អាជ្ញាធរ​និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច​បញ្ចប់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា

សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ និង​កម្លាំង​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ផានអ៊ីម៉ិច នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​មករា បាន​អនុវត្ត​បញ្ចប់​ឱសានវាទ​ចុង​ក្រោយ និង​បិទ​ផ្លូវ​តវ៉ា​លើ​ករណី​ជម្លោះ​ដី​នៅ​តំបន់​បុរី​កីឡា។

0:00 / 0:00

អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​វត្តមាន​នៅ​លើ​ដី​ជម្លោះ​ក្នុង​តំបន់​នោះ​ទៀត​ឡើយ គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ នេះ។ ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​បាន​បណ្ដេញ​ចេញ​ពី​ដី​មាន​ជម្លោះ​នៅ​ពេល​នេះ​មាន​ចំនួន​ប្រមាណ​ជាង ២០០​គ្រួសារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​​​នោះ​មាន​ជិត ៣​ពាន់​គ្រួសារ។

កន្លែង​ដែល​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅ​ក្នុង​ទីលំនៅ​ថ្មី អាច​មាន​ពីរ​កន្លែង គឺ​នៅ​ទួល​សំបូរ​ ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត​នៅ​ភ្នំបាត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ។

ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ពី​ផ្ទះសម្បែង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ ដែល​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ទាំង​សង​ខាង ប្រមាណ ១០​នាក់។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន ៨​នាក់ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​ពន្ធនាគារ រង់ចាំ​កាត់​ទោស។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក សេក បណ្ឌិត៖

ពលរដ្ឋ​បន្ត​តវ៉ា​សុំ​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក​ជួយ

ពលរដ្ឋ​រស់​នៅ​តំបន់​បុរី​កីឡា​ប្រមាណ​ជិត ១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​ឲ្យ​មន្ត្រី​ទូត​អាមេរិក​ជួយ​ធ្វើ​អន្តរាគមន៍ និង​ផ្ដល់​ដំណឹង​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ទៅ​ប្រមុខ​រដ្ឋាភិបាល​អំពី​ការ​ដែល​អាជ្ញាធរ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ទៅ​ដល់​មុខ​ស្ថានទូត​នៅ​ម៉ោង​ជិត ៦​ល្ងាច ហើយ​ពួក​គេ​គ្រោង​សម្រាក​នៅ​លើ​សួន​ច្បារ​មុខ​ស្ថានទូត​ពេញ​មួយ​យប់​ ប៉ុន្តែ​អាជ្ញាធរ​ដែនដី​មិន​​អនុញ្ញាត។

លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ស្នាក់​នៅ​លើ​សួន​ច្បារ​នោះ​ជា​ដាច់​ខាត។ លោក​បាន​លើក​ហេតុផល​ថា គឺដើម្បី​រក្សា​ការពារ​សុវត្ថិភាព​សាធារណៈ និង​សុវត្ថិភាព​របស់​ស្ថាន​ទូត​អាមេរិក​ផង​ដែរ។

ប្រជាពលរដ្ឋ និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ពីរ​រូប​បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ក្រុង​ភ្នំពេញ​ ដើម្បី​ឲ្យ​​ជួយ​ដល់​ពួក​គាត់ ក៏​ប៉ុន្តែ​មិន​បាន​លទ្ធផល។ អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​សមត្ថកិច្ច​ចម្រុះ​ក្រុង បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ទះ និង​បណ្ដេញ​ចេញ​ពី​តំបន់​បុរី​កីឡា​នោះ​ទេ។

ពលរដ្ឋ​បាន​បំបែក​គ្នា​នៅ​ម៉ោង​ជិត ៨​យប់ ហើយ​ពួក​គាត់​មិន​ដឹង​ថា នឹង​ត្រូវ​ទៅ​ស្នាក់​នៅ​កន្លែង​ណា​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ។ ចំណែក​ឯ​ក្រុម​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា អាជ្ញាធរ​មិន​មាន​ផែន​ការ​ត្រឹមត្រូវ និង​ខ្វះ​ការ​ទទួល​ខុសត្រូវ​ នៅ​ពេល​ដែល​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​ទីតាំង​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នោះ៕