អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៥ ខែសីហា ថា កិច្ចពិភាក្សាជាមួយអាជ្ញាធរខេត្តអ៊ូប៊ុនរ៉ាត់ថានី ធ្វើឡើងដើម្បីត្រួតពិនិត្យតាមគោលការណ៍រដ្ឋាភិបាល ដែលដំឡើងច្រកទ្វារអានសេះ ទៅជាច្រកទ្វារអន្តរជាតិ។ លោកបន្តថា ភាគីទាំងពីរមិនទាន់បានជជែកគ្នាលំអិតពីផែនការដែលត្រូវដំឡើងច្រកអានសេះ ឲ្យទៅច្រកទ្វារអន្តរជាតិនៅឡើយទេ។ តែជាបឋម ភាគីទាំងពីរបានពិនិត្យមើលស្ថានភាពរស់នៅរបស់ពលរដ្ឋនៅតាមព្រំដែន និងការនាំទំនិញចេញចូលលក់ដូរនៅតាមច្រកនោះ។
លោក អ៊ុំ ម៉ារ៉ា បញ្ជាក់ថា ភាគីកម្ពុជានឹងត្រៀមរៀបចំផែនការមេមួយ សម្រាប់ត្រៀមអភិវឌ្ឍនៅតំបន់អានសេះ ឲ្យទៅជាតំបន់ប្រជុំជនមួយដោយមានសំណង់អាគារ និងរៀបចំរចនាសម្ព័ន្ធការិយាល័យរដ្ឋបាលថ្នាក់តំបន់ ជាពិសេសធ្វើផ្លូវកៅស៊ូពីជើងភ្នំឡើងទៅច្រកភ្នំអានសេះ។ គម្រោងទាំងនោះលោកនៅមិនទាន់ច្បាស់ថានឹងត្រូវចំណាយថវិកាប៉ុន្មាននៅឡើយទេ ដោយថវិកាគម្រោងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។
គម្រោងអភិវឌ្ឍន៍នេះធ្វើឡើងនៅគ្រាដែលរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាដំឡើងច្រកទ្វារអានសេះ ពីច្រកទ្វាររបៀងធម្មតា ទៅច្រកទ្វារអន្តរជាតិសម្រាប់ប្រទេសកម្ពុជា-ថៃ។
លោក អ៊ុំ ម៉ារ៉ា មិនទាន់អាចកំណត់កាលបរិច្ឆេទនៃថ្ងៃសម្ពោធជាផ្លូវការនូវច្រកទ្វារអន្តរជាតិអានសេះទេ ដោយបញ្ជាក់ថា ច្រកទ្វារនេះក្លាយជាច្រកទ្វារអន្តរជាតិបាន លុះត្រាណាតែផែនការមេនៃសំណង់រដ្ឋបាលចាត់តាំង និងផ្លូវថ្នល់ទៅច្រកទ្វារអានសេះ សាងសង់ចប់សព្វគ្រប់សិន។
លោក អ៊ុំ ម៉ារ៉ា៖ «ត្រូវមានប្លង់មេដើម្បីកំណត់តំបន់រដ្ឋបាលច្រករបស់យើង កន្លែងណាធ្វើកន្លែងតំបន់រដ្ឋបាលនៃក្រុមអន្តោប្រវេសន៍នៃស្ថាប័នជំនាញផ្សេងៗ នៃគយមានកាំកុងត្រូលអីអ៊ីចឹង វាមានអាគាររដ្ឋបាលរបស់វា»។
ច្រកព្រំដែនអានសេះ មានចំងាយប្រមាណជាង ៣០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងកើតពីតំបន់ប្រាសាទព្រះវិហារ។
អភិបាលខេត្តព្រះវិហារ សង្ឃឹមថា ក្រោយពីប្រែក្លាយច្រកអានសេះ ឲ្យទៅជាច្រកទ្វារអន្តរជាតិ ដូចច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នោះ ខេត្តនេះអាចស្រូបទាញភ្ញៀវទេសចរណ៍មកទស្សនានៅប្រទេសកម្ពុជា បានច្រើន។ ម្យ៉ាងទៀតគេរំពឹងថា ទំនិញមួយចំនួន ជាពិសេសទំនិញផ្នែកកសិកម្ម អាចនាំចេញចូលមកកាន់កម្ពុជា និងថៃ បានស្រួលជាងមុន។
បច្ចុប្បន្នប្រទេសកម្ពុជា មានច្រកព្រំដែនគោកអន្តរជាតិចំនួន ១៥ គឺច្រកត្រពាំងគ្រាល ខេត្តស្ទឹងត្រែង ច្រកអូរយ៉ាដាវ ខេត្តរតនគិរី ច្រកត្រពាំងស្រែ ខេត្តក្រចេះ ច្រកត្រពាំងផ្លុង ខេត្តកំពង់ចាម ច្រកបាវិត និងច្រកព្រៃវល្លិ ខេត្តស្វាយរៀង ច្រកបន្ទាយចក្រី ខេត្តព្រៃវែង ច្រកក្អមសំណរ ខេត្តកណ្ដាល ច្រកភ្នំឌិន ខេត្តតាកែវ ច្រកព្រែកចាក ខេត្តកំពត ច្រកចាំយាម ខេត្តកោះកុង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកអូរស្មាច់ និងខេត្តជាំក្រវៀន ខេត្តឧត្តរមានជ័យ និងជាច្រកដូង ខេត្តបាត់ដំបង។
កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ជួបពិភាក្សាជាមួយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (YingLuck Shinawatra) នាយករដ្ឋមន្ត្រីថៃ នៅខេត្តឯខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានព្រមព្រៀងក្នុងការបើកច្រកអានសេះ ឲ្យក្លាយទៅជាច្រកអចិន្ត្រៃយ៍ ហើយភាគីទាំងពីរនឹងធ្វើការពិនិត្យរួមគ្នាជាបន្តទៀត ថាតើនឹងគួរបើកច្រកព្រំដែនបន្ត ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចទទួលបានផលប្រយោជន៍ពីការបើកច្រកព្រំដែនកម្ពុជា-ថៃ ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។