មន្ត្រី​ខ្មែរ៖ កម្ពុជា-​ថៃ​​​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​១៨ កក្កដា

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​​កម្ពុជា ឲ្យ​ដឹង​ថា នឹង​មាន​ការ​កែ​សម្រួល​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១២ ខាង​មុខ។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នាង ផាត នៅ​ថ្ងៃ​ទី​១៤ កក្កដា មាន​ប្រសាសន៍​ថា ក្នុង​ការ​ចរចា​គ្នា​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បាន​បង្ហាញ​នូវ​លទ្ធផល​ថ្មី​មួយ បន្ទាប់​ពី​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ភ្នំពេញ បាន​បញ្ចប់។ លទ្ធផល​ថ្មី​នោះ​ភាគី​ទាំង​ពីរ​បាន​សម្រេច​កែ​សម្រួល​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​រៀងៗ​ខ្លួន។ លោក​បន្ត​ថា ចំពោះ​ភាគី​កម្ពុជា នឹង​ដកទ័ព​ចេញ ហើយ​ជំនួស​ទៅ​វិញ​ដោយ​កំលាំង​នគរបាល និង​ក្រុម​អ្នក​អភិរក្ស។

លោក នាង ផាត បញ្ជាក់​ថា ចំពោះ​ភាគី​ថៃ មិន​ទាន់​ដឹង​ថា គេ​កែ​សម្រួល​ទ័ព​យ៉ាង​ណា​នោះ​ឡើយ៖ «ការ​ធ្វើ​យ៉ាង​ម៉េច​យើង​មិន​ដឹង​ទេ ភាគី​ខាង​ថៃ នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ជួប​គ្នា ឯកភាព​គ្នា​កែ​សម្រួល​កងទ័ព ហើយ​នីតិវិធី​លើ​កង​ទ័ព​នីមួយៗ»

លោក នាង ផាត បន្ត​ថា កម្ពុជា​ដាក់​នគរបាល​ជំនួស​ទាហាន​ចូល​ក្នុង​តំបន់​នោះ​វិញ បាន​ន័យ​ថា នគរបាល​កាន់​អាវុធ​ធុន​ស្រាល មិន​មែន​បាន​ន័យ​ថា គ្មាន​អាវុធ​សោះ​នោះ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា បាន​ប្រកាស​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន​ថា កម្ពុជា​នឹង​ដក​កង​ទ័ព​ជា​ឯកតោ​ភាគី​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​តាម​សេចក្ដី​បង្គាប់​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ។

យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក​បណ្ឌិត សុខ ទូច យល់​ថា ការ​កែ​សម្រួល​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ជា​ការ​ដើរ​បញ្ច្រាស​សេចក្ដី​ជូន​ដំណឹង​ របស់​ក្រសួង​ការបរទេស​កម្ពុជា ទៅ​តុលាការ​ក្រុង​ឡាអេ កាល​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ស្ថានការណ៍​ដកទ័ព​របស់​កម្ពុជា និង​ថៃ គឺ​មាន​ការ​ប្រែប្រួល​ឆាប់​រហ័ស​ពេក។

លោក សុខ ទូច បញ្ជាក់​ថា ការ​ដកទ័ព ឬ​មិន​ដកទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ភាគី​កម្ពុជា មិន​ចាំបាច់​សុំ​សេចក្ដី​សម្រេច​ពី​ភាគី​ណា​មួយ​នោះ​ទេ៖ «ការ​ដក​ ឬ​សម្រួល​កងទ័ព​ណា​មួយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន មិន​មែន​ជា​រឿង​ចំណេញ​នយោបាយ​ការបរទេស​ទេ ជា​រឿង​ទន់​ខ្សោយ​ខាង​ការពារ​ជាតិ»

លោក សុខ ទូច បន្ត​ថា ការ​ចរចា​រវាង​ភាគី​កម្ពុជា និង​ថៃ ធ្វើ​រំលង​សេចក្ដី​បង្គាប់​របស់​តុលាការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ២០១១ និង​មើល​រំលង​ភាគី​ឥណ្ឌូនេស៊ី ដែល​ជា​អាជ្ញា​កណ្ដាល។

សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើ​ការ​កែ​សម្រួល​កងទ័ព​ចំនួន ៤៨៥​នាក់ ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន (PDZ) តាម​ដីកា​បង្កាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១។

ការ​កែ​សម្រួល​កងទ័ព​ក្នុង​ជំហាន​ទី​១​នេះ គឺ​កែ​សម្រួល​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​រួម​មាន៖ ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាង​ជើង ជណ្តើរ​បុរាណ​ខាង​កើត និង​វត្ត​កែវសិក្ខាគីរីស្វារៈ ហើយ​ជំនួស​វិញ​ដោយ​នគរបាល​ចំនួន ២៥៥​នាក់ និង​សន្តិសុខ​អភិរក្ស​ប្រាសាទ​ចំនួន ១០០​នាក់។

យ៉ាង​ណា​ក៏ដោយ ភាគី​ថៃ​មិន​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​ណា​មួយ​និយាយ​ពី​ការ​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ទេ។ អ្នក​វិភាគ​សង្កេត​ឃើញ​ថា នា​ពេល​កន្លង​ទៅ អ្នក​នយោបាយ​ថៃ និង​កម្ពុជា ពិភាក្សា​គ្នា​ពី​បញ្ហា​កែ​សម្រួល​ទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មិន​មាន​ប្រសិទ្ធភាព ព្រោះ​អ្នក​នយោបាយ​របស់​ថៃ មិន​មាន​ឥទ្ធិពល​បញ្ជា​ទ័ព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។