សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ក្រោយ​ពេល​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កក្កដា ថា​ក្រោយ​ពេល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មក សេដ្ឋកិច្ច​កម្ពុជា​មាន​ការរីកចម្រើន ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​ត្រូវ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី​ប្រើប្រាស់​សិទ្ធិ​ជា​សមាជិក​នោះ​ឲ្យ​បាន​អស់​លទ្ធភាព ។
ដោយ កែវ និមល
2008.07.01

លោក នូវ សីហា ជា​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​ផ្សព្វផ្សាយ​លទ្ធផល​ការស្រាវជ្រាវ​របស់​លោក​ទាក់ទង​នឹង​ការចូល​ជា​សមាជិក​របស់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា ការចូល​របស់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​មក​នោះ បាន​បើក​ទូលាយ​ផ្សារ​លក់​ទំនិញ​របស់​កម្ពុជា ធ្វើ​ឲ្យ​កើន​ទុន​វិនិយោគ​ពី​បរទេស និង​ធ្វើ​ឲ្យ​ការនាំ​ចេញ​របស់​កម្ពុជា ជាពិសេស​ការនាំ​ចេញ​ខោ​អាវ​ដេរ​ស្រាប់​ទៅ​បរទេស មាន​ការកើន​ប្រាក់​ពី​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៣​កើន​ដល់​៦ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨ ។

ប៉ុន្តែ​ទន្ទឹម​ជាមួយ​ការទទួល​បាន​ប្រយោជន៍​នោះ​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​មួយចំនួន​ត្រូវ​ប្រឹងប្រែង​ដោះស្រាយ​បន្ត​ទៀត ។

លោក នូវ សីហា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «អ្វី​ដែល​ជា​បញ្ហា​ចោទ​សម្រាប់​ការរកស៊ី​នៅ​ស្រុក​ខ្មែរ​យើង​ក៏​គាត់​បាន​ឆ្លើយ​នឹង​សំណួរ​មួយចំនួន​ដែរ ។ មាន​៤​សំខាន់ ទី​១ ទាក់ទង​នឹង​បញ្ហា​អំពើ​ពុករលួយ ហើយ​ទី​២ ទាក់ទង​ទៅ​នឹង​កម្លាំង​ពលកម្ម​របស់​យើង កម្លាំង​ពលកម្ម​របស់​យើង​វា​អត់​ស៊ី​ជាមួយ​នឹង​ទីផ្សារ ហើយ​ទី​៣​គឺ​ទាក់ទង​នឹង​ការិយាធិបតេយ្យ​គឺ​មាន​ច្រើន គឺ​យើង​ពិបាក ហើយ​ទី​៤​ហ្នឹង​គឺ​ទាក់ទង​នឹង​ខាង​រចនា​សម្ព័ន្ធ​របស់​យើង គឺ​នៅ​មាន​លក្ខណៈ​ខ្វះខាត»

លោក ហង្ស សុជិវីន មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការជួប​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​នោះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​នៅ​ឡើយ ជា​ពិសេស​ទាក់ទង​ជាមួយ​ការពង្រឹង​បែបបទ​កិច្ច​សហការ​នានា​របស់​ក្រសួង​ដើម្បី​ធ្វើ​ឲ្យ​ការនាំ​ចេញ​មាន​ការកើនឡើង​ថែម​ទៀត ។

លោក ហង្ស សុជិវីន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មាន​បញ្ហា​ត្រង់​ថា​ទីផ្សារ​វា​ជា​ឱកាស​ហើយ ប៉ុន្តែ​ការឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​គឺ​មាន​លក្ខណៈ​មិន​ទាន់​ស៊ី​សង្វាក់ ។ ក្នុង​នោះ​ផងដែរ​គឺ​ថា​នៅ​ក្នុង​ចង្កោម​នៅ​ក្នុង​ស្ថាប័ន​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​គាំទ្រ​ពាណិជ្ជកម្ម​នានា លក្ខណៈ​នៃ​ការកសាង​យុទ្ធសាស្ត្រ ឬ​ក៏​ជា Policy គឺ​ថា​នៅ​មាន​កម្រិត​មិន​ទាន់​ស៊ី​សង្វាក់​គ្នា»

តាម​លោក តឹក រ៉េតសំរេច ដែល​ជា​អ្នក​សេដ្ឋកិច្ច​និង​ជា​មន្ត្រី​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ត្រូវ​កែ​ច្បាប់​នានា​របស់​កម្ពុជា​ចំនួន​២២២​ចំណុច និង​ត្រូវ​មាន​ច្បាប់​ចំនួន​៤០​បន្ថែម​ថ្មី​ទៀត ដើម្បី​តម្រូវ​តាម​លក្ខខណ្ឌ​សមាជិកភាព​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។

សូម​ជម្រាប​ថា​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៤ ។ ប្រៀបធៀប​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ក្រោយ​ពេល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មក សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​តួលេខ​ពីរ​ខ្ទង់ តែ​ផល​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​នៅ​ទាប​នៅឡើយ ហើយ​ទុន​វិនិយោគ​ពី​បរទេស​មក​កម្ពុជា​ក៏​នៅ​ទាប​ដែរ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។