លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ បានប្រកាសជាសាធារណៈថា កម្ពុជានឹងមិនប្រើប្រាស់តួនាទីជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០១២ ដើម្បីចរចាជម្លោះព្រំដែនជាមួយនឹងប្រទេសថៃនោះទេ។
លោកបន្តថា កម្ពុជានឹងបន្តស្នើឲ្យប្រទេសឥណ្ឌូណេស៊ី ជួយសម្របសម្រួលជម្លោះកម្ពុជា និងថៃ បន្ថែមទៀត បើទោះបីប្រទេសឥណ្ឌូណេស៊ី ត្រូវអស់តួនាទីជាប្រធានអាស៊ាន នៅឆ្នាំក្រោយក៏ដោយ។ លោកចាត់ទុកប្រទេសឥណ្ឌូណេស៊ី ជាប្រទេសមួយមានកេរ្តិ៍ឈ្មោះក្នុងតំបន់។
លោក ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះតួនាទីរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលបានផ្ដួចផ្ដើមឲ្យភាគីកម្ពុជា និងថៃ ទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកតាមដានស្ថានការណ៍ជម្លោះប្រដាប់អាវុធ ដើម្បីធានាថា កងទ័ពប្រទេសទាំងពីរនឹងមិនបន្តប៉ះទង្គិចទៀត។
ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃទី២៣ ខែកុម្ភៈថា ក្រសួងកំពុងរៀបចំបញ្ជូនមន្ត្រីយោធា និងជនស៊ីវិលប្រមាណ ៣០នាក់ មកកាន់ព្រំដែនកម្ពុជា និងថៃ ដើម្បីធានាថា ភាគីទាំងសងខាងនឹងគោរពកិច្ចព្រមព្រៀងចរចាគ្នាដោយសន្តិវិធី ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកុម្ភៈ។
លោក ហ៊ុន សែន បន្ថែមថា រដ្ឋមន្ត្រីការពារជាតិថៃ និងកម្ពុជា អាចជួបប្រជុំគ្នាជាលក្ខណៈទ្វេភាគី ប៉ុន្តែមានភាគីឥណ្ឌូណេស៊ី ចូលរួមធ្វើការដោះស្រាយ និងជាសាក្សី ៖ «ទីបំផុតកិច្ចការត្រូវតែសម្រេចដោយភាគីដែលមានជម្លោះជាមួយគ្នាហ្នឹងឯង គឺកម្ពុជា និងថៃ ក៏ប៉ុន្តែមានអ្នកទី៣ គេអាចចុះហត្ថលេខារួមជាមួយយើង បើសិនជាមានការចុះហត្ថលេខា ឬក៏គេអាចចេញសេចក្ដីប្រកាសទទួលស្គាល់នូវលទ្ធផលនៃការចរចានេះដោយប្រធានអាស៊ាន»។
លោក ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងការគំរាមធ្វើសង្គ្រាមជាលក្ខណៈទ្រង់ទ្រាយធំរបស់នាយករដ្ឋមន្ត្រីថៃថា កម្ពុជានឹងមិនចាប់ផ្ដើមផ្ទុះអាវុធមុននោះទេ ប៉ុន្តែកម្ពុជានឹងប្រយុទ្ធ ប្រសិនបើមានការឈ្លានពានបូរណភាពទឹកដី។
លោកបន្តថា កម្ពុជានឹងគោរពបទឈប់បាញ់គ្នា ដែលបានស្នើដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៖ «អ៊ីចឹងកុំបារម្ភថា ខ្ញុំសំណូមពរឲ្យដកទ័ព ទ័ពនៅដីរបស់លោក លោកទុកប៉ុន្មានជារឿងរបស់លោក ហើយទ័ពខាងកម្ពុជាប៉ុន្មានគឺជាសិទ្ធិរបស់កម្ពុជា»។
នាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ក៏បានបញ្ជាប់ថា កងទ័ពនៃប្រទេសទាំងពីរនឹងមិនដកចេញពីតំបន់ជម្លោះព្រំដែននោះទេ ដោយសារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើឲ្យឈប់បាញ់គ្នា ប៉ុន្តែមិនបានឲ្យដកកងទ័ពចេញនោះទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា កាលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ បានឲ្យដឹងថា ស្ថានភាពតានតឹងផ្នែកយោធានៅតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារនៅតែបន្តទៀត បើទោះបីទាហានខ្មែរ និងថៃ បានសន្យាឲ្យមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ក៏ដោយ។ ទាហាននៃប្រទេសទាំងពីរនៅតែត្រៀមខ្លួនប្រយុទ្ធនៅតាមលេណដ្ឋានរៀងៗខ្លួន។
រដ្ឋាភិបាលកម្ពុជា និងថៃ កំពុងរង់ចាំអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ជាមន្ត្រីយោធា និងជនស៊ីវិលដែលនឹងត្រូវបញ្ជូនមកព្រំដែននៃប្រទេសទាំងពីរនៅសប្ដាហ៍ក្រោយនេះ៕