កម្ពុជា​ស្នើ​ឲ្យ​បង្កើត​មូលនិធិ CLV

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ស្នើ​ឲ្យ​បង្កើត​មូលនិធិ​កម្ពុជា វៀតណាម លាវ (CLV) ដើម្បី​ទ្រទ្រង់​ទៅ​ដល់​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ក្រោយ​ពី​ប្រទេស​ទាំង​បី​កំពុង​តែ​ជួប​នូវ​កង្វះ​ធនធាន​ហិរញ្ញវត្ថុ។

សេចក្ដី​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដី​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា វៀតណាម លាវ លើក​ទី​៦ ហៅ​កាត់​ថា ស៊ី.អិល.វី. (CLV) ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ផែនការ​ប្លង់​មេ ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ដែល​ទើប​នឹង​បាន​កែប្រែ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​បី។

កិច្ច​ប្រជុំ​កំពូល CLV បាន​ធ្វើ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០៤ នៅ​ប្រទេស​លាវ សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​នៃ​ខេត្ត​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​បី មាន​ដូច​ជា​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ ខេត្ត​អាតាពើ សារ៉ាវ៉ាន់ សេកុង ចំប៉ាសាក់ ប្រទេស​លាវ និង​ខេត្ត​​ដាក់ឡាក់ ដាក់ណុង យ៉ាឡាយ ប៊ិញផឿក និង​កនទុម នៃ​ប្រទេស​វៀតណាម។

ផែនការ​នៃ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​ត្រីកោណ​នេះ រួម​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ពាណិជ្ជកម្ម សម្របសម្រួល​លំហូរ​ទំនិញ​ឆ្លង​កាត់​ព្រំដែន និង​លុប​ចោល​នូវ​បញ្ហា​រាំង​ស្ទះ​នានា ដោយ​មាន​ការ​រួម​បញ្ចូល​គ្នា​នៃ​បញ្ហា​គយ និង​បែប​បទ​នៃ​ការ​នាំ​ចូល។

ប្រទេស​ជប៉ុន ធ្លាប់​បាន​ផ្ដល់​ទឹក​ប្រាក់​ចំនួន ២០​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៃ​តំបន់​ត្រីកោណ​នេះ​រួច​មក​ហើយ៕