ព្រះសង្ឃ​វត្ត​សំរោង​ខេត្ត​ឧត្ដរមានជ័យ​ជួយ​ការពារ​ព្រៃ​ឈើ​និង​សត្វ​ព្រៃ

ជាទូទៅ គេ​សង្កេត​ឃើញ​ថា ព្រះសង្ឃ​ដែល​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ ភាគ​ច្រើន​គង់​នៅ​វត្ត​រៀន​ធម៌ និង​និមន្ត​បិណ្ឌបាត តាម​ភូមិ និង​តាម​ទី​សាធារណៈ​នានា ក្នុង​នាម​ប្រោះ​សត្វ​លោក តាម​ព្រះពុទ្ធ​ឱវាទ ដែល​ដើរ​តួនាទី​ក្នុង​ពុទ្ធចក្រ។
ដោយ វោហារ ជាតិ
2012-09-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក៏ប៉ុន្តែ ព្រះសង្ឃ​នៅ​វត្ត​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​យក​ពេល​វេលា​ខាង​ពុទ្ធចក្រ មក​បម្រើ​ផល​ប្រយោជន៍​ខាង​អាណាចក្រ តស៊ូ​ការពារ​ព្រៃឈើ និង​សត្វ​ព្រៃ ដែល​បាន​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១ពាន់​គ្រួសារ រស់នៅ​អាស្រ័យ​ផល​ព្រៃ​ឈើ ដែល​លោក​ថែ​រក្សា​នេះ​បាន​ប្រចាំ​ថ្ងៃ​បាន​ដោយ​ងាយ​ទៀត​ផង។

"សង្ឃ​រុក្ខវ័ន្ដ" ជា​ពាក្យ​បាលី ប្រែ​ថា "ព្រៃ​លោក​សង្ឃ"។ "សង្ឃ​រុក្ខវ័ន្ដ" គឺ​ជា​ឈ្មោះ​ព្រៃ​ធម្មជាតិ​មួយ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ និង​សត្វ​ព្រៃ ស្ថិត​នៅ​ជាប់​ខេត្ត​ឧត្តរមានជ័យ ដែល​ផ្ដួច​ផ្ដើម​ថែ​រក្សា​ការពារ​ដោយ​ព្រះសង្ឃ។

ឥឡូវ​នេះ អ្នក​ស្រុក​ឧត្តរមានជ័យ បាន​សម្រាយ​ពាក្យ "សង្ឃ​រុក្ខវ័ន្ដ" នេះ ឲ្យ​រឹត​តែ​សាមញ្ញ​ថែម​ទៀត គឺ​ពួក​គាត់​ហៅ​ថា "ព្រៃ​លោក"។ ព្រោះ​ថា ព្រៃ​ធម្មជាតិ​ដែល​មាន​ទំហំ ១៨.២៦១​ហិកតារ ដែល​គង់វង្ស​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​លោក​សង្ឃ​នៅ​វត្ត​សំរោង ដែល​មាន​ព្រះអង្គ ប៊ុន សាលួត ដឹកនាំ​ថែ​រក្សា បង្កើត​ជា​សហគមន៍​ការពារ​នៅ​ឆ្នាំ​២០០២។

