ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យពលរដ្ឋចូលរួមកម្ចាត់អំពើពុករលួយ ខណៈពេលដែលប្រជាពលរដ្ឋមួយចំនួនមិនទាន់ដឹងពីនីតិវិធីនៃការចូលរួមប្រឆាំងអំពើពុករលួយនៅឡើយ។
ការប្រារព្ធទិវាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ដែលមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងមនុស្សម្នា ប្រុសស្រីជាង ៣ពាន់នាក់។ ពិធីនោះប្រារព្ធឡើងក្នុងបរិវេណស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយក៏មានការផ្សាយផ្ទាល់តាមទូរទស្សន៍ដដែលដែរ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងថា បច្ចុប្បន្នកម្ពុជា មានច្បាប់ប្រឆាំងអំពើពុករលួយ និងអង្គភាពវិជ្ជាជីវៈក្នុងការប្រឆាំងអំពើពុករលួយ ដួចនេះពលរដ្ឋត្រូវមានទំនុកចិត្តនិងចូលរួមក្នុងការប្រឆាំងអំពើពុករលួយ។ លោកបន្តថា នៅដើមឆ្នាំ២០១៣ ខាងមុខ មន្ត្រីរដ្ឋាភិបាលដែលជាប់កាតព្វកិច្ចច្បាប់នឹងត្រូវប្រកាសទ្រព្យសម្បត្តិ ដើម្បីបង្ហាញពីតម្លាភាពរបស់ពួកគេ។
លោក ឱម យ៉ិនទៀង បញ្ជាក់ថា រដ្ឋាភិបាលប្ដេជ្ញាចិត្តថា នឹងបង្ក្រាបអំពើពុករលួយដោយមិនរាថយឡើយ ព្រោះថា អំពើពុករលួយជាឧបសគ្គចម្បងក្នុងការអភិវឌ្ឍសង្គម។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិប្រឆាំងអំពើពុករលួយ ធ្វើឡើងដើម្បីរំលឹកឲ្យប្រជាពលរដ្ឋរួមគ្នាប្រឆាំងអំពើពុករលួយ។ លោកបន្តថា អំពើពុករលួយជាមេរោគមួយដ៏សាហាវដែលបង្អាក់ដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា អស់ជាច្រើនឆ្នាំមកហើយ ដូចនេះគ្រប់គ្នាត្រូវតែក្រោកឈរឡើងដើម្បីប្រឆាំងអំពើពុករលួយ។
លោក ព្រាប កុល បញ្ជាក់ថា អំពើពុករលួយអាចបំបាត់ទៅបានយូរនិងឆាប់ គឺអាស្រ័យលើការចូលរួមរបស់ពលរដ្ឋទូទៅ ហើយបើសិនជាយើងមិនរួមចំណែកធ្វើជាដំណោះស្រាយ យើងប្រហែលជារួមចំណែកក្នុងបញ្ហា។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋជាច្រើនដែលបានជួបសម្ភាសន៍លើកឡើងស្រដៀងគ្នាថា ពួកគាត់ជួបប្រទះ និងរស់នៅជាមួយអំពើពុករលួយរាល់ថ្ងៃ ប៉ុន្តែពួកគាត់មិនទាន់ហ៊ានប្ដឹង ឬរាយការណ៍ករណីពុករលួយនោះទេ។ ពលរដ្ឋបន្តថា ពួកគាត់នឹងហ៊ានចេញមុខប្ដឹងមន្ត្រីណាដែលប្រព្រឹត្តពុករលួយ ដ៏រាបណាមន្ត្រីអនុវត្តច្បាប់ ជាពិសេសប្រព័ន្ធតុលាការធ្វើឲ្យពលរដ្ឋទុកចិត្តជាមុនសិន។
នៅក្នុងវេទិកាជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំនេះ មានការប្រគំតន្ត្រីដើរបង្ហាញម៉ូត និងផ្ញើសារអប់រំប្រឆាំងអំពើពុករលួយ សូត្រកំណាព្យស្ដីពីគុណវិបត្តិនៃអំពើពុករលួយ ការចែករង្វាន់ដល់បេក្ខជនប្រឡង កំណាព្យ គំនូរ និងពាក្យស្លោក ដែលផ្សាយផ្ទាល់តាមទូរទស្សន៍អាស៊ីអាគ្នេយ៍រយៈពេលជាង ២ម៉ោង។ នៅក្នុងការប្រគំតន្ត្រីនោះ ក៏មានបទចម្រៀងនិពន្ធថ្មីចំនួន ២ ដែលនិយាយពីការប្រឆាំងអំពើពុករលួយ។
ក្រុមមន្ត្រីរំពឹងថា មនុស្សរាប់លាននាក់ក្នុងប្រទេសកម្ពុជា នឹងទទួលសារប្រឆាំងអំពើពុករលួយ ព្រមទាំងហ៊ានរាយការណ៍ពីករណីពុករលួយទៅកាន់ទូរស័ព្ទលេខ ៨២១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។