អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គង់ មានប្រសាសន៍នៅថ្ងៃទី២៧ វិច្ឆិកា ថា មូលហេតុដែលកម្ពុជាបានបើកឲ្យមានការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសឡើងវិញបន្ទាប់ពីការផ្អាកជាច្រើនខែមកនោះ ដោយរដ្ឋាភិបាលទើបមានបទបញ្ជាថ្មីដើម្បីទប់ស្កាត់ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍ដែលធ្លាប់មានកន្លងមក។
លោក កុយ គង់ បានឲ្យដឹងថា ៖ «ហេតុអីបានជាឲ្យរៀបការឡើងវិញ ដោយសារគេមានបទបញ្ជាថ្មីមួយ គឺទប់ស្កាត់នឹងអ្វីដែលជាភាពមិនប្រក្រតី ការកន្លងមកដែលបោកប្រាស់យកទៅជួញដូរមនុស្សអីអ៊ីចឹងណា៎!»។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងការជួញដូរមនុស្ស លោក បិត គឹមហុង មានប្រសាសន៍ថា អនុក្រឹត្យថ្មីមានចំណុចថ្មីច្រើនដែលជាវិធានការអាចជួយការពារស្ត្រីឲ្យផុតពីការជួញដូរបានច្រើនក្នុងរូបភាពអាពាហ៍ពិពាហ៍នេះ។
លោក បិត គឹមហុង បានឲ្យដឹងថា ៖ «ទី១ កូនកម្លោះត្រូវតែមករើសស្ដីដណ្ដឹង បើថាគាត់ប្រុសគាត់មកស្ដីដណ្ដឹងប្រពន្ធនៅស្រុក។ ទី២ គឺហាមដាច់ខាតមិនឲ្យមានភ្នាក់ងារឬក្រុមហ៊ុន។ ទី៣ ត្រូវតែមានការស្ម័គ្រចិត្ត បុរសដែលជាជនជាតិគេក៏ទាមទារឲ្យមានការងារធ្វើត្រឹមត្រូវដែរ ដើម្បីបញ្ចៀសបាននូវការកេងប្រវ័ញ្ច ក៏ដូចជាការក្លែងបន្លំអាពាហ៍ពិពាហ៍ក្លែងក្លាយយកទៅជួញដូរមនុស្សនៅប្រទេសផ្សេងៗ»។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក បានអបអរសាទរចំពោះរដ្ឋាភិបាលដែលបើកឲ្យមានការរៀបអាពាហ៍ពិពាហ៍ឆ្លងដែនឡើងវិញ ព្រោះថានេះជាការគោរពសិទ្ធិមនុស្សក្នុងការជ្រើសរើសគូស្រករ។
អ្នកស្រីបន្តថា អនុក្រឹត្យដែលទើបតែចេញនោះគឺអាចជួយការពារស្ត្រីបាន ប្រសិនបើរដ្ឋាភិបាលយកមកអនុវត្តន៍។
អគ្គលេខាធិការនៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ អ្នកស្រី រដ្ឋ បានឲ្យដឹងថា អនុក្រឹត្យដែលទើបតែចេញនោះ មានការរឹតបណ្តឹងច្រើនគួរឲ្យទុកចិត្តបានថា មិនមានការជួញដូរនិងការបង្ខិតបង្ខំណាមួយកើតមានឡើងតាមរូបភាពរៀបអាពាហ៍ពិពាហ៍ដូចកាលពីមុនឡើយ។
បើតាម លោក ប៊ិដ គឹមហុង ក៏បានឲ្យដឹងដែរថា កន្លងមកតាមរូបភាពអាពាហ៍ពិពាហ៍នេះ ស្ត្រីត្រូវបានគេបោកបញ្ឆោតយកទៅជួញដូរជាង២០០០នាក់រួចមកហើយ។
សូមរំឭកថា ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅថ្មីៗនេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតនានានៃអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋខ្មែរជាមួយនឹងជនបរទេសដោយហេតុផលថា អាពាហ៍ពិពាហ៍កន្លងមកគឺជាអាពាហ៍ពិពាហ៍ក្លែងក្លាយបោកបញ្ឆោតនិងមានការរត់ការជាខ្សែបណ្តាយឬក្រុមហ៊ុនអាជីវកម្មដើម្បីយកស្រ្តីខ្មែរទៅបម្រើតាមផ្ទះឬយកលក់ទៅឲ្យមេបនបម្រើផ្លូវភេទជាដើម៕