ព្រះសង្ឃ ប៊ុន សាលួត មាន​ថេរ​ដីកា​ថា សហគមន៍ "សង្ឃ​រុក្ខវ័ន្ដ" បាន​បង្កើត​ឡើង​ដោយ​ព្រះសង្ឃ​ក្នុង​វត្ត បាន​ចំណាយ​កម្លាំង និង​បច្ច័យ​ដែល​សន្សំ​បាន​ពី​បិណ្ឌបាត និង​បច្ច័យ​បាន​មក​ពី​សូត្រ​ធម៌ ដើម្បី​ចុះ​យាម​ល្បាត​ព្រៃ ការពារ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​បរបាញ់​សត្វ​ព្រៃ យ៉ាង​លំបាក៖ «ការ​ល្បាត​ព្រៃ​កាល​ដើម​មក យើង​មាន​កាល ២០០២ ដល់​២០០៧ មាន​តែ​ព្រះសង្ឃ។ ព្រះសង្ឃ​ទៅ​ល្បាត​ចែក​ជា​ពីរ​ក្រុម។ មួយ​ក្រុម ១០​អង្គៗ យើង​ល្បាត​ថា​ប៉ុន្មាន​ថ្ងៃ​ជួប​គ្នា។ ហើយ​យើង​រក​អ្នក​ជំនាញ​ផ្លូវ​ម្នាក់​ក្នុង​ភូមិ​ណា​ដែល​គាត់​ដឹង​តំបន់​ក្នុង​ព្រៃ ឲ្យ​ជូន​យើង​ដើរ​ជាមួយ​យើង​ក្នុង​មួយ​ថ្ងៃ ក្នុង​នាម​អាត្មា​ជា​អ្នក​ដឹកនាំ​ធ្វើ​ត្មា​ឲ្យ​គាត់​ម្នាក់​មួយ​ម៉ឺន​ទៅ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល។ ដល់​ឆ្នាំ​២០០៨ យើង​រៀបចំ​គណៈកម្មការ​បាន ដល់​រៀបចំ​គណៈកម្មការ​បាន ត្មា​នេះ​កាត់​បន្ថយ​ព្រះសង្ឃ ព្រះសង្ឃ​ចុះ​ទៅ​ម្ដង​តែ​ម្ដង​ពីរ​អង្គ​បី​អង្គ​ទេ ចូល​រួម​ជាមួយ​គណៈកម្មការ​តាម​ភូមិ​នោះ​ល្បាត​វិញ។ សឹង​មួយ​យប់​ពីរ​យប់​នៅ​ក្នុង​ព្រៃ​ជាមួយ​គណៈកម្មការ​វិញ​ទៅ»

ព្រះអង្គ​បន្ត​ថា នៅ​ពេល​សហគមន៍​បង្កើត​ឡើង ព្រះសង្ឃ​បាន​ព្យាយាម​បបួល​អ្នក​ស្រុក​ឲ្យ​ចូល​រួម​ការពារ​ព្រៃ​ឈើ និង​សត្វ​ព្រៃ ដោយ​មាន​រៀបចំ​បង្កើត​អនុ​គណៈកម្មការ​តាម​ភូមិ ដែល​នៅ​ជុំវិញ​ព្រៃ​នោះ ដែល​កាល​នោះ មាន​សមាជិក​តិច​តួច ប៉ុន្តែ​បច្ចុប្បន្ន ចំនួន​សមាជិក​បាន​កើន​ឡើង​ជាង ១ពាន់​គ្រួសារ ដែល​សព្វថ្ងៃ ព្រៃ​ឈើ​នេះ​ត្រូវ​បាន​ការពារ​បាន​យ៉ាង​ល្អ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ច្រើន​ប្រភេទ ដើម​ឈើ​មាន​តម្លៃ និង​សត្វ​ព្រៃ​ជាច្រើន។

