កម្ពុជា​​ថៃ​ព្រមព្រៀង​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) បាន​ឯកភាព​គ្នា​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា កម្ពុជា និង​ថៃ បន្ត​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ជៀសវាង​អំពើ​ហិង្សា។

0:00 / 0:00

ភាគី​កម្ពុជា បាន​បញ្ជាក់​ទៅ​លោក កាស៊ីត ភិរម្យ ថា ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ចំនួន ៧​នាក់​កន្លង​មក​នេះ ជា​ការ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា។

លោក ហោ ណាំហុង និង​លោក កាស៊ីត ភិរម្យ បាន​ជួប​ចរចា​ទ្វេ​ភាគី​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ពេល​ដែល​បាន​ទៅ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ដល់​ថ្ងៃ​ទី​១៨ ខែ​មករា កន្លង​ទៅ​ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការបរទេស នៅ​ថ្ងៃ​ទី​១៩ ខែ​មករា​ថា ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ចំនួន ៧​នាក់​កន្លង​មក គឺ​នីតិវិធី​របស់​តុលាការ​កម្ពុជា។

លោក ហោ ណាំហុង ថ្លែង​បញ្ជាក់​ដូច្នេះ ៖ «ខ្ញុំ​ក៏​បាន​ជម្រាប​លោក (កាស៊ីត ភិរម្យ) ទ្បើង​វិញ ក៏​ដូច​ជា​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កន្លង​មក។ យើង​ធ្វើ​នេះ គឺ​តាម​នីតិវិធី​ច្បាប់​តុលាការ ដោយ​គ្មាន​គំនិត​ចង់​ធ្វើ​អាក្រក់​ជាមួយ​ប្រទេស​ថៃ​ទេ គ្មាន​ការ​គុំកួន​ទេ។ នេះ​ជា​នីតិវិធី​របស់​តុលាការ​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​យើង»

អាជ្ញាធរ​កម្ពុជា បាន​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ចំនួន ៧​នាក់ កាល​ពី​ថៃ្ង​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ ក្រោម​បទ​ចោទ​ថា បាន​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ នៅ​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជាប់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់។

រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ​មករា ថ្មីៗ​នេះ តុលាការ​កម្ពុជា រាប់​ទាំង​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សភា​ស៊ើបសួរ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ដោះលែង​ជនជាតិ​ថៃ ចំនួន ៦​នាក់​ហើយ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​ក្នុង​ចំណោម ៧​នាក់ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​កម្ពុជា គឺ​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានទូត​ថៃ នៅ​កម្ពុជា មិន​ឲ្យ​រត់​គេច​ខ្លួន​ទេ។

ជនជាតិ​ថៃ​ម្នាក់​ដែល​សភា​ស៊ើប​សួរ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​កាល​ពី​ថៃ្ង​ទី​១៨ ខែ​មករា បន្ត​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃ​ស​នោះ មាន​ឈ្មោះ វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) ភេទ​ប្រុស ដែល​មាន​តួនាទី​ជា​អគ្គលេខាធិការ​បណ្ដាញ​ប្រជាជន​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​មេដឹកនាំ​ក្រុម​អាវ​លឿង​របស់​ថៃ។ ជន​ជាប់​ចោទ​រូប​នេះ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​ក្រោម​បទ​ចារកម្ម និង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ខុស​ច្បាប់ ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់។

មេធាវី​របស់​ជន​ជាប់​ចោទ​ថៃ​រូប​នេះ គឺ​លោក ប៉ិច វិច្ឆិកា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​ពី​តុលាការ​ក្រុង​ភ្នំពេញ អំពី​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ៕