មន្ត្រីស្ថានទូតកម្ពុជា នៅប្រទេសឥណ្ឌូណេស៊ី បានចូលទៅជួបពលករខ្មែរទាំងនោះនៅក្នុងមន្ទីរឃុំឃាំងនៅប្រទេសឥណ្ឌូណេស៊ី កន្លងទៅថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា ក្រសួងការបរទេសបានទទួលសំណើជាផ្លូវការពីគ្រួសាររបស់ពលករទាំងនោះ ដើម្បីឲ្យជួយសង្គ្រោះ។
លោកបន្តថា ៖ «អ៊ីចឹងឥឡូវហ្នឹងអង្គការ អាយ.អូ.អ៊ឹម. (IOM) គេនៅតែបញ្ជាក់អត្តសញ្ញាណឲ្យបានច្បាស់ជាងនេះទៀត។ ពេលណាគេបានបញ្ជាក់អត្តសញ្ញាណច្បាស់ហើយ គេនឹងសម្រេចចេញសោហ៊ុយធ្វើដំណើរតាមជើងយន្តហោះមកប្រទេសកម្ពុជា យើងនាពេលឆាប់ៗខាងមុខនេះហើយ»។
ឪពុករបស់ពលកររងគ្រោះម្នាក់នៅក្នុងចំណោម ១៣នាក់ គឺលោក ចាន់ សារ៉េត អាយុ ៤២ឆ្នាំ នៅស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងប្រាប់តាមទូរស័ព្ទថា លោកសង្ឃឹមថា នឹងបានជួបកូននាពេលឆាប់ៗនេះ ៖ «ស្រុកយើងនេះវាក្រពេក នៅនេះអត់មានរកស៊ីអ្វីទេ ខ្ញុំប្រាប់ត្រង់ បើបងមកឃើញ មិនដឹងរកស៊ីមុខរបរអ្វីទេ។ បាទ! ហើយកូនទៅហ្នឹងមានគេតេ (ទូរស័ព្ទ) ពីស្រុកបាត់ដំបង មកឲ្យទៅ។ ដល់ពេលចាញ់បោកគេ គេតៗ លក់ចូលទៅថៃ ថៃលក់ទៅឥណ្ឌូណេស៊ីទៀត»។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី បានមានប្រសាសន៍ថា លោកបានទាក់ទងទៅមន្ត្រីស្ថានទូតកម្ពុជា នៅប្រទេស ឥណ្ឌូណេស៊ី សុំឲ្យជួយដោះស្រាយរឿងនេះ ៖ «បើសិនជាមានចម្លើយដូចថា អ្នកណាមួយដែលបាននាំគាត់ទៅឆ្លងដែន ហើយទៅដល់ឥណ្ឌូណេស៊ី ត្រូវបានគេធ្វើទុក្ខបុកម្នេញ ធ្វើបាបអ៊ីចឹង អ្នកដែលនាំគាត់ទៅហ្នឹង គឺត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់»។
អង្គការខារ៉ាម ខេមបូឌា (Caram Cambodia) កំពុងតែដោះស្រាយរឿងនេះដែរ ក្រោយពីបានទទួលពាក្យបណ្ដឹងពីគ្រួសាររបស់ពលកររងគ្រោះនោះ។ ប្រភពពីលោក កុយ គួង បានបញ្ជាក់ថា ពលករខ្មែរចំនួន ១៣នាក់នោះ គឺ ១១នាក់នៅខេត្តតាកែវ ម្នាក់នៅខេត្តកំពង់ធំ ម្នាក់ទៀតនៅខេត្ត កំពង់ស្ពឺ។
ការស៊ើបអង្កេតរបស់អង្គការខារ៉ាម ខេមបូឌា កន្លងមក បានរកឃើញថា ពលករចំនួន ១៣នាក់នោះបានចូលទៅទឹកដីថៃ ដោយខុសច្បាប់ តាមច្រករបៀងតូចៗនៅឆ្នាំ២០១០ កន្លងទៅ តាមរយៈមេខ្យល់ ដើម្បីរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែពួកគាត់ត្រូវបានគេលក់កម្លាំងពលកម្មបន្តឲ្យទៅថៅកែនេសាទ ជនជាតិឥណ្ឌូណេស៊ី។
ពលកររងគ្រោះកន្លងមកបានឲ្យដឹងថា មូលហេតុដែលពួកគាត់ធ្វើចំណាកស្រុករកការងារធ្វើ គឺដោយសារភាពក្រីក្រ និងអត់ការងារធ្វើនៅក្នុងស្រុក៕