កុមារ​បុរី​កីឡា​រស់​នៅ​កន្លែង​ថ្មី​មិន​ទទួល​បាន​ការ​អប់រំ

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​អប់រំ បាន​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​បាត់​បង់​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​របស់​កុមារ​កូន​ចៅ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បុរី​កីឡា។
ដោយ ខែ សុណង
2012-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បុរី​កីឡា ៣០៥
៤-មករា-២០១២៖ កុមារី​ទាំង​នេះ​កំពុង​សម្លឹង​រក​សៀវភៅ​សិក្សា​ក្រោម​គំនរ​បាក់បែក បន្ទាប់​ពី​គ្រឿង​ចក្រ​ក្រុមហ៊ុន ផានអ៊ីមិច ឈូស​កម្ទេច​ផ្ទះ​នាង​អស់។
RFA/Sek Bandith

ការ​ខក​ខាន​មិន​បាន​រៀន​សូត្រ​របស់​កុមារ​ទាំង​នោះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​យក​ទីតាំង​ដែល​ពួក​គេ​កំពុង​រស់​នៅ ធ្វើ​តំបន់​អភិវឌ្ឍន៍ ហើយ​ដោះ​ដូរ​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​នោះ។

អតីត​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ដែល​រដ្ឋាភិបាល​ដោះដូរ​ឲ្យ​ទៅ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​ឧត្ដុង្គ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កំពុង​អស់​សង្ឃឹម​ចំពោះ​អនាគត​កូន​ចៅ​របស់​ពួក​គេ ដែល​បច្ចុប្បន្ន​មិន​បាន​ទៅ​រៀន។

អតីត​អ្នក​បុរី​កីឡា លោក អ៊ុំ អារុណ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ថា កុមារ​មក​ពី​បុរី​កីឡា​ជា​ច្រើន រួម​ទាំង​កូនៗ​របស់​លោក​ផង មិន​បាន​ចូល​រៀន​ទេ រហូត​មក​ដល់​ថ្ងៃ​នេះ។ លោក​ថា ហេតុផល​សំខាន់​នោះ ចាប់​តាំង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​យក​ពួក​គាត់​មក​រស់​នៅ​តំបន់​នេះ ពួក​គាត់​រស់​នៅ​ក្រោម​តង់​កៅស៊ូ​ប្រក់​ជា​ដំបូល ពុំ​ទាន់​ឃើញ​មាន​ការ​បែង​ចែក​កម្មសិទ្ធិ​ដីធ្លី ត្រង់​ណា​ជាក់​លាក់​ដល់​ពួក​គាត់​នៅ​ឡើយ។

លោក អ៊ុំ អារុណ៖ «គ្រួសារ​ដែល​នៅ​ក្នុង​តង់​នោះ ដូច​អត់​បាន​ចូល​រៀន វា​អត់​មាន​ផ្ទះ​អ៊ីចឹង​ណា។ សូម្បី​ទៅ​ចុះ​ឈ្មោះ​សាលា ក៏​គេ​មិន​ឲ្យ​ផង ព្រោះ​អី​គេ​ថា យើង​មិន​ទាន់​មាន​ផ្ទះ​ដី​ពិត​ប្រាកដ​អ៊ីចឹង។ វា​ពិបាក​ទាំង​ចុះ​ឈ្មោះ។ បើ​ថា​បើ​ឲ្យ​ចូល​សាលា​ពិតប្រាកដ អាណោចអាធ័ម​មែន នៅ​ក្នុង​តង់​ហ្នឹង។ អត់​ទាន់​មាន​គ្រួសារ​ណា​មួយ បាន​កូន​ចូល​សាលា​ផង។ សម័យ​នេះ គេ​ត្រូវ​ការ​ក្មេង​រៀន​សូត្រ​ចេះ​ដឹង ដល់​ពេល​គ្នា​អត់​បាន​ចូល​សាលា​អញ្ចឹង ខ្ញុំ​ដូច​ជា​អាណិត ហើយ​អាណោចអាធ័ម​មែន​ទែន។ សូម្បី​កូន​ខ្ញុំ​នែ ខ្ញុំ​កំពុង​បារម្ភ​គ្នា វា​ធំ​ដឹង​ក្ដី​ទៅ មិន​ដឹង​យ៉ាង​ម៉េច បើ​អត់​ទាន់​មាន​ផ្ទះ»

