ភ្ជាប់ទៅនឹងបញ្ហានេះ ការសេពគ្រឿងស្រវឹង ក្រុមអ្នកជំនាញខាងផ្នែកសាសនាព្រះពុទ្ធ បានពន្យល់ថា ការសេពគ្រឿងស្រវឹង ជារឿងធ្វើផ្ទុយពីសាសនាព្រះពុទ្ធ និងផ្ទុយពីអ្វីដែលព្រះពុទ្ធជំរុញឲ្យមនុស្សដើរផ្លូវត្រូវ និងឆ្ពោះទៅរកការអភិវឌ្ឍ និងសុខសន្តិភាព។
ពុទ្ធសាសនិកបានដឹងច្បាស់ថា ការសេពគ្រឿងស្រវឹង ឬសុរា ជារឿងប្រាសចាកពីសាសនាព្រះពុទ្ធ ដែលខ្លួនបានប្រតិបត្តិនោះ។ ប៉ុន្តែ មានពុទ្ធសាសនិកមួយចំនួននៅតែបំពានទទួលទានសុរាដដែល។ បញ្ហានេះ អ្នកជំនាញខាងព្រះពុទ្ធសាសនា បានលើកឡើងថា សុរាជាសិក្ខាបទទី៥ នៃពុទ្ធសាសនាក្នុងចំណោមសីលទាំង៥។
សាសនាព្រះពុទ្ធ បានជំរុញឲ្យមនុស្សធ្វើអំពើល្អ និងធ្វើការអភិវឌ្ឍ ដើម្បីឲ្យការរស់នៅរបស់មនុស្សគ្រប់រូប មានការរីកចម្រើន សេចក្ដីសុខ និងសុភមង្គល។ យ៉ាងណាមិញ ការទទួលទានគ្រឿងស្រវឹង មិនត្រឹមតែល្មើសនឹងពុទ្ធសាសនាប៉ុណ្ណោះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារថែមទៀត។
ប្រធានឧត្តមសិក្សានៃពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការសិក្សាជាតិ ព្រះតេជព្រះគុណ ញ៉ែម គឹមតេង មានថេរដីកាថា ការសេពគ្រឿងស្រវឹង ជាកត្តាធ្វើឲ្យគ្រោះថ្នាក់ដល់គ្រួសារ និងសង្គម ពីព្រោះថា ការទទួលទានគ្រឿងស្រវឹង ឬសុរា ធ្វើឲ្យបាត់បង់ស្មារតី គឺធ្វើឲ្យមនុស្សឈានទៅប្រព្រឹត្តិអំពើអាក្រក់ នៅក្នុងសង្គមបាន។
ព្រះតេជព្រះគុណមានថេរដីកាទៀតថា ព្រះពុទ្ធអប់រំមនុស្សឲ្យស្វែងរកទ្រព្យសម្បត្តិ ដើម្បីចិញ្ចឹមជីវិតដោយការព្យាយាម ប៉ុន្តែទ្រព្យសម្បត្តិនោះ បានមកដោយសន្តិវិធី បានមកពីទង្វើល្អ ផ្ទុយទៅវិញ ការសេពគ្រឿងស្រវឹង ធ្វើឲ្យប៉ះពាល់ដល់ការប្រកបអាជីវកម្ម និងអាចធ្វើឲ្យប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ចគ្រួសារជាដើម។
ការសេពគ្រឿងស្រវឹង មិនត្រឹមតែធ្វើឱ្យកើតមានអំពើហិង្សា ការវាយដំលើរាងកាយ និងសម្លាប់គ្នាប៉ុណ្ណោះទេ ការផឹកគ្រឿងស្រវឹង មានជាប់ពាក់ព័ន្ធនឹងមូលហេតុផ្សេងៗទៀត ដូចជាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវទៀតផង។ ទោះបីជាមន្ត្រីនគរបាលចរាចរណ៍មានវិធានការទប់ស្កាត់ និងមានឧបករណ៍សម្រាប់វាស់គ្រឿងស្រវឹងក៏ដោយ ក៏នៅតែមានមនុស្សប្រព្រឹត្តិល្មើសសេពគ្រឿងស្រវឹង ប្រការនេះ មានន័យថា ប្រជាពលរដ្ឋមួយចំនួនមិនទាន់គោរពច្បាប់សាសនាព្រះពុទ្ធ និងច្បាប់សង្គមបានពេញលេញនៅឡើយ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា គិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍ដោយសារអ្នកបើកបរស្រវឹង ពិសេសនៅពេលយប់ ចាប់ពីចន្លោះពីម៉ោង៨យប់ ដល់ម៉ោង២អធ្រាត្រ មានប្រមាណ៧០%។ លោក ប៉ូ សំណាង ឲ្យដឹងថា ការសេពគ្រឿងស្រវឹង មិនត្រឹមធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ដល់ធនធានមនុស្សនៅក្នុងសង្គមថែមទៀត។
