នៅក្នុងពិធីនេះ គេសង្កេតឃើញមានមន្ត្រីការទូតបរទេសនៃប្រទេសសមាជិកអាស៊ាន និងឯកអគ្គរដ្ឋទូត នៃប្រទេសមហាអំណាចមួយចំនួន ដូចជាសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) បានចូលរួមដែរ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសុំឲ្យអាស៊ានឯកភាពគ្នា និងសាមគ្គីគ្នា ដើម្បីបោះជំហានទៅមុខដោយដកទុកមួយឡែកសិននូវបញ្ហាទាំងឡាយដែលយើងពុំអាចសម្រេចបាននូវមតិឯកភាពរួម ស្របតាមស្មារតី និងទម្លាប់អនុវត្តរបស់អាស៊ានកន្លងមក។
ការអំពាវនាវនេះ គឺក្រោយពេលដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៥ បាន បញ្ចប់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ នៅឯវិមានសន្តិភាព មិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាន ដោយសារតែប្រទេសមួយចំនួនមានជម្លោះជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង ដូចជាប្រទេសវៀតណាម និងហ្វីលីពីន ជាដើម បានទាមទារឲ្យអាស៊ានដាក់បញ្ចូលបញ្ហាជម្លោះទ្វេភាគីជាមួយចិននោះ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ជាភាសាអង់គ្លេសថា៖ ការឯកភាព និងសាមគ្គីគ្នាធ្វើឲ្យយើងនឹងអាចរក្សាបាននូវតួនាទីស្នូលរបស់អាស៊ាន។ លោកជឿជាក់យ៉ាងមុតមាំថា អាស៊ាននឹងបន្តដើរលើមាគ៌ាត្រឹមត្រូវឆ្ពោះទៅសម្រេចបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ តាមទិសដៅ "សហគមន៍តែមួយជោគវាសនាតែមួយ"។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា លោក វីល្លៀម ថត បានមានប្រសាសន៍ថា លោករីករាយដែលបានមកចូលរួមក្នុងទិវាពិសេសនេះជាមួយមិត្តភក្ដិ និងសហសេវិកនានាមកពីអាស៊ាន ជាពិសេសជាមួយលោក ហោ ណាំហុង៖ «ខ្ញុំគិតថា អាស៊ានគឺជាអង្គការមួយដ៏ធំ ហើយអាស៊ានអាចដោះស្រាយរាល់បញ្ហាធំៗនានាបាន។ បើសិនណាអាស៊ានរួបរួមគ្នា គឺអាស៊ាននឹងដំណើរការទៅមុខ»។
ក្រោយពីអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានប្រកាសសេចក្ដីថ្លែងការណ៍រួមមួយចំនួន ៦ចំណុច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ នៅឯវិមានសន្តិភាព ដើម្បីជាគោលការណ៍រួមមួយ ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី រវាងប្រទេសដៃគូជម្លោះជាមួយប្រទេសចិន ដូចជាប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេ ជាដើម។
សេចក្ដីថ្លែងការណ៍រួម ៦ចំណុចនោះ ជាលទ្ធផលនៃការសហការគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ដែលបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស
វៀតណាម និងហ្វីលីពីន និងប្រទេសសមាជិកអាស៊ានមួយចំនួនទៀត។
ស្របពេលនេះដែរ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសមួយឲ្យដឹងថា នៅក្នុងការប្រារព្ធទិវា ៤៥ឆ្នាំ របស់អាស៊ាន នៅថ្ងៃទី៨ ខែសីហា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសង្កថា ព្រមទាំងចុះហត្ថលេខាលើផ្ទាំងបាឋកថាអាស៊ាន នៅសាលបុរីកោះពេជ្រ ចូលរួមដោយអគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ នឹងថ្លែងសង្កថាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។