ព្រះសង្ឃ ប៊ុន សាលួត៖ «សត្វ​ព្រៃ​ក្នុង​ព្រៃ​ត្មា លើក​លែង​តែ​សត្វ​ដំរី​មួយ​ក្នុង​ប្រទេស​យើង​ដែល​មាន ដូច​ជា​ខ្ទីង​អី​មាន ចាប់​ពី​ខ្ទីង​មក​ប្រើស ទន្សោង ប្រើស​ខ្លា​អី វា​នៅ​ហ្នឹង​ឯង។ ហើយ​ជា​ថ្នាល​បណ្ដុះ​ពូជ​វា​តែ​ម្ដង។ កន្លែង​សត្វ​មិន​អាច​ទៅ​ណា​ទេ ព្រោះ​អា​នេះ​តាំង​ពី​ណា​មក ពេល​មុន​អាត្មា​ធ្វើ ត្មា​បាន​សិក្សា​អស់​ថា​តំបន់​នេះ​ជា​ជម្រក ជា​ថ្នាល​បណ្ដុះ​វា​តែ​ម្ដង។ នេះ​បើ​តាម​ត្មា​សិក្សា ត្មា​ដាក់​កាមេរ៉ា​ត្មា​ចុះ​តាម​សិក្សា តាម​ដាន បើ​យើង​វាយ​តម្លៃ​ទាប​បំផុត បើ​ខ្ទីង​តិច​ទេ។ ទន្សោង​សព្វ​ថ្ងៃ​នេះ ច្រើន​ជិត​ដល់​១០០។ បើ​តាម​ត្មា​ចុះ​ដល់​តំបន់​វា​ស៊ី​ផ្ទាល់ តំបន់​វា​ដេក​ផ្ទាល់។ អាត្មា​ទៅ​ដល់​ផ្ទាល់​ដល់​កន្លែង​វា»

ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះសង្ឃ​ការពារ​ព្រៃឈើ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​អាស្រ័យ​អនុផល​ព្រៃ​ឈើ​នេះ ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ពោល​ថា គេ​កម្រ​ឃើញ​មាន​ព្រះសង្ឃ​ជួយ​អភិវឌ្ឍន៍​សង្គម ជាក់​ស្ដែង​តាម​ផ្លូវ​អាណាចក្រ​ដូច​ព្រះសង្ឃ​វត្ត​សំរោង នេះ​ណាស់។

លោកស្រី វិន ឡាយ អ្នក​ភូមិ​ម្នាក់​នៅ​អន្លង់ ដែល​បាន​ទទួល​ផល​ប្រយោជន៍​ពី​ព្រៃ​ឈើ​នេះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ដទៃ​ទៀត​នោះ មាន​ប្រសាសន៍​ថា គ្រួសារ​គាត់​អាច​រស់​នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ​នេះ​បាន​ដោយ​សុខ​ស្រួល ដូច​ជា​អនុផល​ជ័រ​ច្បោះ ផ្សិត បន្លែ ផ្លែ​ឈើ និង​វល្លិ ផ្ដៅ រួម​ទាំង​អនុផល​ព្រៃ​ឈើ​ដទៃ​ទៀត៖ «ជួន​កាល លក់​បាន​ចាយ​ទិញ​នេះ ទិញ​នោះ​ទៅ។ រក​បាន​ផ្សិត ចុង​ផ្ដៅ។ អត់​ទៅ​កាប់​ព្រៃ​ទេ គេ​អត់​ឲ្យ​ចូល​កាប់។ បាន​ផ្សិត​ក្ងោក ផ្សិត​ឈើ ខ្ជាយ​ជ័រ​ដង ជ័រ​ទឹក។ បើ​ដង​គ្រប់​គ្នា​ទៅ មួយ​លើក​បាន​ប្រាំមួយ ប្រាំពីរ​កាន​ដែរ»

ចំណែក​លោក ញ៉ឹប ហា មេ​ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​ចំនួន​៥ឃុំ បាន​រស់​ស្រ័យ​ផល​ព្រៃ​លោក​នេះ។ លោក​ថា ក្រៅ​ពី​ការពារ​ព្រៃ​ឈើ ព្រះសង្ឃ​វត្ត​សំរោង បាន​យក​បច្ច័យ​ទៅ​ជួយ​សង់​សាលា​រៀន ឲ្យ​កូន​ចៅ​អ្នក​ភូមិ​ក្នុង​តំបន់​នោះ​បាន​ខ្លះ​ថែម​ទៀត។

