ប្រជាពលរដ្ឋខ្មែរបានរិះគន់អាជ្ញាធរខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអនុញ្ញាតឲ្យជនជាតិថៃជាច្រើនម៉ឺននាក់ចូលមកទឹកដីកម្ពុជា ដោយពុំមានការត្រួតពិនិត្យឆ្លងដែនឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានោះទេ។
លោក ថូ ជានិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងបាងកក ប្រទេសថៃ។ លោកថ្លែងថា បន្ទាប់បានអានកាសែតតាមប្រព័ន្ធអេឡិចត្រូនិក និងបានមើលទូរទស្សន៍រួចមក លោកមានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញនាយករដ្ឋមន្ត្រីខ្មែរ ផ្ដល់កិច្ចស្វាគមន៍ពលរដ្ឋថៃថាជាភ្ញៀវមានកិត្តិយសពិសេស។
នៅក្នុងលិខិតមួយដែលវិទ្យុអាស៊ីសេរីទទួលបានតាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ បានបញ្ជាក់ថា ពេលធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សមត្ថកិច្ចថៃបានរឹតបណ្ដឹងលើអ្នកដំណើរជាជនជាតិខ្មែរនៅពេលឆ្លងដែនម្តងៗ ខុសពីអាជ្ញាធរខ្មែរដែលបានស្វាគមន៍ពលរដ្ឋថៃយ៉ាងយកចិត្តទុកដាក់។
ជនជាតិខ្មែរដែលមានកាន់លិខិតឆ្លងសញ្ជាតិខ្មែរ នៅពេលធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្តងៗ ត្រូវបានអាជ្ញាធរថៃតម្រូវឲ្យថតចម្លងលិខិតឆ្លងដែនចំនួនពីរច្បាប់ យកទៅឲ្យនគរបាលអន្តោប្រវេសន៍ថៃ។ ផ្ទុយទៅវិញ លោកពុំដែលឃើញនគរបាលអន្តោប្រវេសន៍ខ្មែរតម្រូវឲ្យជនជាតិថៃចូលមកស្រុកខ្មែរធ្វើដូច្នេះទេ។ លោកថា ប្រជាពលករខ្មែរ ដែលមានសៀវភៅការងារ (សៀវភៅពណ៌ប៉ៃតង) ចុះហត្ថលេខាដោយក្រសួងការងារកម្ពុជា និងមានទិដ្ឋាការចេញដោយអាជ្ញាធរថៃ។ ប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវគេឲ្យបង់ប្រាក់ចំនួន ២០០បាត ឬក៏៣០០បាត នៅពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃ។
ថៃបានត្រួតពិនិត្យលិខិតឆ្លងដែនពេលរកឃើញអ្នកណាប្រើប្រាស់សៀវភៅការងារដែលចេញដោយក្រសួងការងារខ្មែរ និងមានទិដ្ឋាការអនុញ្ញាតឲ្យធ្វើការនៅក្នុងប្រទេសថៃ សមត្ថកិច្ចថៃបានឲ្យអ្នកដំណើរនោះចុះពីលើរថយន្ត។ នៅក្នុងការិយាល័យនគរបាលអន្តោប្រវេសន៍ថៃ ពួកគេបានទារប្រាក់បន្ថែមទៀត។
លោកថា បើសិនខ្មែរចូលទៅប្រទេសថៃដោយខុសច្បាប់ លោកមិនយល់ទាស់នោះទេ ថៃអាចពិន័យ អាចចាប់ឃាត់ខ្លួនអ្នកទាំងនោះ ប៉ុន្តែនៅក្នុងករណីនេះ ប្រជាពលរដ្ឋខ្មែរមានកាន់ច្បាប់ការងារស្របច្បាប់ ដែលមានកិច្ចព្រមព្រៀង MOU រវាងក្រសួងការងារប្រទេសទាំងពីរកម្ពុជា-ថៃ។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យថ្លែងថា លោកមានគម្រោងលើកយកបញ្ហានគរបាលអន្តោប្រវេសន៍ថៃ អនុវត្តផ្ទុយពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះទៅជជែកជាមួយអាជ្ញាធរថៃ នៅក្នុងកិច្ចប្រជុំជាមួយភាគីថៃនាពេលខាងមុននេះ។
លោកថា នៅក្នុងករណីពិសេស រដ្ឋាភិបាលកម្ពុជាបានផ្ដល់ការអនុគ្រោះដល់ពលរដ្ឋថៃដែលជាក្រុមអាវក្រហមឲ្យចូលមកក្នុងទឹកដីកម្ពុជាដើម្បីទទួលលោក ថាក់ ស៊ីន អតីតជានាយករដ្ឋមន្ត្រីថៃ ដែលបានធ្វើដំណើរទៅខេត្តសៀមរាប។ មានមតិខ្លះរិះគន់ពីបញ្ហានេះ ប៉ុន្តែលោកថា ការលើកឡើងទាំងនោះ ជាទស្សនៈមួយជ្រុងរបស់ពួកគេតែប៉ុណ្ណោះ ៖ «ខ្ញុំយល់ឃើញថា ការអនុគ្រោះចំពោះប្រជាជនថៃហ្នឹង ខ្ញុំជឿថា ពីពេលឥឡូវទៅពិតជាមានការកើនឡើងនៅទេសចរណ៍របស់ថៃ សកម្មភាពរបស់រាជរដ្ឋាភិបាលដែលលោកធ្វើល្អហ្នឹង ចំពោះខេត្តដែលជាប់ព្រំដែនពិតជាមានក្ដីសង្ឃឹមជឿជាក់ពិតជាមានការកើនឡើងភាពចំណេញ ទាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរពិតជាល្អហើយនៅតាមព្រំដែន»។
