អ្នកឃ្លាំមើលសេវាសាធារណៈ បានជំរុញឲ្យនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្យារពេលប្រមូលពន្ធលើចលនទ្រព្យ ដោយសារនីតិវិធីស្មុគស្មាញ និងខ្វះការផ្សព្វផ្សាយ បញ្ហានេះជាហេតុដែលធ្វើឲ្យចំនួនអ្នកមិនទាន់បង់ពន្ធជូនរដ្ឋនៅមានចំនួនច្រើន។
លោក សន ជ័យ អ្នកសម្របសម្រួលកម្ពុជា នៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍នៅថ្ងៃទី២៩ កញ្ញា ថា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិចារណាឡើងវិញចំពោះការកំណត់ពេលវេលា នៃការបង់ពន្ធលើអចលនទ្រព្យបន្តទៀតសិន មុននឹងផាកពិន័យដល់ពលរដ្ឋណាដែលខកខានមិនបានទៅបង់ពន្ធទាន់ពេលនោះ។
លោកថា មានភាពស្មុគស្មាញជាច្រើនជុំវិញនីតិវិធីនៃការបង់ពន្ធនេះ នឹងធ្វើឲ្យរដ្ឋបាត់ចំណូលបានពីការបង់ពន្ធនេះ។
ការអំពាវនាវនេះ បានធ្វើឡើងនៅមុនការដាក់កំណត់នៃការផាកពិន័យពីនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះអ្នកដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យ។
ក្រសួងសេដ្ឋកិច្ច បានប្រមូលពន្ធលើអចលនទ្រព្យតាំងពីខែកក្កដា ឆ្នាំ២០១២ ហើយប្រកាសផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២។
ពលរដ្ឋរស់នៅខណ្ឌចំការមន និងខណ្ឌឫស្សីកែវ បានត្អូញត្អែរថា ពួកគាត់ពុំបានដឹងព័ត៌មាននៃការចាប់ផ្ដើមប្រមូលពន្ធលើអចលនទ្រព្យនេះទេ។ អ្នកដែលបានផ្ដល់សម្ភាសសុទ្ធតែបាន អះអាងថា នីតិវិធីនៃការបង់ពន្ធ មានភាពសាំញ៉ាំ ហើយពួកគាត់ត្រូវចំណាយពេលវេលាច្រើនពេក សម្រាប់ការទៅបង់ពន្ធនេះ ពិបាកជាងការបង់ពន្ធកាលពីឆ្នាំ២០១១។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នឹងផ្ដល់ដំណោះស្រាយពន្យាររយៈពេលបង់ពន្ធ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានទទួលស្គាល់ចំពោះការលំបាកដែលពលរដ្ឋបានលើកឡើងនេះ។ លោកបានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីពន្យាររយៈពេលបង់ពន្ធលើអចលនទ្រព្យមួយខែបន្តទៀត គឺបន្តដល់បំណាច់ខែតុលា ឆ្នាំ២០១២ ដោយយោងទៅលើហេតុផលថា ពលរដ្ឋមួយចំនួនមិនទាន់បានទៅបង់ពន្ធនៅឡើយនោះ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ការប្រមូលពន្ធលើអចលនទ្រព្យ កាលពីឆ្នាំ២០១១ នៅតាមខេត្ត ក្រុង ស្រុក ខណ្ឌ រាជធានី ដែលជាគោលដៅប្រមូលពន្ធ បានថវិកាសរុបប្រមាណ ១២លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។