ការ​ការពារ​ព្រៃ​ឈើ​បាន​ជោគជ័យ​នេះ មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​កម្ពុជា កោត​សរសើរ​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ ប៊ុន សាលួត ក្នុង​ឆ្នាំ​២០១០ ក្នុង​នាម​ព្រះសង្ឃ​វត្ត​សំរោង ព្រះអង្គ​បាន​ទទួល​ពាន​រង្វាន់​ជ័យ​លាភី​ឈ្មោះ​ថា រង្វាន់ អាស៊ី​ប៉ាស៊ីហ្វិក (Equator Price) ដែល​មាន​ស្នាដៃ​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ ក្នុង​ចំណោម​ជម្រើស ២៥​ប្រទេស​លើ​ពិភព​លោក។

ដើម្បី​អនាគត​ព្រៃ​លោក ព្រះសង្ឃ ប៊ុន សាលួត មាន​ថេរ​ដីកា​ថា នៅ​ឆ្នាំ​២០០៨ ព្រះអង្គ និង​រដ្ឋាភិបាល បាន​ចុះ​បញ្ជី​ព្រៃ​លោក ក្នុង​គម្រោង​កម្មវិធី​ឥណទាន​កាបូន ដែល​ទៅ​អនាគត គេ​អាច​សង្ឃឹម​ថា​អាច​លក់​កាបូន បាន​ពី​ព្រៃ​លោក​នេះ យក​ប្រាក់​ដើម្បី​ចំណាយ​លើ​គម្រោង​ការពារ​ព្រៃ​នេះ​បន្ត​ទៅ​ទៀត។ តែ​មក​ទល់​ពេល​នេះ មិន​មាន​ដំណឹង​អ្វី​នៅ​ឡើយ​ទេ៖ «ថែ​រក្សា​បាន​ល្អ​ទៅ ដើម្បី​យើង​នេះ​មិន​បាច់​លក់​ដើម​ឈើ​លក់​ដី​ទេ។ យើង​សម្រាប់​លក់​តែ​ខ្យល់​បាន​ហើយ ដើម្បី​យក​ថវិកា​ហ្នឹង​មក​អភិវឌ្ឍ​សហគមន៍​អភិវឌ្ឍ​ប្រទេស។ អា​ហ្នឹង​គម្រោង​ថ្មី លើ​ពិភពលោក ហើយ​រាជ​រដ្ឋាភិបាល​បាន​យក​ព្រៃ​អាត្មា​ការពារ​នេះ ទៅ​ដាក់​ក្នុង​គម្រោង​ឥណទាន​កាបូន។ នេះ​ជា​គម្រោង​មួយ​ថ្មី ហើយ​វា​ល្អ​សម្រាប់​ប្រទេស​យើង​ណា​ញោម ប្រទេស​យើង​សព្វថ្ងៃ កំពុង​បាត់​បង់​ធនធាន​ធម្មជាតិ។ បើ​ថា​គម្រោង​នេះ មិន​មាន​ទៀត​ទេ អាត្មា​សង្ឃឹម​ថា​ព្រៃ​ទាំង​អស់​វា​នឹង​អាច​វិនាស»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី PP

ព្រះសង្ឃជួយការពារ តែអ្នកមានអំនាច អ្នកមានលុយ របស់គណបក្សCPP ជាអ្នកជួយបំផ្លាញវិញ តើគេគួខ្មាស់ព្រះសង្ឃរឺទេ?

Sep 27, 2012 12:37 AM

អ្នក​អាន​អនាមិក

ចុះសម្ដេចសង្ឃប៉ុន្មានអង្គនៅភ្នំពេញនោះ បានធ្វើអ្វីខ្លះចំពោះជាតិនិងប្រជាជន? ឬមួយបានគ្រាន់​តែអង្គុយចាំផ្សឹកព្រះសង្ឃស្នេហាជាតិ តាមបញ្ជារបស់ហ៊ុនសែន?

Sep 26, 2012 07:27 AM