ស្ថានភាព​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ ថ្ងៃ​៣១ តុលា

មន្ត្រី​យោធា​ខ្មែរ​ជាន់​ខ្ពស់​បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ទាហាន​ខ្មែរ​-​ថៃ​នៅ​តំបន់​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​មាន​សភាព​ជា​ធម្មតា មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ បើ​ទោះ​បី​មួយ​រយៈ​មក​នេះ​គេ​បាន​បញ្ជា​ឲ្យ​កង​ទាហាន​ខ្មែរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក៏​ដោយ។

0:00 / 0:00

អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​កំពុង​គ្រប់គ្រង​កង​ទ័ព​ខ្មែរ​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​តុលា ថា ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​-​ថៃ​មាន​ភាព​ស្ងប់​ស្ងាត់​ចាប់​តាំង​ពី​មេ​បញ្ជាការ​យោធ​ភូមិភាគ​ទី​២​របស់​ថៃ លោក​ឧត្តម​សេនីយ៍ វិរលីត​ចន​សាំរីទ្ធ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នោះ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា​មក។

លោក​ឧត្តមសេនីយ៍​ឯក ជា តារា បាន​បញ្ជាក់​ថា ៖ «សភាពការណ៍​មាន​ការ​ស្ងប់​ស្ងាត់​ល្អ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា កម្លាំង​របស់​ខ្ញុំ​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​អនុវត្ត​បទបញ្ជា​ក្នុង​សិទ្ធិ​ស្វ័យ​ការពារ​មួយ​មីលីម៉ែត្រ​ក៏​មិន​ឲ្យ​បាត់​ដែរ តាម​បទបញ្ជា​របស់​សម្តេច​តេជោ មិន​មាន​ចំណុច​ណា​ដែល​ហៅ​ថា រំលោភ​ឈ្លានពាន​ទេ ម៉ោង​នេះ!»

ពល​ទាហាន​ខ្មែរ​មួយ​រូប​ដែល​កំពុង​ប្រចាំការ​ការពារ​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​ស្ថានភាព​ប្រឈម​មុខ​ដោយ​កង​ទ័ព​ខ្មែរ​ថៃ​តាម​តំបន់​ជា​ច្រើន​មាន​ការ​ស្ងប់​ស្ងាត់ ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា គេ​បាន​ដឹង​ថា ថៃ​បាន​បន្ថែម​ទាហាន​មួយ​ចំនួន​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ប្រាសាទ​ព្រះវិហារ ៖ «គ្រប់​ចំណុច​វា​អត់មាន​អ្វី​ទេ ប៉ុន្តែ​នៅ​ស្ពាន​ដែក មុខ​ប្រាសាទ​ព្រះវិហារ នៅ​មុខ​យើង ដូច​ថា​វា​កើន​បន្តិច​បន្តួច»

មេ​បញ្ជាការ​កងពល​ធំ​អន្តរាគមន៍​លេខ​៣​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​គ្រប់គ្រង​កម្លាំង​យោធា​ខ្មែរ​តំបន់​នោះ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ចំពោះ​ព័ត៌មាន​ដែល​ថា ទាហាន​ថៃ​បាន​បន្ថែម​នៅ​តំបន់​ជួរ​មុខ​ប្រាសាទ​ព្រះ​វិហារ​នោះ​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្តូរ​កម្លាំង​ប៉ុណ្ណោះ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ផ្លាស់​ប្តូរ​កម្លាំង​របស់​វា​ទេ អា​ហ្នឹង​ធម្មតា វា​ដឹក​ជញ្ជូន​ចុះ​ឡើងៗ​ដូច​តែ​យើង​ដែរ វា​អត់​ទាន់​មាន​អ្វី​ដែល​យើង​ត្រូវ​ចាប់​អារម្មណ៍​ទេ។ តែ​យើង​នៅតែ​ប្រយ័ត្ន​អ៊ីចឹង ៣​នាក់​ក៏​យើង​ប្រយ័ត្ន ម្នាក់​ក៏​យើង​ប្រយ័ត្ន មិន​មាន​ក៏​យើង​ប្រយ័ត្ន។ វា​មិន​ទាន់​ល្អ​ទាំង​ស្រុង​សម្រាប់​យើង​ទេ វា​ទាល់​តែ​បោះ​បង្គោល​ព្រំដែន​ហើយ អា​ហ្នឹង​ជា​រឿង​ល្អ​១០០%»

កង​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា​កន្លង​មក គេ​បាន​ទទួល​បញ្ជា​ឲ្យ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ហើយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា នៅ​តំបន់​ជាំតែ ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ប្រាសាទ​ព្រះវិហារ គឺ​ទាហាន​ថៃ​មួយ​ក្រុម​បាន​យក​បន្លា​ស្រាស់​ផ្លូវ​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​ទៅ​ដង​ទឹក​អូរ​ប្រើប្រាស់ ប៉ុន្តែ​ទំនាស់​បាន​បញ្ចប់​ទៅ​វិញ​បន្ទាប់​ពី​មេ​បញ្ជាការ​យោធា​ខ្មែរ​-​ថៃ​បាន​ជួប​ប្រជុំ​និង​សម្រួល​បញ្ហា​ឡើង​វិញ​មក៕