ស្ថានភាព​ព្រំដែន​ខ្មែរ​-​ថៃ​នៅ​ភាគ​ពាយ័ព្យ​កម្ពុជា ថ្ងៃ​៥ តុលា

អាជ្ញាធរ​ខ្មែរ​បាន​ថ្លែង​ថា នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​ថៃ​នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​មិន​មាន​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​ទេ ប៉ុន្តែ​កម្លាំង​ការពារ​ព្រំដែន​នៅតែ​រឹត​បន្តឹង​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​៥ ខែ​តុលា ឆ្នាំ​២០០៨​នេះ។

ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​បញ្ហា​ព្រំដែន លោក សំ ជិត បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សមត្ថកិច្ច​និង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ព្រំដែន​ខ្មែរ​នៅតែ​ដាក់​តាម​គោលដៅ​នីមួយៗ​ដើម្បី​ការពារ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការឈ្លានពាន​ពី​ភាគី​ថៃ​ទេ។

លោក សំ ជិត បាន​ឲ្យ​ដឹង​ថា ៖ «យើង​នៅតែ​មាន​ការប្រុងប្រយ័ត្ន​តាម​ព្រំដែន ទោះ​ថា យើង​វា​មិន​មាន​អី​ដែល​ប្រែប្រួល​ដែរ​ក្រោយពី​ការផ្ទុះ​អាវុធ​ទាំងអស់​ហ្នឹង មិន​មែន​អី​ប្លែក​ដែរ»

ការអះអាង​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ថៃ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​៣ ខែ​តុលា បាន​ចល័ត​កងទ័ព​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​តាម​រថយន្ត​និង​មាន​អាវុធ​តូច​ធំ​នៅ​តាម​បណ្ដោយ​ព្រំដែន​ដែល​ជា​រូបភាព​គំរាម​មួយ​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ដល់​ស្ថានការណ៍​សន្តិសុខ​នៅ​តាម​ព្រំដែន។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរបីជាន់ លោកស្រី ដាវី បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​បើក​កិច្ចប្រជុំ​មួយ​ជា​បន្ទាន់​កាលពី​ថ្ងៃ​សៅរ៍ ទី​៤ តុលា ដើម្បី​ដាក់​ផែនការ​មួយចំនួន​ទប់ស្កាត់​និង​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​ធ្វើការ​នៅ​លើ​ទឹក​ដី​ថៃ។

លោកស្រី ដាវី បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ប្រជុំ ប្រជុំ​ពី​ការងារ​ខាង​ឃុំ​ហ្នឹង ហើយ​និង​រៀបចំ​ផែនការ​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ឡើង​ចេញ​ចូល​ទៅ​ថៃ​ហ្នឹង»

លោកស្រី​បាន​បញ្ជាក់​ថា ការកោះ​ប្រជុំ​គឺ​នៅ​ក្រោយពី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បាញ់​ប្រហារ​ទៅ​លើ​កងទ័ព​កម្ពុជា​នៅ​តំបន់​ភ្នំ​ទ្រព្យ ខេត្ត​ព្រះវិហារ។

អភិបាល​រង​ស្រុក​ថ្មពួក លោក ញឹក ឈួន បាន​ថ្លែង​ថា អាជ្ញាធរ​ស្រុក​នឹង​ចុះ​ធ្វើការ​អប់រំ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ដើម្បី​កុំ​ឲ្យ​មាន​ការព្រួយ​បារម្ភ ហើយ​ធ្វើ​ដំណើរ​ចាកចេញ​ពី​ផ្ទះ​សម្បែង។

លោក​អភិបាល​ស្រុក​បាន​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​នៅតែ​បន្ត​ការការពារ​យ៉ាង​ប្រុងប្រយ័ត្ន​និង​មិន​អនុញ្ញាត​ឲ្យ​ភាគី​ថៃ​ចូល​មក​ឈ្លានពាន​ឡើយ។

លោក ញឹក ឈួន បាន​ថ្លែង​បន្ត​ថា ក្រៅពី​កងទ័ព​ថៃ​បាន​ធ្វើ​សកម្មភាព​ចល័ត​ទ័ព​ជាមួយ​នឹង​រថយន្ត​គ្រឿង​សព្វាវុធ​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​ក្រវាត់​ព្រំដែន​ថៃ កាលពី​យប់​ថ្ងៃ​សុក្រ នៅ​ច្រក​ប្រាសាទ​ត្បែង ថៃ​បាន​យក​រថពាស​ដែក​ចំនួន​៤​គ្រឿង​និង​គ្រឿង​សព្វាវុធ​មួយចំនួន​ទៀត​ដាក់​ត្រៀម​នៅ​ទី​នោះ​ផងដែរ។

រដ្ឋាភិបាល​ខ្មែរ​កាលពី​ថ្ងៃ​សៅរ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ជុំវិញ​ការបាញ់​ប្រហារ​គ្នា​មួយ​ឈុត​នៅ​ព្រលាន​ឥន្ទ្រី តំបន់​ភ្នំ​ទ្រព្យ ខេត្ត​ព្រះវិហារ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​ទៅ ថា បង្ក​ឡើង​ដោយ​ភាគី​ទាហាន​ឈុត​ខ្មៅ​ថៃ ហើយ​បាន​ទាមទារ​ឲ្យ​ថៃ​បញ្ឈប់​កុំ​ឲ្យ​មាន​ហេតុការណ៍​បាញ់​ប្រហារ​នេះ​បន្ត​ទៅ​ទៀត។

គួរ​បញ្ជាក់​ថា ការផ្ទុះ​អាវុធ​រយៈពេល​ប្រហែល​ជា​១០​នាទី​ដែល​បង្ក​ឡើង​ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បង្ខំ​ឲ្យ​កងទ័ព​រដ្ឋាភិបាល​ខ្មែរ​បើក​ការបាញ់​ការពារ​ខ្លួន​បក​ទៅ​វិញ បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង ក្នុង​នោះ​កងទ័ព​ខ្មែរ​រង​របួស​ម្នាក់​និង​ទាហាន​ឈុត​ខ្មៅ​ថៃ​រង​របួស​ចំនួន​២​នាក់៕