រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ និងជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសសិង្ហបុរី លោក អ៊ិនជី អេងហេន (NG Eng Hen)បានឯកភាពគ្នាថា នឹងបន្តយន្តការដោះស្រាយបញ្ហាជម្លោះនៅកោះស្ព្រាតលី (Spratly) និងកោះប៉ារ៉ាស៊ែល (Paracels) នៅសមុទ្រចិនខាងត្បូងនោះដោយផ្អែកលើគោលការណ៍សន្តិភាព និងបង្កើតឲ្យមានក្រមប្រតិបត្តិមួយដើម្បីដោះស្រាយរឿងនេះ។
ការឯកភាពគ្នានេះបានធ្វើឡើងនៅមុនពេលដែលក្រសួងការពារជាតិកម្ពុជា គ្រោងបើកកិច្ចប្រជុំសំខាន់មួយនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅខេត្តសៀមរាប។ កិច្ចប្រជុំនោះ គឺមានឈ្មោះថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូកជាមួយប្រទេសដៃគូមួយចំនួនទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនោះ គឺមានទម្រង់រួចស្រេចហើយ ដើម្បីដោះស្រាយ គឺមិនពង្រីកបញ្ហានេះឲ្យធំទេ៖ «គឺការពិភាក្សាដោះស្រាយផ្អែកលើច្បាប់ ...ក្នុងន័យមួយផ្ដល់សុខសន្តិភាពជាសំខាន់ ឈានទៅដល់ការធ្វើសេចក្ដីព្រាងរៀបចំជាក្រមប្រតិបត្តិមួយនៅពេលខាងមុខនេះ»។
ទាក់ទងនិងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសសិង្ហបុរី លោក អ៊ិនជី អេងហេន បានមានប្រសាសន៍ថា យើងបានជួបពិភាក្សាជាមួយគ្នាល្អណាស់៖ «ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា មិនមែនជាប្រទេសភាគីជម្លោះទេ។ ...ខ្ញុំគិតថា យើងត្រូវតែមានគោលការណ៍មួយដើម្បីដោះស្រាយបញ្ហានេះឈានទៅមុខដើម្បីធានាឲ្យមានសេរីភាពរបស់នាវាចរណ៍។ ចំណែកឯបញ្ហាជម្លោះ គឺត្រូវតែដោះស្រាយតាមសន្តិវិធី។ លោករដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានលើកឡើងហើយថា មន្ត្រីជាន់ខ្ពស់យោធា កម្ពុជា កំពុងតែធ្វើក្រមប្រតិបត្តិមួយ និងក្រមសីលធម៌ដែរ ដើម្បីដោះស្រាយជម្លោះនោះ»។
ទាក់ទងនឹងការដោះស្រាយបញ្ហាជម្លោះដណ្ដើមកោះនៅសមុទ្រចិនខាងត្បូងនោះ ជារួមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ នៅគ្រាដែលបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ នៅទីក្រុងភ្នំពេញ ថា មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង ១០ បានមានឯកភាពគ្នាថា និងបន្តដោះស្រាយជម្លោះនេះ រវាងអាស៊ាន និងចិន គឺមិនដោះស្រាយបញ្ហានេះជាអន្តរជាតិក្រៅពីក្របខ័ណ្ឌនេះទេ នៅក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០១២ នេះ។
កន្លងមកមានការចោទប្រកាន់ និងរិះគន់ថា ប្រទេសកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០១២ នេះ បានទទួលរងឥទ្ធិពលពីប្រទេសចិន មិនលើកយកបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងមកពិភាក្សាក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេធការចោទប្រកាន់នោះ ដោយបានបញ្ជាក់ថា មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង ១០ពិតជាបានពិភាក្សារឿងនេះកន្លងមក។
ប្រទេសសមាជិកអាស៊ានដែលកំពុងតែមានជម្លោះដើម្បីកោះស្ព្រាតលី និងកោះប៉ារ៉ាស៊ែល នៅសមុទ្រខាងត្បូងនោះ មានប្រទេសម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងប្រទេសប្រ៊ុយណេ ជាមួយប្រទេសចិន។ នកស្រាវជ្រាវបានរកឃើញថា នៅបាតសមុទ្រនៅសមុទ្រចិនខាងត្បូងនោះ គឺមានអណ្ដូងប្រេង និងឧស្ម័នមហាសាល៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។