ប្រជាពលរដ្ឋខ្មែរដែលរស់នៅជាប់តំបន់កំពុងមានជម្លោះព្រំដែនខ្មែរថៃបានឲ្យដឹងថា មានអ្នកភូមិមួយចំនួនបានចាកចេញពីទីលំនៅរបស់គេដែលនៅជាប់ព្រំដែនជាបណ្តោះអាសន្នដោយសារតែការភ័យខ្លាចក្រែងមានការប៉ះប្រយុទ្ធគ្នា ខណៈដែលរដ្ឋាភិបាលខ្មែរថៃកំពុងឆ្លើយឆ្លងពាក្យសម្ដីធ្ងន់ៗរកគ្នាជុំវិញបញ្ហាប្រាសាទព្រះវិហារនិងជម្លោះព្រំដែននៅតំបន់នោះ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
តាមប្រជាពលរដ្ឋនៅលើខ្នងភ្នំនៃភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ថា អ្នកភូមិរបស់គាត់ប្រមាណ៦០គ្រួសារបានចាកចេញជាបន្តបន្ទាប់ដោយសារតែការភ័យខ្លាចបញ្ហាជម្លោះព្រំដែនដែលកាលពីម្សិលមិញគេបានឃើញថៃបានដឹកជញ្ជូនទាហានឈុតខ្មៅខ្លះមកដាក់យាមពេលយប់នៅមុខព្រំដែនជិតភូមិប្រជាពលរដ្ឋខ្មែររស់នៅ ៖ «ឃើញម្សិលមិញ ពណ៌ខ្មៅ ពេលយប់វាចល័តទ័ពវាមកដេកនៅជួរមុខឯណេះ»។
ចំណែកនៅច្រកជាំសាង៉ាំ ស្រុកអន្លងវែង ត្រូវបានគេអះអាងថា មានអ្នកភូមិមួយចំនួនតូចក៏បានចាកចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដែរ។
កងយោធាខ្មែរមួយរូបនៅតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារបានមានប្រសាសន៍ដែរថា ស្ថានភាពប្រឈមមុខដោយយោធាស្ថិតក្នុងសភាពធម្មតាទេ ក៏ប៉ុន្តែកាលពីថ្ងៃទី២៥-២៦ ថៃបានបើកយន្តហោះក្រវែលជាច្រើនជុំនៅជិតៗតំបន់ជម្លោះព្រំដែនជាច្រើនកន្លែង។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទដែលកំពុងគ្រប់គ្រងយោធាខ្មែរនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ជា តារា បានមានប្រសាសន៍ថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងទាហានខ្មែរថៃនៅតាមតំបន់ជម្លោះព្រំដែនជាច្រើនកន្លែងនៅថ្ងៃសៅរ៍មិនមានភាពតឹងតែងទេ ហើយកម្ពុជាមានការរៀបចំកម្លាំងយោធាមែនសម្រាប់ប្រើសិទ្ធិការពារខ្លួន តែមិនមានគំនិតឈ្លានពានទឹកដីនរណាទេ។
លោកឧត្តមសេនីយ៍ឯក ជា តារា បានបញ្ជាក់ថា ៖ «នៅតាមបណ្ដោយព្រំដែនថ្ងៃនេះអត់មានសភាពការណ៍តានតឹងទេ។ បញ្ជារបស់សម្ដេចតេជោបានប្រកាសហើយ កម្ពុជាមានការរៀបចំកម្លាំងមែន ប៉ុន្តែសិទ្ធិស្វ័យការពារ មិនមានគំនិតឈ្លានពានទឹកដីនរណាទេ»។
តាមកាសែត THE NATION ប្រចាំទីក្រុងបាងកក បានដកស្រង់យកសម្ដីមេបញ្ជាការយោធភូមិភាគទី២របស់ថៃ លោក វិប៊ុនសាក់នីផាន ចេញផ្សាយថ្ងៃសៅរ៍ថា ស្ថានការណ៍ប្រឈមមុខគ្នារវាងទាហានខ្មែរថៃនៅក្នុងបញ្ហាជម្លោះព្រំដែនកំពុងស្ថិតក្នុងភាពតឹងតែង។
លោក វិប៊ុនសាក់នីផាន បានមានប្រសាសន៍ថា អ្នកនយោបាយនៃប្រទេសទាំងពីរគួរតែរកការដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស បើមិនដូច្នេះទេប្រសិនបើស្ថានការណ៍កើតកាន់តែខ្លាំងឡើងៗវានឹងមានអំពើហិង្សាជាច្រើន។
បញ្ហានេះដែរការសែតថៃ BANGKOK POST បានផ្សាយថា គណៈប្រតិភូថៃ១៥រូបដែលក្នុងនោះឧបនាយករដ្ឋមន្ត្រី លោក Suthep Thaugsuban និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit wong suwon ដែរ បានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញនាថ្ងៃសៅរ៍ដើម្បីជួបជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ប៉ុន្តែគណៈប្រតិភូថៃអះអាងថា គេនឹងមិនធ្វើការជជែកអំពីការដកកងទ័ពថៃចេញពីតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារទេ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.