ក្រុម​និស្សិត​ចេញ​ញត្តិ​គាំទ្រ​ការ​បក​ស្រាយ​ពី​បញ្ហា​ព្រំដែន​របស់​នាយករដ្ឋមន្ត្រី

នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា នេះ មាន​និស្សិត​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន បាន​នាំ​គ្នា​ចេញ​ញត្តិ​ផ្សេងៗ​គ្នា ដែល​មាន​ខ្លឹមសារ​គាំទ្រ​ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​ព្រំដែន នៅ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ សីហា សប្ដាហ៍​មុន។

ខ្លឹមសារ​មួយ​នៅ​ក្នុង​ញត្តិ​នោះ បាន​សរសេរ​ថា ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​គណៈកម្មាធិការ សមាជិក សមាជិកា​សមាគម​និស្សិត​បាន​ទទួល​ចំណេះដឹង និង​យល់​កាន់​តែ​ច្បាស់ ហើយ​កោត​សរសើរ​ដ៏​ស្មោះ​ចំពោះ​គំរូ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក។

យ៉ាង​ហោច​ណាស់ មាន​ញត្តិ​ចំនួន ៧ ដែល​ចេញ​នៅ​ថ្ងៃ​នេះ មាន​ដូច​ជា​សមាគម​និស្សិត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ថិតិ សមាគម​និស្សិត​ជាតិ​ពាណិជ្ជសាស្ត្រ សកល​វិទ្យាល័យ​ភ្នំពេញ វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស សកល​វិទ្យាល័យ​ខេត្ត​ស្វាយរៀង វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​កង​យោធពល​ខេមរៈ​ភូមិន្ទ និង​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។