កម្ពុជា​ផ្ដល់​វិភាគទាន​១,២​លាន​ដុល្លារ​ដល់ WFP

ប្រទេស​កម្ពុជា​បាន​ធ្វើ​វិភាគទាន​ជា​ទឹក​ប្រាក់​ចំនួន​១​លាន​២​សែន​ដុល្លារ​ដល់​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) ដើម្បី​ផ្តល់​ម្ហូប​អាហារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៨​សែន​នាក់​នៅ​ចុងកាត់មាត់ញក។

មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បន្ថែម​លើ​កិច្ចប្រឹងប្រែង​ផ្ទាល់​តាម​រយៈ​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេង​ជា​ច្រើន​នោះ ក៏​បាន​នៅ​បន្ត​កិច្ច​ប្រឹងប្រែង​ជាមួយ​អង្គការ​សង្គ្រោះ​អន្តរជាតិ​នានា មាន​កម្មវិធី​ស្បៀង​ពិភពលោក (WFP) ជាដើម​ផងដែរ ក្នុង​ការជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​ជា​បន្ត​ទៅ​ទៀត​នោះ។

អតីត​អ្នក​តំណាង​រាស្រ្ត​ខែត្រ​ពោធិ៍សាត់ គឺ​លោក លី ធុច ដែល​បច្ចុប្បន្ន​ទទួល​បន្ទុក​ជា​អនុ​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​មិញ​ថា ទោះ​បី​មាន​ប្រព័ន្ធ​សង្គ្រោះ​ទូទៅ​ទាំង​ប្រទេស​របស់​គណៈកម្មាធិការ​ជាតិ​និង​របស់​កាកបាទ​ក្រហម​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា គង់​នៅ​មាន​ការខ្វះ​ចន្លោះ​មិន​ខាន។

ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​កង្វះ​ចន្លោះ​ទាំង​នោះ លោក​អនុ​ប្រធាន លី ធុច ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​សកម្មភាព​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រីក្រ​របស់​ខ្លួន​តាម​រយៈ​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត​មាន​កម្មវិធី​ស្បៀង​ពិភពលោក​ជាដើម។

លោក លី ធុច បាន​មាន​ប្រសាសន៍​ថា ៖ «កន្លង​មក​យើង​ធ្វើ​ជាមួយ​នឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ យើង​បាន​ផ្ដល់​នូវ​អង្ករ​ជា​ស្បៀង​រហូត​ដល់​ជិត​កន្លះ​លាន​នាក់​ដែរ ៧​ខែត្រ​នៅ​ដង​ទន្លេ​សាប​របស់​យើង ដោយសារ​កន្លង​មក​នេះ​យើង​បាន​កត់​សម្គាល់​នូវ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ច្រើន ជា​ពិសេស​បន្ថយ​ចំណូល​របស់​បង​ប្អូន​យើង អ៊ីចឹង​យើង​បាន​ជួយ​ដល់​គ្រួសារ​វិញ​ដើម្បី​ជា​ទុន​ដើម្បី​នឹង​ចាប់ផ្ដើម​ជីវភាព​រស់នៅ​គាត់​សា​ជា​ថ្មី យើង​ជួយ​ជា​ស្បៀង។ អ៊ីចឹង​ថ្មីៗ​ហ្នឹង អង្គការ World Food Program ស្បៀង​អាហារ​ពិភពលោក លោក​មាន​ប្រព័ន្ធ​ស្បៀង​ជួយ​ដល់​សាលា​រៀន ដល់​កូន​សិស្ស​ដែល​នៅ​ដាច់​ស្រយាល ក្រីក្រ ដែល​គ្មាន​ស្បៀង ពុំ​អាច​មក​រៀន​សូត្រ​បាន អា​ហ្នឹង​យើង​ជួយ​ជា​ម្ហូប​ពេល​ព្រឹក បាយ​ពេល​ព្រឹក​អី​អ៊ីចឹង ដល់​បង​ប្អូន​យើង​ដែរ។ អ៊ីចឹង​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ជា​ប្រព័ន្ធ​មួយ​ដែល​រាជ​រដ្ឋាភិបាល​ធ្វើការ​ជាមួយ​គ្នា សហការ​បាន​ល្អ»

ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ស្រង់​សេចក្តី​ថ្លែង​របស់​អង្គការ​កម្មវិធី​ស្បៀង​ពិភពលោក​ដែល​បាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​វិភាគទាន​ជូន​ដល់​កម្មវិធី​នេះ​ជា​ទឹក​ប្រាក់​សរុប​១​លាន​២​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែង​ឲ្យ​ដឹង​ថា ជំនូយ​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ផ្តល់​ម្ហូប​អាហារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៨​សែន​នាក់​នៅ​ចុងកាត់មាត់ញក​កម្ពុជា​ដែល​មាន​ផល​ប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក៕