កម្ពុជា​ស្នើ​ឲ្យ​ថៃ​បញ្ចូល​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន

កម្ពុជា​បាន​ស្នើ​ឲ្យ​ថៃ​ដាក់​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ក្នុង​របៀបវារៈ​នៃ​សន្និសីទ​របស់​មេ​ដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១០​-​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ឆ្នេរ​សមុទ្ទ ហួរហ៊ីន ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​២៣ ដល់​ថ្ងៃ​២៥ តុលា ឆ្នាំ​២០០៩។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​សម​ភាគី​ថៃ លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០០៩ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​ដាក់​បញ្ហា​ទំនាស់​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ថៃ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

យោង​តាម​លិខិត​ការទូត​នេះ សេចក្តី​ស្នើ​របស់​លោក ហោ ណាំហុង គឺ​ធ្វើ​ឡើង​បន្ទាប់​ពី លោក កាស៊ីត ភីរុមយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ដែល​ស្រង់​ប្រសាសន៍​ដោយ​កាសែត បាងកក​ប៉ុស្តិ៍ ថា លោក​នឹង​ស្នើសុំ​ការ​ឯកភាព​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឲ្យ​មាន​ការ​បង្កើត​អង្គការ​អព្យាក្រឹត​មួយ​ដែល​អាច​ផ្តល់​ផ្លូវ​សម្រាប់​ប្រទេស​ថៃ​និង​កម្ពុជា​ដោះស្រាយ​ទំនាស់។

សន្និសីទ​កំពូល​របស់​មេ​ដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស ដែល​រួម​មាន​កម្ពុជា លាវ វៀតណាម ថៃ ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប៊្រុយណេ ហ៊្វីលីពីន និង​សិង្ហបុរី នឹង​មាន​ការ​ចូលរួម​ផងដែរ​ពី​សំណាក់​ដៃគូ​ពិភាក្សា​ទាំង​៦ គឺ​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្ត្រាលី និង​នូវែលហ្សេឡង់ដ៍៕