រដ្ឋាភិបាល​បាន​ប្រគល់​តំបន់​បុរី​កីឡា​ទៅ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច អភិវឌ្ឍន៍​ជា​ផ្ទះ​ល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​សម្រាប់​លក់​តាំង​ពី​ឆ្នាំ​២០០៣។

កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​សន្តិសុខ​ក្រុមហ៊ុន ផានអ៊ីមិច កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ ក្នុង​សហគមន៍​បុរី​កីឡា ហើយ​ដឹក​ពួក​គាត់​ទៅ​ទី​តាំង​ថ្មី នៅ​តំបន់​ទួល​សម្បូរ ក្នុង​ខណ្ឌ​ដង្កោ និង​មួយ​ចំនួន​ទៀត ទៅ​ក្បែរ​ជើង​ភ្នំ​ឧត្ដុង្គ គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ទីតាំង​ថ្មី​នោះ​ហើយ ដែល​ផ្ដល់​នូវ​ការ​លំបាក​ដល់​ពួក​គាត់។

ស្ត្រី​អតីត​អ្នក​បុរី​កីឡា​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ថា អាណាព្យាបាល​មិន​បាន​ឲ្យ​កូន​ទៅ​រៀន​ទេ ដោយ​សារ​តែ​ក្ដី​បារម្ភ​ដោយ​ខ្លួន​ឯង។ ក្ដី​បារម្ភ​នោះ​គឺ ដោយ​សារ​តែ​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ពួក​គាត់​ទៅ​រស់នៅ​តំបន់​ថ្មី​នោះ ពុំ​ទាន់​មាន​ការ​បែង​ចែក​ដី​ឲ្យ​ពួក​គាត់​ច្បាស់​លាស់​នៅ​ឡើយ។ ហើយ​អាជ្ញាធរ​ក៏​មិន​ទាន់​បាន​ចេញ​លិខិត​សម្គាល់​ដែរ។ ដូច្នេះ ពេល​ពួក​គេ​ទៅ​សុំ​សាលា​ចូល​រៀន គេ​តែង​បដិសេធ។

ស្ត្រី​អតីត​អ្នក​បុរី​កីឡា៖ «ក្មេងៗ​ភាគ​ខ្លះ បាន​ទៅ​រៀន ភាគ​ខ្លះ​អត់។ និយាយ​ទៅ អត់​បាន​ទៅ​រៀន​ច្រើន​ជាង។ អត់​បាន​ដី​បាន​ធ្លី​អីចឹង ក្មេង​ទៅ​រៀន​ទៅ ខ្លាច​អត់​បាន​ដី​នៅ​ហ្នឹង​អីចឹង។ ហើយ​អត់​មាន​ទី​លំនៅ​ពិត​ប្រាកដ។ បើ​យើង​ដឹង​ថា ខ្លួន​យើង​បាន​ទីលំនៅ​ពិត​ប្រាកដ បាន​អាច​ឲ្យ​កូន​បាន​ចូល​រៀន​ចូល​អី​នឹង​គេ»

តំណាង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា លោក ទូច ខន បាន​អះអាង​ថា មាន​កុមារ​តិច​តួច​ណាស់​ដែល​មាន​វាសនា​បាន​រៀន​សូត្រ ដោយ​សារ​តែ​សប្បុរសជន និង​អង្គការ​មនុស្សធម៌​ជួយ​ពួក​គេ​តែ​ប៉ុណ្ណោះ។

លោក ទូច ខន៖ «ក្មេង​រៀន​នៅ​ទីនេះ​បាន​តែ​១៥​នាក់។ ១៥​នាក់​នោះ ដោយ​សារ​បវរកញ្ញា តៃវ៉ាន់ គាត់​ជួយ​ជា​កង់ ១៥​គ្រឿង រៀន​នៅ​ខាង​កើត​ភ្នំ ចេញ​ពី​ហ្នឹង​ទៅ​ប្រហែល​ជា​ដី ៣​គីឡូ។ ក្រៅ​ពី​ហ្នឹង បាន​រៀន​ទៅ​រៀន​ខាង​កន្លែង យេស៊ូ។ ក្មេង​តូចៗ រៀន​មត្តេយ្យ​រៀន​អីចឹង​ទៅ ប្រហែល​ជា ២៥​នាក់។ ក្រៅ​ពី​ហ្នឹង​ទៀត គាត់​ទៅ​តាម​ម្ដាយ​ទៅ​រៀន​នៅ​ភ្នំពេញ»

នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ជំពូក​ទី​៦ អំពី​ការ​អប់រំ វប្បធម៌ និង​សង្គម​កិច្ច ត្រង់​មាត្រា​៦៦ បាន​ចែង​ថា រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញ​លេញ និង​ឯកភាព​នៅ​ទូទាំង​ប្រទេស ដែល​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​សេរី ខាង​សិក្សាធិការ និង​គោលការណ៍​សមភាព​ក្នុង​ការ​អប់រំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប មាន​ភ័ព្វ​សំណាង​គ្រប់​គ្រាន់​ស្មើគ្នា ក្នុង​ការ​កសាង​ជីវិត។

មាត្រា​៦៨ ចែង​ថា រដ្ឋ​ផ្ដល់​កិច្ចការ​អប់រំ​ផ្នែក​បឋម និង​មធ្យមសិក្សា នៅ​សាលា​រៀន​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ដោយ​ឥត​បង់​ថ្លៃ។ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាង​តិច​ប្រាំ​បួន​ឆ្នាំ។

បើ​ទោះ​បី​ជា​មាន​ការ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​យ៉ាង​នេះ​ក្ដី ក៏​គេ​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​អប់រំ​ពេញ​លេញ​នៅ​ឡើយ ដោយ​សារ​តែ​កុមារ​គ្រប់​អាយុ​ចូល​សិក្សា​មួយ​ចំនួន បាន​បាត់​បង់​ឱកាស​របស់​ខ្លួន និង​បាន​បោះ​បង់​ការ​សិក្សា​នៅ​ពាក់​កណ្ដាល​ទី ដោយ​សារ​តែ​ស្ថានភាព​វិវាទ​ដីធ្លី។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​មតិ​ថា ទីតាំង​ថ្មី​ដែល​រដ្ឋាភិបាល​ដោះ​ដូរ​ឲ្យ​ពលរដ្ឋ​នោះ គួរ​តែ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវ ដែល​ក្នុង​នោះ មាន​ទាំង​មន្ទីរពេទ្យ និង​សាលា​រៀន​ជា​ពិសេស ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អប់រំ ឲ្យ​ស្រប​ទៅ​នឹង​គោលដៅ​សហស្សវត្ស​កម្ពុជា ព្រម​ទាំង​ផែន​ការ​ជាតិ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា។

លោក រ៉ុង ឈុន៖ «ជា​គោលការណ៍ ត្រូវ​តែ​មាន​មន្ទីរពេទ្យ មាន​សាលា​រៀន មាន​ទឹក មាន​ភ្លើង មាន​ផ្លូវ មាន​ផ្ទះ​នៅ មិន​មែន​យក​ប្រជាពលរដ្ឋ​ទៅ​ចាក់​ចោល​អត់​មាន​អ្វី​ទាំង​អស់​នោះ​ទេ។ ហើយ​អាជ្ញាធរ​ដែល​ឆ្លើយ​ថា អូ! ពួក​គាត់​មាន​ទីលំនៅ​មិន​ពិត​ប្រាកដ មិន​ហ៊ាន​ចុះ​ឈ្មោះ​ឲ្យ​គាត់​ចូល​រៀន អា​ហ្នឹង​វា​ខុស​មួយ​ទៀត។ តាម​ការ​ពិត គាត់​សុំ​ចុះ​ឈ្មោះ ត្រូវ​តែ​ចុះ​ឈ្មោះ​ឲ្យ​គាត់​បាន​បន្ត​ការ​សិក្សា។ ហើយ​បើ​សិន​ជា​ធ្វើ​តែ​របៀប​នេះ ផែន​ការ​សហស្សវត្ស​របស់​រដ្ឋាភិបាល​ថា​នឹង​ទទួល​បាន​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​យ៉ាង​តិច​៩​ឆ្នាំ​កម្រិត​មូលដ្ឋាន មិន​ទទួល​បាន​ជោគជ័យ​ទេ នៅ​បំណាច់​ឆ្នាំ​២០១៥ នេះ»

យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី ធ្លាប់​មាន​ប្រសាសន៍​ថា ដើម្បី​ជម្រះ​នូវ​ឧបសគ្គ​នានា ក្រសួង​បាន​ជំរុញ​ឲ្យ​មនុស្ស​ទទួល​បាន​ការ​អប់រំ​ទាំង​អស់​គ្នា។ លោក​ថា មាន​មនុស្ស​ចំនួន ៣​លាន​៥​សែន​នាក់ កំពុង​ទទួល​បាន​ការ​អប់រំ​នៅ​កម្ពុជា។ ចាប់​តាំង​ពី​កុមារ​តូច នៅ​ក្នុង​មត្តេយ្យ ទៅ​ដល់​បឋម មធ្យម​បឋម​ភូមិ មធ្យម​ទុតិយភូមិ ឡើង​ទៅ​ដល់​ថ្នាក់​ឧត្ដម​សិក្សា។