ប្រជាពលរដ្ឋខ្មែររស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្លែងថា អាជ្ញាធរខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យតម្លៃជាតិសាសន៍ដទៃខ្ពស់ជាងជាតិសាសន៍ខ្លួនឯង។ អាជ្ញាធរខ្មែរបានស្វាគមន៍ជនជាតិថៃយ៉ាងរាក់ទាក់។ ក្នុងនោះមានសមត្ថកិច្ចខ្មែរចម្រុះគ្រប់លំដាប់ថ្នាក់ មានប៉ូលិស ប៉េអិម ទាហាននាំគ្នាធ្វើចរាចរហែរហមនៅតាមដងផ្លូវ ជូនក្រុមអាវក្រហមថៃ រហូតទៅដល់ខេត្តសៀមរាប។
លោក ខៀវ បូរី រស់នៅក្រុងប៉ោយប៉ែតថ្លែងថា ជនជាតិថៃខ្លះមិនមានលិខិតឆ្លងដែនទេ។ អាជ្ញាធរខ្មែរបានបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតឲ្យជនជាតិថៃចូលមកក្នុងទឹកដីខ្មែរ រហូតទៅម៉ោង ៩ម៉ោង ១០យប់។ ដោយឡែកប្រជាពលរដ្ឋខ្មែរ ពេលចូលទៅទឹកដីថៃមានលិខិតស្នាមត្រឹមត្រូវយ៉ាងណាក៏ដោយ នៅតែមានការលំបាក ៖ «អាជ្ញាធរថៃបានតម្រូវឲ្យបំពេញបែបបទគ្រប់បែបយ៉ាងទាំងអស់ អាជ្ញាធរថៃមិនបានឲ្យតំលៃមកលើជនជាតិខ្មែរដូចដែលអាជ្ញាធរខ្មែរឲ្យតម្លៃលើជនជាតិថៃនោះទេ»។
លោក ស៊ុំ ច័ន្ទគា ប្រធានសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ។ លោកថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនបានឃើញសេចក្ដីប្រកាសផ្លូវការណាមួយពីរដ្ឋាភិបាលខ្មែរអនុញ្ញាតឲ្យជនជាតិថៃចូលមកទឹកដីខ្មែរដើម្បីទទួល ថាក់ ស៊ីន នៅខេត្តសៀមរាបនោះទេ។ ក្រុមអាវក្រហមថៃបានធ្វើដំណើរចូលទឹកដីខ្មែរ ប៉ុន្តែអាជ្ញាធរខ្មែរពុំចាត់វិធានការត្រួតពិនិត្យលិខិតឆ្លងដែនពលរដ្ឋថៃទាំងនោះទេ ៖ «ប៉ុន្តែខ្មែរយើងចូលទៅប្រទេសថៃវិញ ជាមន្ត្រីរាជការផងដែលចូលជិតៗព្រំដែន យើងចូលត្រឹមអារ៉ាញ់ ចូលទៅប្រជុំអី យើងមានឈ្មោះត្រឹមត្រូវបញ្ជូនទៅ មានការឆែកពិនិត្យមើលគ្រប់គ្រាន់ទើបថៃបានឲ្យចូល យើងគួរធ្វើយ៉ាងណាដើម្បីឲ្យមានសមភាព ព្រោះប្រជាពលរដ្ឋខ្មែរចូលទៅទឹកដីថៃ ក៏គេពិនិត្យដូចគ្នាដែរ អ៊ីចឹងដើម្បីជៀសវាងប៉ះពាល់ទៅលើអំពើភេរវកម្មណាមួយ ដែលអាចកើតឡើងនៅក្នុងប្រទេសកម្ពុជាទាក់ទិនសន្តិសុខប្រទេសជាតិមិនសូវល្អដែរ»។
លោកបញ្ជាក់ថា បញ្ហានេះ អាជ្ញាធរខ្មែរត្រូវពិនិត្យលើគោលការណ៍ច្បាប់ដូចគ្នាទៅវិញទៅមក ព្រោះប្រជាពលរដ្ឋខ្មែរចូលទៅប្រទេសថៃត្រូវបានអាជ្ញាធរថៃរឹតបណ្ដឹងច្បាប់យ៉ាងខ្លាំង។ ការបណ្ដែតបណ្ដោយរបស់អាជ្ញាធរខ្មែរ នាំឲ្យមានការព្រួយបារម្ភ ព្រោះពុំមាននរណាម្នាក់ដឹងច្បាស់ទេ ថាពលរដ្ឋថៃនោះសុទ្ធតែជាក្រុមអាវក្រហមស្មោះត្រង់នឹងលោក ថាក់ ស៊ីន ប៉ុន្តែក្នុងចំណោមនោះ ក៏អាចមានក្រុមជនខិលខូចបង្កបញ្ហាប៉ះពាល់ដល់សន្តិសុខប្រទេសជាតិខ្មែរថែមទៀត។
នៅក្នុងការផ្ដួចផ្ដើមឲ្យមានសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ ប្រទេសទាំង១០ ជាសមាជិកអាស៊ាន នឹងចែករំលែកបទពិសោធន៍គ្នា ទាំងការងារព្រំដែន វប្បធម៌ បច្ចេកវិជ្ជារួមគ្នានោះ លោកស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាគិតគូរពីទង្វើអាជ្ញាធរថៃ ដែលប្រព្រឹត្តិមកលើប្រជាពលរដ្ឋខ្មែរ។ លោកថា អាជ្ញាធរថៃធ្វើទុក្ខបុកម្នេញមកលើអ្នកដំណើរដែលជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែន៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
