រដ្ឋលេខាធិការក្រសួងការពារជាតិ លោកនាយឧត្ដមសេនីយ៍ នាង ផាត នៅថ្ងៃទី១៤ កក្កដា មានប្រសាសន៍ថា ក្នុងការចរចាគ្នារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានបង្ហាញនូវលទ្ធផលថ្មីមួយ បន្ទាប់ពីកិច្ចប្រជុំអាស៊ាននៅភ្នំពេញ បានបញ្ចប់។ លទ្ធផលថ្មីនោះភាគីទាំងពីរបានសម្រេចកែសម្រួលកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហាររៀងៗខ្លួន។ លោកបន្តថា ចំពោះភាគីកម្ពុជា នឹងដកទ័ពចេញ ហើយជំនួសទៅវិញដោយកំលាំងនគរបាល និងក្រុមអ្នកអភិរក្ស។
លោក នាង ផាត បញ្ជាក់ថា ចំពោះភាគីថៃ មិនទាន់ដឹងថា គេកែសម្រួលទ័ពយ៉ាងណានោះឡើយ៖ «ការធ្វើយ៉ាងម៉េចយើងមិនដឹងទេ ភាគីខាងថៃ នាយករដ្ឋមន្ត្រីទាំងពីរជួបគ្នា ឯកភាពគ្នាកែសម្រួលកងទ័ព ហើយនីតិវិធីលើកងទ័ពនីមួយៗ»។
លោក នាង ផាត បន្តថា កម្ពុជាដាក់នគរបាលជំនួសទាហានចូលក្នុងតំបន់នោះវិញ បានន័យថា នគរបាលកាន់អាវុធធុនស្រាល មិនមែនបានន័យថា គ្មានអាវុធសោះនោះឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី១៣ កក្កដា បានប្រកាសក្រោយបញ្ចប់កិច្ចប្រជុំអាស៊ានថា កម្ពុជានឹងដកកងទ័ពជាឯកតោភាគីចេញពីតំបន់ប្រាសាទព្រះវិហារតាមសេចក្ដីបង្គាប់របស់តុលាការអន្តរជាតិទីក្រុងឡាអេ។
យ៉ាងណាក៏ដោយ អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា លោកបណ្ឌិត សុខ ទូច យល់ថា ការកែសម្រួលកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារនេះ ជាការដើរបញ្ច្រាសសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា ទៅតុលាការក្រុងឡាអេ កាលពេលកន្លងទៅ។ លោកបន្តថា ស្ថានការណ៍ដកទ័ពរបស់កម្ពុជា និងថៃ គឺមានការប្រែប្រួលឆាប់រហ័សពេក។
លោក សុខ ទូច បញ្ជាក់ថា ការដកទ័ព ឬមិនដកទ័ពចេញពីទឹកដីកម្ពុជា ភាគីកម្ពុជា មិនចាំបាច់សុំសេចក្ដីសម្រេចពីភាគីណាមួយនោះទេ៖ «ការដក ឬសម្រួលកងទ័ពណាមួយចេញពីទឹកដីរបស់ខ្លួន មិនមែនជារឿងចំណេញនយោបាយការបរទេសទេ ជារឿងទន់ខ្សោយខាងការពារជាតិ»។
លោក សុខ ទូច បន្តថា ការចរចារវាងភាគីកម្ពុជា និងថៃ ធ្វើរំលងសេចក្ដីបង្គាប់របស់តុលាការក្រុងឡាអេ កាលពីថ្ងៃទី១៨ កក្កដា ២០១១ និងមើលរំលងភាគីឥណ្ឌូនេស៊ី ដែលជាអាជ្ញាកណ្ដាល។
សេចក្ដីជូនដំណឹងរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ បានបង្ហាញថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការកែសម្រួលកងទ័ពចំនួន ៤៨៥នាក់ ចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន (PDZ) តាមដីកាបង្កាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។
ការកែសម្រួលកងទ័ពក្នុងជំហានទី១នេះ គឺកែសម្រួលពីបរិវេណជុំវិញប្រាសាទព្រះវិហារ ដែលរួមមាន៖ ផ្សារជណ្តើរនាគ ជណ្តើរបុរាណខាងជើង ជណ្តើរបុរាណខាងកើត និងវត្តកែវសិក្ខាគីរីស្វារៈ ហើយជំនួសវិញដោយនគរបាលចំនួន ២៥៥នាក់ និងសន្តិសុខអភិរក្សប្រាសាទចំនួន ១០០នាក់។
យ៉ាងណាក៏ដោយ ភាគីថៃមិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយនិយាយពីការដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារនោះទេ។ អ្នកវិភាគសង្កេតឃើញថា នាពេលកន្លងទៅ អ្នកនយោបាយថៃ និងកម្ពុជា ពិភាក្សាគ្នាពីបញ្ហាកែសម្រួលទ័ពនៅតំបន់ប្រាសាទព្រះវិហារមិនមានប្រសិទ្ធភាព ព្រោះអ្នកនយោបាយរបស់ថៃ មិនមានឥទ្ធិពលបញ្ជាទ័ពនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។