របាយការណ៍​សកល​លោក​តាម​ដាន​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​អង្គការ​សហប្រជាជាតិ (UNESCO) បាន​សរសេរ​ថា រដ្ឋាភិបាល​ភាគ​ច្រើន យក​ចិត្ត​ទុក​ដាក់​តិច​តួច ក្នុង​ការ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ល្អ ទាក់​ទង​នឹង​អ្នក​បាត់​បង់​ឱកាស​បំផុត​មួយ​ចំនួន ដូច​ជា កុមារ​លក់​កម្លាំង​ពលកម្ម ជន​ពិការ និង​កុមារ​រស់​នៅ​ក្នុង​សំណង់​អានាធិបតេយ្យ ឬ​តំបន់​ដាច់​ស្រយាល។

របាយការណ៍​ដដែល​បាន​សរសេរ​ថា ការ​ចាប់​ផ្ដើម​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​ចំនួន ២០% នៅ​ប្រទេស​កម្ពុជា បង្កើត​ឲ្យ​មាន​ការ​ប្រឈម​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ទទួល​បាន​ការ​អប់រំ​រយៈ​ពេល​តិច​ជាង ៤​ឆ្នាំ មាន​ន័យ​ថា បញ្ហា​កង្វះ​ការ​អប់រំ​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ កើន​ឡើង​ទ្វេដង​នៃ​មធ្យម​ភាគ​ថ្នាក់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Heartless Man

Cambodia govt. has to regard this matter as the critical one because all these children will be the pillar of development for the future and this problem is not beyond its affordability. It's very clear that the dog is going on barking and the ox cart keep on going i.e I don't care what you say just do what I want to do because c'est moi le coq. This is the ruling style in Cambodia so far.

Jun 24, 2012 11:27 AM

ឃួន​ស៊ីថា

ពី ស្រុកស្វាលើ,​ សៀមរាប

ខ្ញុំមានការ​អាណិតក្មេងទំាង​នោះណាស់​ ខ្ញុំរាស្រ្តខ្មែរមួយរូបមិនអាចជួយពួកគាត់បានគួរ ខ្មាស់ខ្លួនឯង។​ បើខ្ញុំជាអ្នកមាន រឺ រដ្ឋាភិបាល ត្រូវសងផ្ទះល្វែងនៅក្បែរនោះ​សំរាប់ចែកពួកគាត់តាមគ្រួសារ ក្រៅពីនេះដីនៅសល់និយោគអោយក្រុមហ៊ុនអភិវឌ្ឈ នេះសង្ឃឹមថាជាដំណោះស្រាយល្អចុះ។ តើបងៗអ្នកអាន និង វិទ្យុ ថាមិចដែរ?

Jun 23, 2012 07:54 PM

អាគួយសំរែ

ពី កាលោមប៊ុស

ក្ដីកង្វល់និងទុក្ខវេទនារបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកំ
ពុងពិចារណាឬមិនទាន់បានយកមកគឹតព្រោះមមាញឹកពេក
ក៍អាចនិយាយថានិងយកទៅពិចារណាគ្រាន់តាថាអាចអូស
បន្លាយយូរបន្ដិចទៅទៀត ដូចប្រសាសន៍លោក ហោណាំ
ហុងថា៖(គ្មាននណាស្រឡាញ់ជនជាតិជាងពួកយើង)ដូច្នេះ
មានតែត្រូវរងចាំត៍ទៅទៀតទម្រាំរាជរដ្ឋាភិបាលទទួលជំនួយ
ឥតសំណងឱ្យបានក្រាស់ក្រែលថែមទៀតដើម្បីបំពេញ....
លនិងល បើអាចសេសសល់ខ្លះក៍ប្រហែលមិនទាន់អាច
យកមកគិតពីបញ្ហារខ្វះទីលំនៅនិងសាលាសំរាប់ក្មេងរៀន
ផងក៍មិនដឹង?វេទនាៗសូមទុកឱកាសឱ្យរាជរដ្ឋាភិបាលយើង
បន្ដិចទៀតសិនទៅ។

Jun 23, 2012 04:18 AM