ក្នុងសារាចរនោះ ក៏បានណែនាំឲ្យម្ចាស់ក្លឹបរាំរែកកម្សាន្ត និងហាងខារ៉ាអូខេ ត្រូវបិទទ្វារផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្នផងដែរ ដើម្បីនាំគ្នាកាន់ទុក្ខចំពោះការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរ។
ហាងខារ៉ាអូខេ និងកន្លែងរាំកម្សាន្តជាច្រើន នៅក្នុងខេត្តបាត់ដំបង បានបិទទ្វារក្នុងរយៈពេល ៧ថ្ងៃ ដើម្បីចូលរួមកាន់មរណទុក្ខព្រះបរមសព ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានចូលទិវង្គតដោយរោគាពាធ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា។
ការកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ បានបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ព្រះអង្គ និងជាការសាមគ្គីភាពគ្នាដ៏រឹងមាំរបស់ពលរដ្ឋ។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងកាលពីថ្ងៃទី១៩ ខែតុលា ថា សមត្ថកិច្ចបានអនុវត្តសារាចរណែនាំរដ្ឋាភិបាលកម្ពុជា ស្ដីពីការចូលរួមគោរពវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ៖ «ជាពិសេសនៅក្នុងខេត្តបាត់ដំបង ការកាន់ទុក្ខមានរយៈពេល ៧ថ្ងៃ ក្នុងនោះក៏បានហាមទៅលើការកម្សាន្ត ទៅក្លឹបកម្សាន្ត ខារ៉ាអូខេ ឲ្យកាន់ទុក្ខ មិនឲ្យមានការប្រគំតន្ត្រីសប្បាយ។ អ៊ីចឹង សមត្ថកិច្ច ស្នងការនគរបាលខេត្តបាត់ដំបង បានដើរឆែកមើលទៅតាមហាង ទៅតាមខារ៉ាអូខេ។ អ៊ីចឹង តាំងពីចេញសារាចរណែនាំរបស់រដ្ឋាភិបាលមក គឺថាយើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន យើងនៅតែចាត់ឲ្យមន្ត្រីជំនាញដើរមើលគ្រប់ទីកន្លែងទាំងអស់»។
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅពេលព្រះអង្គគង់ព្យាបាលព្រះរោគនៅប្រទេសចិន។ នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំភ្លាមមួយ ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គចូលរួមកាន់មរណទុក្ខព្រះបរមសព ព្រះអង្គ ក្នុងរយៈពេល ៧ថ្ងៃ។
លោកឧត្ដមសេនីយ៍ ស ថេត បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកងកម្លាំងប៉ូលិស ចាត់វិធានការត្រួតពិនិត្យគ្រប់ទីកន្លែង ក្លឹបរាំកម្សាន្ត និងខារ៉ាអូខេទាំងអស់ ទាំងនៅពេលយប់ និងពេលថ្ងៃ មិនអនុញ្ញាតឲ្យមានការបើកទ្វាររាំលេងកម្សាន្តក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃកាន់ទុក្ខព្រះបរមសពរបស់សម្ដេចឪ នេះទេ។ ការកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ បានបង្ហាញឲ្យឃើញពីការគោរពស្រឡាញ់ ដឹងគុណព្រះអង្គ និងបង្ហាញសាមគ្គីភាពគ្នាដ៏រឹងមាំរបស់ជនជាតិខ្មែរ៖ «ដូចដែលយើងបានឃើញហើយ ប្រជាពលរដ្ឋលោកចំពោះមរណភាពក្រៀមក្រំ ចំពោះអតីតព្រះមហាក្សត្ររបស់យើង គឺសម្ដែងនូវការដឹងគុណចំពោះព្រះមហាវីរក្សត្រ ដែលលោកមានស្នាព្រះហស្តជាច្រើន ជាពិសេស គឺការដណ្ដើមឯករាជ្យពីប្រទេសបារាំង ការដណ្ដើមពីប្រទេសជិតខាងប្រគល់ព្រះវិហារមកឲ្យកម្ពុជាវិញ»។
នៅអំឡុងថ្ងៃកាន់ទុក្ខរយៈពេល ៧ថ្ងៃនេះ មានព្រះសង្ឃ យាយជី តាជី អាជ្ញាធរ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សសាលា នៅខេត្តបាត់ដំបង បាននិមន្ត និងនាំគ្នារៀបចំតុបតែងសញ្ញាកាន់មរណទុក្ខលើព្រះឆាយាល័ក្ខណ៍ និងបានកាន់មរណទុក្ខចំពោះព្រះបរមសព របស់ព្រះអង្គដូចគ្នា។ ព្រះសង្ឃ សូត្រធម៌ឧទ្ទិសកុសល ប្រជាពលរដ្ឋបាននាំគ្នាដុតធូប បួងសួងបន់ស្រន់ថ្វាយអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ជាព្រះមហាវីរក្សត្រខ្មែរ សុំឲ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គ យាងទៅកាន់សុគតិភព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។