លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម វាគ្មិនម្នាក់ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃអង្គារ មានប្រសាសន៍ថា តុលាការអន្តរជាតិនានាមិនចោទប្រកាន់និងកាត់ទោសជនដៃដល់ក្នុងឧក្រិដ្ឋកម្មខ្នាតអន្តរជាតិដែលមានជនរងគ្រោះស្លាប់រង្គាលវាល់លាននាក់នោះឡើយ គឺគេផ្តោតតែលើអ្នកទទួលខុសត្រូវខ្ពស់បំផុតនិងមេដឹកនាំជាន់ខ្ពស់តែប៉ុណ្ណោះ។
លោក រាជ សម្បត្តិ បានបញ្ជាក់ថា ៖ «តាំងពីណូរ៉េមប៊ើកនៅប្រទេសអាល្លឺម៉ង់ នៅតូក្យូ ក្រោយសង្រ្គាមលោកលើកទី២ នៅតុលាការអតីតយូហ្គោស្លាវី នៅឡាអេ តុលាការពិសេសសម្រាប់ប្រទេសរ្វ៉ាន់ដា នៅទីក្រុងរូសា នៅសារ៉ាឡេអូន ហើយមួយទៀតនៅអ៊ីសទីម័រក៏មានដែរក្រោយគេ ហើយនិងមួយទៀតគឺ ICC តុលាការអន្តរជាតិ»។
លោក រាជ សម្បត្តិ ពន្យល់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមេដឹកនាំជាន់ខ្ពស់សំដៅទៅលើសមាជិកជាន់ខ្ពស់នៃគណៈមជ្ឈិមបក្ស ៖ «គេបានកំណត់ថា ប៉ុល ពត ហ្នឹង គឺកំពូលគេហើយ បន្ទាប់មកទៀតគឺលោក នួន ជា ហើយមួយទៀតគឺលោក សោ ភឹម ដែលត្រូវ ប៉ុល ពត តាមចាប់ដែរ ហើយគាត់ក៏សម្លាប់ខ្លួនឯងនៅខាងព្រែកពោធិ៍។ បន្ទាប់មកទៀត សុន សេន ហើយនិងអ្នកដទៃទៀត ខ្ញុំសូមមិនរៀបរាប់ឲ្យអស់ទេ ប៉ុន្តែនៅក្នុងរចនាសម្ព័ន្ធហ្នឹងដែលខ្មែរក្រហមខ្លួនឯងក៏គាត់បាននិយាយថា មិនមានច្រើនទេ»។
ចំពោះសំណួរថា ហេតុដូចម្តេចបានជាមិនចោទប្រកាន់ជនដៃដល់ខ្មែរក្រហម លោកវាគ្មិនកិត្តិយសបានអធិប្បាយថា ក្រៅពីជាទម្លាប់របស់តុលាការអន្តរជាតិកាត់ទោសតែមេដឹកនាំធំៗតែប៉ុណ្ណោះ ចំនួនជនដៃដល់មានច្រើនហួសសមត្ថភាពបុគ្គលិកនិងថវិការបស់សាលាក្តី។
ឆ្លើយតបទៅនឹងសំណួររបស់លោក តុង អ្នកស្តាប់ពីខេត្តកណ្តាលថា តើសាលាក្តីខ្មែរក្រហមរកយុត្តិធម៌ឲ្យនរណា? លោកមេធាវី ហុង គឹមសួន នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាមានប្រសាសន៍រួមជាមួយលោក រាជ សម្បត្តិ ថា សាលាក្តីនេះមិនកំណត់ថា សម្រាប់តែខ្មែរនោះឡើយ ៖ «យើងមិនប្រើពាក្យថាខ្មែរមួយម៉ាត់ទេ ព្រោះកាលណោះជនរងគ្រោះដែលស្លាប់ឬបាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៃរបបខ្មែរក្រហមវាមានច្រើនសាសន៍ណាស់ មានទាំងអាមេរិកាំង នូវែលហ្សេឡង់ បារាំង អូស្រ្តាលី មានថៃ មានអង់គ្លេស មានទាំងប៉ាគីស្ថាន ឥណ្ឌាក៏មានដែរ»។
ចំពោះសំណួរថា តើការទាមទារឲ្យមានការស៊ើបអង្កេតជនសង្ស័យបន្ថែមពីលើអតីតមេដឹកនាំ៥នាក់ដែលបច្ចុប្បន្នកំពុងជាប់ឃុំជារឿងនយោបាយ ឬជាបញ្ហាផ្លូវច្បាប់ លោក រាជ សម្បត្តិ ពន្យល់ថា ៖ «រឿងនេះសាមញ្ញ និយាយរួមទៅជារឿងចាស់ ប៉ុន្តែវាកើតឡើងចំពេលដែលមានការសម្រេចពីអង្គបុរេ អ៊ីចឹងរឿងនេះហាក់បីដូចជាថ្មី។ អ៊ីចឹងមកដល់ពេលហ្នឹងអត់មានការចោទបន្ថែមអីទៀតទេ មានតែ៥ហ្នឹងទេ»។
សរុបសេចក្តីទៅជនជាប់ចោទនឹងមានតែ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលសំណុំរឿង០០១នឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយនិង នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ ដែលសំណុំរឿង០០២សហចៅក្រមស៊ើបអង្កេតនឹងបិទនៅដំណាច់ឆ្នាំនេះ៕
