កម្ពុជា​​ចូល​ជា​សមាជិក​​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក

ប្រទេស​កម្ពុជា​បាន​ជាប់​ឆ្នោត​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នា​មហា​សន្និបាត​លើក​ទី​១៧ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​មាន​ប្រទេស​ចំនួន​១៨៦​បាន​ចូល​រួម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សារ​ជូន​ជន​រួម​ជាតិ​នៅ​ថ្ងៃ​ទី​២៧ តុលា​ថា ការ​ដែល​ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នេះ ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ និង​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា កាន់​តែ​លេច​ធ្លោ​ខ្ពស់​ត្រដែត​លើ​ឆាក​អន្តរជាតិ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទាក់​ទង​ជាមួយ​កម្ពុជា បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នា​មហា​សន្និបាត​លើក​ទី១៧ ថា ៖ «អ៊ីចឹង​ទេ យើង​នឹង​ខិតខំ​បំពេញ​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​សមាជិក​អង្គការ​មួយ​នេះ ហើយ​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ មិន​មែន​ចូល​ហើយ​ដើរ​ពើង​ទ្រូង​នោះ​ទេ មិន​មែន​ទេ។ អាហ្នឹង​ត្រូវ​គោរព​ធ្វើ​តាម​ក្រឹត្យក្រម លក្ខន្តិកៈ​របស់​គេ ព្រោះ​ថ្ងៃ​ក្រោយ​យើង​ត្រូវ​ឈាន​ជើង​ចូល​ទៅ ដូចជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ យើង​ឈាន​ទៅ​ដល់​នេះ ដល់​នោះ។ យើង​បាន​ឃើញ​ហើយ ប្រទេស​របស់​យើង​ធ្លាប់​ធ្វើ ហើយ​ឆ្នាំ​២០១២ ត្រូវ​ធ្វើ​ប្រធាន​អាស៊ាន​ទៀត»

ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​យូណេស្កូ (UNESCO) នៅ​ឆ្នាំ​១៩៥១ ហើយ​ទើប​តែ​បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០០៩៕