បន្ថែមពីលើនេះទៀត ទោះពុទ្ធសាសនិកបានដឹងគ្រប់គ្នាថា ការសេពគ្រឿងស្រវឹងខុសនឹងច្បាប់សាសនា និងច្បាប់សង្គមនោះក្ដី ប៉ុន្តែ ពុទ្ធសាសនិកមួយចំនួននៅតែប្រព្រឹត្តិ។ លោក ប៉ូ សំណាង បានពន្យល់ថា បញ្ហាទាំងនេះ មកពីការអប់រំទាំងវិស័យសាសនា ទាំងសង្គមនៅមានកម្រិតនៅឡើយ។
ភ្ជាប់ទៅនឹងបញ្ហានេះដែរ ក្រុមអ្នកស្រាវជ្រាវអំពីការសេពគ្រឿងស្រវឹង បានរកឃើញថា ការសេពគ្រឿងស្រវឹងនាពេលបច្ចុប្បន្ន បានបង្កើតឱ្យមានផលប៉ះពាល់ដល់សង្គមខ្មែរជាច្រើន ដូចជាកូនចាកចោលផ្ទះដោយសារតែឪពុកម្តាយស្រវឹងឈ្លោះប្រកែកគ្នា។ ប្ដីប្រពន្ធត្រូវលែងលះ ដោយសារតែកើតមានអំពើហិង្សា។ គ្រោះថ្នាក់ចរាចរណ៍ ដោយសារបើកបរស្រវឹង បណ្ដាលឲ្យស្លាប់ជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានលើកឡើងថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក្ដី ប៉ុន្តែរដ្ឋាភិបាលហាក់បីដូចជាមិនយកចិត្តទុកដាក់រៀបចំកិច្ចការសាសនាឲ្យបានល្អនៅឡើយ។ ម្យ៉ាងទៀត ពុទ្ធសាសនិកខ្លះក៏មិនសូវយកចិត្តទុកដាក់ចំពោះព្រះពុទ្ធសាសនានោះទេ ពិសេសនៅពេលបុណ្យទានម្ដងៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យផ្សេងៗទៀត។ ពុទ្ធបរិស័ទខ្លះ សេពគ្រឿងស្រវឹងនៅក្នុងបរិវេណវត្ត រហូតដល់ផ្ទុះអំពើហិង្សាវាយតប់គ្នាជាដើម ពិសេស គឺក្រុមយុវជន។
អ្នកគ្រប់គ្រងក្លឹបនិស្សិតនៅសមាគមជួយស្រុកកំណើតយើង លោក ស៊ាត លីឃាង បានអះអាងថា ការសេពគ្រឿងស្រវឹង អាចមកពីទម្លាប់ ពោលគឺក្រុមក្មេងៗ ឃើញមនុស្សចាស់ ឬឪពុកម្ដាយនៃគ្រួសារនីមួយៗនោះ សេពសុរា ឬគ្រឿងស្រវឹង ពេលគេធំឡើង ក្មេងៗទាំងនោះក៏សេពគ្រឿងស្រវឹងតាមឪពុកម្ដាយរបស់ខ្លួន។ លោកបញ្ជាក់ថា ភាគច្រើននៃគ្រួសារនីមួយៗយល់ថា ការទទួលទានសុរាថាជារឿងធម្មតា ទោះបីទង្វើនោះខុសនឹងសាសនាក៏ដោយ។
របាយការណ៍របស់មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានសរសេរថា ប្រជាពលរដ្ឋកម្ពុជាចំនួន៨៥% បានសេពគ្រឿងស្រវឹង ក្នុងនោះអ្នកមានអាយុក្រោម១៨ឆ្នាំ មាន១៦% អ្នកមានអាយុពី១៥ឆ្នាំ ដល់អាយុ២៥ឆ្នាំ មាន៥៨% សេពគ្រឿងស្រវឹង។ របាយការណ៍ដដែលបានសរសេរថា អ្នកសេពសុរាជាប្រចាំមិនអាចខានបាន មានចំនួន១៧% ហើយអ្នកដែលចូលចិត្តសេពគ្រឿងស្រវឹងនោះ មានភាគច្រើនក្រុមយុវជន និងក្រុមអ្នករត់តាក់ស៊ី ម៉ូតូឌុប កម្មករ និងប៉ូលិស ទាហាន។
អ្នកជំនាញខាងព្រះពុទ្ធសាសនា បានបញ្ជាក់ថា ការផ្សព្វផ្សាយពាណិជ្ជកម្មសុរានៅតាមកញ្ចក់ទូរទស្សន៍បច្ចុប្បន្ន ក៏ជាកត្តាធ្វើឲ្យទាក់ទាញអ្នកសេពគ្រឿងស្រវឹងកាន់តែច្រើនដែរ ដែលបញ្ហានេះជារឿងគួរឲ្យព្រួយបារម្ភនៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។