កម្ពុជា​-​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​ទេសចរ​ចេញ​ចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ

មន្ត្រី​ក្រសួង​ទេសចរណ៍​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​និង​ថៃ​មាន​គម្រោង​បើក​ចំហ​ទេសចរ​ឲ្យ​ឆ្លង​ដែន​ចេញ​ចូល​ប្រទេស​ទាំង​ពីរ​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ នៅ​ខែ​មករា ឆ្នាំ​២០១០​ខាង​មុខ ប្រយោជន៍​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​និង​ទាក់ទាញ​ចំណូល​សេដ្ឋកិច្ច​បន្ថែម​ទៀត ខណៈ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

0:00 / 0:00

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៤ ខែ​តុលា ថា ប្រទេស​កម្ពុជា​និង​ថៃ​មាន​គម្រោង​នឹង​លើកលែង​ទិដ្ឋាការ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ទេសចរណ៍​ឆ្លង​ដែន​ចេញ​ចូល ដោយ​មិន​ចាំ​បាច់​មាន​ការ​សុំ​អនុញ្ញាត​ទិដ្ឋាការ​ដូច​មុន​ទៀត​ឡើយ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១០​ត​ទៅ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ធ្វើ​បែប​នេះ​គឺ​ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច ហើយ​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​បាន​អនុវត្ត​បើក​ចំហ​ទេសចរណ៍​ជាមួយ​ប្រទេស​ជាប់​គ្នា​ដើម្បី​កុំ​ឲ្យ​សេដ្ឋកិច្ច​យ៉ាប់​យ៉ឺន​នោះ។

លោក ថោង ខុន បាន​បញ្ជាក់​ថា ៖ «នៅ​អឺរ៉ុប​មាន​វិបត្តិ​ហ្នឹង ប្រទេស​គេ​បី​ជាប់ៗ​គ្នា​ហ្នឹង គេ​បបួល​គ្នា​ឃោសនា​ធ្វើ​ម៉េច​កុំ​ឲ្យ​សេដ្ឋកិច្ច​វា​យ៉ាប់ ហើយ​យើង​អ៊ីចឹង​ដែរ លាវ វៀតណាម ហើយ​និង​ថៃ​ហ្នឹង កម្ពុជា ថៃ ខែ​មករា ២០១០ ចាប់ផ្ដើម​អនុវត្ត​អត់​មាន​ទិដ្ឋាការ​ជាមួយ​ថៃ​និង​ខ្មែរ​ទេ»

ចំណែក​ទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា លោក ស៊ូវ៉ាត់ កែវស៊ុគ (Suwat Kaew Sook) បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ថៃ​និង​ខ្មែរ​បាន​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​ថា នឹង​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ឆ្លង​ដែន​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​លោក​មិន​ដឹង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ស្តីពី​ការ​លើកលែង​ទិដ្ឋាការ​នេះ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

លោក ស៊ូវ៉ាត់ កែវស៊ុគ បាន​មាន​ប្រសាសន៍​ថា ៖ «ទាំង​សងខាង​ទទួល​កិត្តិយស​យ៉ាង​ខ្លាំង អ្នក​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្រួល យើង​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​បាន​៣០​ថ្ងៃ ហើយ​រឿង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ វា​នឹង​តាម​មក​ទាំង​អស់»

មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​មាន​ប្រសាសន៍​ថា ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ជួយ​ដល់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម និង​ជា​មធ្យោបាយ​ងាយ​ស្រួល​សម្រាប់​ទេសចរណ៍​ថែម​ទៀត។

ទោះ​យ៉ាង​ណា មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​មិន​បាន​ដឹង​ថា តើ​អ្នក​ទេសចរណ៍​ពី​ប្រទេស​ថៃ​ចំនួន​ប៉ុន្មាន​នាក់​បាន​ចូល​មក​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​នោះ​ឡើយ គេ​គ្រាន់តែ​ប៉ាន់​ប្រមាណ​ជារួម​ថា ចំនួន​អ្នក​ទេសចរណ៍​ចូល​មក​កម្ពុជា​សរុប​៨​ខែ​ក្នុង​ឆ្នាំ​២០០៩​នេះ គឺ​កើន​ឡើង​២%​ទៅ​៣% បើ​ប្រៀបធៀប​នឹង​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​កន្លង​ទៅ ហើយ​គេរំ​ពឹង​ទៀត​ថា រហូត​ដល់​ដំណាច់​ឆ្នាំ​២០០៩ ចំនួន​អ្នក​ទេសចរណ៍​មក​កម្ពុជា​នឹង​កើន​ឡើង​ដល់​ទៅ​ជាង​២​លាន​២០​ម៉ឺន​នាក់។

ចំណែក​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា គេ​ពុំ​បាន​ដឹង​ចំនួន​ទេសចរណ៍​កម្ពុជា​ទៅ​ទស្សនា​ប្រទេស​ថៃ​ច្បាស់​លាស់​ទេ គឺ​គ្រាន់តែ​ដឹង​ថា មាន​ជនជាតិ​ខ្មែរ​ដែល​បាន​ចូល​សុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​ថៃ​ប្រមាណ​ជិត​១០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ៕