កម្ពុជា​អាច​ផលិត​អំបិល​មិន​គ្រប់​តាម​ផែនការ​កំណត់​ក្នុង​ឆ្នាំ​២០១០

មន្ត្រី​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​និង​សមាគម​ផលិត​អំបិល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ផលិត​អំបិល​នៅ​ឆ្នាំ​២០១០ នៅ​កម្ពុជា អាច​នឹង​មិន​គ្រប់​តាម​ផែនការ​១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ ប្រសិន​បើ​ភ្លៀង​កក់ខែ​នៅ​តែ​បន្ត​ធ្លាក់​រំខាន​ដល់​ការ​ប្រមូល​ផល​អំបិល​ទៀត​នោះ។

0:00 / 0:00

មន្ត្រី​មន្ទីរ​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​ខេត្ត​កំពត ឲ្យ​ដឹង​ថា ភ្លៀង​កក់​ខែ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ដើម​សប្តាហ៍​ក្នុង​បំណាច់​ខែ​កុម្ភៈ​នេះ បាន​បំផ្លាញ​ការ​ផលិត​អំបិល​កំពុង​ផលិត​ក្នុង​ស្រែ​អស់​រាប់​ម៉ឺន​តោន​ និង​បាន​ធ្វើ​​ឲ្យ​​ខាត់​បង់​ថវិកា​អស់​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក។

មន្ត្រី​ឧស្សាហកម្ម រ៉ែ​និង​ថាមពល ដែល​ស្នើ​មិន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​បញ្ចេញ​ឈ្មោះ​និង​សំឡេង មាន​ប្រសាសន៍​បញ្ជាក់​ថា ភ្លៀង​កក់ខែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​អំបិល​យ៉ាង​តិច​១​សប្តាហ៍ ទើប​អាច​ប្រមូល​ផល​បាន​ជា​ថ្មី ប៉ុន្តែ​ប្រសិន​បើ​ភ្លៀង​នៅ​បន្ត​ធ្លាក់​​​បន្ត​ទៀត​នោះ ការ​ផលិត​អំបិល​នឹង​មិន​អាច​ផលិត​បាន​ឡើយ។

លោក លី សេង ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ប្រសិន​បើ​ភ្លៀង​កក់ខែ​នៅ​បន្ត​ធ្លាក់​ចាប់​ពី​ខែ​មីនា ដល់​ខែ​មេសា​ទៀត​នោះ មាន​ន័យ​ថា ការ​ផលិត​អំបិល​ក្នុង​ឆ្នាំ​២០១០​នេះ អាច​​​នឹង​​មិន​គ្រប់​តាម​ផែនការ​ទីផ្សារ​ប្រើប្រាស់​ក្នុង​ស្រុក​១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា នៅ​ដើម​​​​សប្តាហ៍​កន្លង​មក​នេះ ភ្លៀង​​​​​​​​​កក់​ខែ​បាន​បំផ្លាញ​អំបិល​កំពុង​ផលិត​ក្នុង​ស្រែ​អស់​ជាង​មួយ​ម៉ឺន​តោន។

លោក លី សេង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រសិន​បើ​បួន​ដប់​ថ្ងៃ​មាន​ភ្លៀង​បន្ត​ធ្លាក់​មក​ទៀត ប្រហែល​ជា​នៅ​តែ​ខ្វះ ព្រោះ​នៅ​កំពត​ភ្លៀង​កក់ខែ ភ្លៀង​ប្រហែល​ជា​៤​ថ្ងៃ​ជាប់»

ទោះ​យ៉ាង​នេះ​ក្តី ការ​ផលិត​អំបិល​នៅ​ឆ្នាំ​២០១០ ត្រូវ​បាន​លោក លី សេង បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​ ផលិត​​បាន​អំបិល​យក​ទៅ​​ស្តុក​ទុក​ក្នុង​ឃ្លាំង​បាន​ជាង​៦​ម៉ឺន​តោន​នៃ​ផែនការ​ផលិត​អំបិល​ដប់​​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។ លោក​​ឲ្យ​ដឹង​ថា រដូវ​នៃ​ការ​ផលិត​អំបិល​អាច​បញ្ចប់​នៅ​ចុង​ខែ​មេសា គឺ​សល់​ពីរ​ខែ​ទៀត​ទើប​ចប់ ប៉ុន្តែ​បើ​ភ្លៀង​បន្ត​បំផ្លាញ​​ដល់​ការ​ផលិត​អំបិល​ទៀត​នោះ គឺ​ការ​ផលិត​មិន​អាច​គ្រប់​តាម​តម្រូវ​ការ​ប្រើប្រាស់​ទីផ្សារ​ក្នុង​ស្រុក​ឡើយ។

លោក លី សេង បញ្ជាក់​ដូច្នេះ ៖ «វា​អស់​ប្រហែល​១​ម៉ឺន​ទៅ​១​ម៉ឺន​៥​ពាន់​តោន។ បើ​សិន​ជា​រាំង​ពី​ពេល​នេះ​ទៅ អាកាសធាតុ​ល្អ យើង​រំពឹង​ថា​នឹង​គ្រប់»

សមាគម​ផលិត​អំបិល​បាន​ឲ្យ​ដឹង​ថា ការ​ផលិត​អំបិល​កាល​ពី​​ឆ្នាំ​២០០៩​កន្លង​ទៅ កម្ពុជា​ផលិត​អំបិល​មិន​បាន​គ្រប់​តាម​ផែនការ​ទីផ្សារ​ប្រើប្រាស់​ក្នុង​ស្រុក១០​ម៉ឺន​តោន ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​រំខាន​ដល់​ការ​​ផលិត​អំបិល។ លោក លី សេង ឲ្យ​ដឹង​ថា កង្វះ​ខាត​អំបិល​កាល​ពី​ឆ្នាំ​២០០៩ តម្រូវ​ឲ្យ​ប្រទេស​​​កម្ពុជា​នាំ​អំបិល​​ចូល​ពី​ប្រទេស​ចិន​ជិត​បី​ម៉ឺន​តោន ដើម្បី​បង្គ្រប់​តម្រូវការ​ប្រើប្រាស់​ទីផ្សារ​ក្នុង​ប្រទេស។ លោក​ឲ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​អំបិល​១​តោន​មាន​តម្លៃ​៥០​ដុល្លារ​អាមេរិក។

មន្ត្រី​មន្ទីរ​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ទុក​សម្រាប់​ផលិត​អំបិល​នៅ​ខេត្ត​កំពត មាន​ចំនួន​ជាង​៣.៣០០​ហិកតា ការពារ​ដោយ​ច្បាប់៕