តំណាងអ្នកតវ៉ាឈ្មោះ ប៉ុល តួរីស និយាយថា ពួកគេនឹងមិនរុះរើផ្ទះសម្បែងទៅកាន់តំបន់ថ្មីឡើយ បើទោះបីជាការបង្ខិតបង្ខំយ៉ាងណាក៏ដោយ។ អ្នកភូមិទាមទារឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង ដូចការប្រកាសលើកដំបូង កាលពីឆ្នាំ២០០៧កន្លងមក ក្រោយពេលដែលរដ្ឋអំណាចបានព្រមព្រៀងក្នុងការវិនិយោគតំបន់នោះ ៖ «បើសិនជា ៣ថ្ងៃទៀត គេមកដេញ ឲ្យគេមករុះរើចុះ ព្រោះខ្ញុំសុខចិត្តស្លាប់នៅលើផ្ទះពួកខ្ញុំ»។
អស់រយៈពេលប្រហែល៤ថ្ងៃមកហើយ ដែលក្រុមអ្នកតវ៉ាតែងតែឈរនៅពីមុខសាលារាជធានីភ្នំពេញ ដៃកាន់រូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ស្រែកទាមទារសុំជំនួយ ប៉ុន្តែមកដល់ពេលនេះ គ្មានមន្ត្រីសាលារាជធានីភ្នំពេញណាម្នាក់ ចេញមកដោះស្រាយឡើយ។
អភិបាលរងនៃសាលារាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន ដែលធ្លាប់កាន់សំណុំរឿងនេះ មិនបានបញ្ជាក់អំពីវិធានដែលត្រូវដោះស្រាយជូនអ្នកភូមិឡើយ ក៏ប៉ុន្តែលោកអត្ថាធិប្បាយថា លោកកំពុងជាប់រវល់ប្រជុំនៅក្នុងខេត្តសៀមរាប។
អ្នកសម្របសម្រួលសហគមន៍ក្នុងការការពារសិទ្ធិលំនៅដ្ឋាន លោក ណាត់ លី ថ្លែងថា អ្នកភូមិមានសិទ្ធិគ្រប់គ្រាន់ក្នុងការទាមទារប្រឆាំងចំពោះការបណ្តេញចេញនេះ ដោយផ្អែកលើឯកសារទាំងឡាយដែលរដ្ឋអំណាចបានព្រមព្រៀងរួចទៅហើយ ក្នុងការរក្សាឲ្យអ្នកភូមិរស់នៅបន្តលើតំបន់ ដែលមានគម្រោងអភិវឌ្ឍន៍នោះនិងផ្អែកទៅលើសិទ្ធិស្របច្បាប់ក្នុងការរស់នៅ។
លោកបន្តថា អាជ្ញាធរមិនគោរពច្បាប់ដោយខ្លួនឯង ហើយក្រុមសង្គមស៊ីវិលនឹងខ្នះខ្នែងបន្ថែមទៀត ក្នុងការរកដំណោះស្រាយ ៖ «យើងគ្រោងដាក់លិខិតមួយទៅសុំជួបចរចាជាមួយសាលាក្រុងដើម្បីពិភាក្សារឿងហ្នឹង»។
គួរជម្រាបជូនថា តំបន់បឹងកក់ត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុន ឈ្មោះ ស៊ូកាគូ រយៈពេល៩៩ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧មក។
ការវិនិយោគនោះ តម្រូវឲ្យបណ្តេញពលរដ្ឋទាំងនោះចេញ ដោយកាលនោះ កិច្ចសន្យាដំបូងមានបីជម្រើស គឺមានផ្តល់ជាសំណងលុយកាក់និងជម្លៀសឲ្យអ្នកភូមិទៅរស់នៅតំបន់ជាយក្រុង ជម្រើសទី២ គឺផ្តល់ជាផ្ទះល្វែងនៅតំបន់ជាយក្រុង និងជម្រើសទីបី គឺផ្តល់ឲ្យអ្នកភូមិអាចបន្តការរស់នៅទីនោះ បានដោយសង់ជាអគារខ្ពស់។
ការចាប់ផ្តើមអនុវត្តគម្រោងនេះ បានប៉ះពាល់ដំបូងទៅលើអ្នកភូមិចំនួន ២ គឺភូមិ៤ និងភូមិ២ ហើយនៅសល់ ភូមិ១ ភូមិ៣ ភូមិ៥ និងភូមិ៦ ដែលនឹងត្រូវប្រឈមមុខបន្តទៀត៕
