រូវ​នៅ​លើ​ដី​វិនិយោគ​របស់​ក្រុមហ៊ុន អ៊ីចឹង​គេ​អត់​អាច​ដោះដូរ​ដី ឬ​ឲ្យ​ប្លង់​កម្មសិទ្ធិ​បាន​ទេ ដោយសារ​គាត់​នៅ​លើ​ដី​ដែល​កាត់​ទៅ​ឲ្យ​ក្រុមហ៊ុន អ៊ីចឹង​គេ​ដោះដូរ​ជា​ថវិកា​វិញ គេ​ឲ្យ​គោលនយោបាយ​កម្រិត​ខ្ពស់​ហ្នឹង គឺ​១​ម៉ែត្រ​ការ៉េ ៥០០​ដុល្លារ​តាម​ទំហំ​ផ្ទះ​ជាក់​ស្ដែង​ដែល​គាត់​កំពុង​រស់​នៅ»

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា អ្នកស្រី លី មុំ បាន​ប្រកាស​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ពលរដ្ឋ​ក្នុង​បឹងកក់ ៧៩៤​គ្រួសារ មាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ គ្រប់​គ្នា​ហើយ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រជាជន​បឹង​កក់ ច្រើន​ភូមិ​ដែល​មិន​ទាន់​បាន​ទទួល​ប័ណ្ណ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។