ពលរដ្ឋ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ដី​ដែល​ប៉ះពាល់​ពី​ការ​បោះ​បង្គោល​ព្រំដែន

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងដំរីផុង ឃុំ​ដា ស្រុក​មេមត់ ខេត្ត​កំពង់ចាម ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​លើ​លិខិត​តវ៉ា​ ទាមទារ​ឲ្យ​ដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដី​ប្រកប​អាជីវកម្ម​ជា​ច្រើន​ហិកតា នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​ជា​ដី​​កេរ​ពី​ដូនតា កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​ឆាប់ៗ​ខាង​មុខ។
ដោយ ឱ ភារិទ្ធ
2010-10-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ទូច សារឹត ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងដំរីផុង បាន​អះអាង​ថា ដី​លោក​ប្រមាណ​មួយ​ហិកតា​កន្លះ​នៅ​​​តំបន់​ស ​បច្ចុប្បន្ន​ បន្ទាប់​ពីបាន​​បោះ​​តម្រុយ​បង្គោល​ព្រំដែន​លេខ​១០៩ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដី​របស់​គាត់​បាន​ក្លាយ​ជា​ដី​របស់​វៀតណាម​ទៅ​វិញ ធ្វើ​ឲ្យ​លោក​បាត់បង់​ដី​ធ្វើ​អាជីវកម្ម​ផ្សេងៗ។

លោក ទូច សារឹត បន្ថែម​ថា ៖ «អា​តំបន់​ស​ហ្នឹង​នៅ​ខាង​វៀតណាម​ហើយ​ឥឡូវ​ហ្នឹង តំបន់​ស​គេ​ការពារ​តាំង​ពី​មិន​ទាន់​បោះ។ ​ឥឡូវ​នេះ​ ពេល​គេ​បោះ​​បង្គោល​ព្រំដែន​ចូល​ហួស​តំបន់​ស​ទៀត ចូល​​ដល់​ទឹក​ដី​​ប្រជាពលរដ្ឋ​តំបន់​ដំរីផុង ​ឆ្ងាយ​ពី​តំបន់​ស​ជិត ២០០​ម៉ែត្រ...»។

អ្នកស្រី ហាវ ឈឿន ប្រជាពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​ដែរ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​មាន​ដី​ដាំ​ដើម​ស្វាយចន្ទី​ចំនួន​ពីរ​ហិកតា​នៅ​ក្បែរ​តំបន់​ស ដែល​កាល​ពី ៥​ឆ្នាំ​មុន​វៀតណាម​តែងតែ​​ដេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ស្រែ​ចម្កា​ទេ តែ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​បោះ​បង្គោល​ព្រំដែន​ចំ​ដី​អ្នកស្រី​ទាំង​អស់។

អ្នកស្រី ហាវ ឈឿន ឲ្យ​ដឹង​ទៀត​ថា ៖ «ជាប់​តំបន់​ស ៥០​ម៉ែត្រ ពី​តំបន់​ស​មក​ចម្ការ​ខ្ញុំ ឥឡូវ​ហ្នឹង​គេ​ឡើង​មក ២០០​ម៉ែត្រ​ពី​លើ​ហ្នឹង​តែម្ដង។ គេ​ដាក់​ហើយ​បង្គោល​ឈើ​លេខ​១០៩ គេ​ដាក់​វៀតណាម​ម្ខាង កម្ពុជា​ម្ខាង។ ខ្ញុំ​បារម្ភ ពិបាក​ចិត្ត ​អស់​ដី​អស់​ធ្លី គ្មាន​អី​ឲ្យ​កូន​ចៅ​ហូប​ទេ។ ដី​ខ្ញុំ​នៅ​ខាង​ត្បូង​បង្គោល​​ចូល​ទៅ​ខាង​យួន​ហ្នឹង។ ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ដី​ហ្នឹង​ខ្ញុំ​បាន​ធ្វើ​វិញ​ផង»

លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម បាន​បំភ្លឺ​ពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ថា យើង​គោរព​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ទទួល​ស្គាល់​ផែនទី​ដែល​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ ដូច​ការ​បោះ​បង្គោល​លេខ​៩៥ ដី​វៀតណាម មាន​ចូល​មក​ខាង​យើង ហើយ​គេ​បាន​កាប់​ចេញ​ជា​ច្រើន​ហិកតា ឯ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​យើង​មិន​ដេញ​ទៅ​ណា​ទេ។

លោក ហ៊ុន ណេង មាន​ប្រសាសន៍​ទៀត​ថា ៖ «ទី​មួយ​យើង​គោរព​រដ្ឋធម្មនុញ្ញ​របស់​យើង ​ក្នុង​ទឹក​ដី​យើង​វា​មាន ១៨១,០៣៥​គីឡូម៉ែត្រ​ក្រឡា ហើយ​យើង​ទទួល​ស្គាល់​ផែនទី ១/១០០.០០០ ដែល​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ អ៊ីចឹង​ខេត្ត​កំពង់ចាម វា​មាន​ថ្នល់​ជាតិ​លេខ​៧ វា​គ្មាន​អ្នក​ណា​លើក​ថ្នល់​ចេញ​បាន​ទេ បើ​ឆ្ងល់​ច្រើន​ទាញ​ខ្សែ​វាស់​មក ប៉ុន្តែ​ឥឡូវ​នេះ​យើង​បោះ​ទៅ​តាម​ហ្នឹង ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ប្រទេស​ទាំង​ពីរ យើង​អនុវត្ត​​ទៅ​តាម​ច្បាប់ យើង​ត្រូវ​ធ្វើ​អ៊ីចឹង​ហើយ»

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​ខេត្ត​កំពង់ចាម មក​ពី​គណបក្ស​ប្រឆាំង បាន​លើក​ឡើង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ ហើយ​ថា គណៈកម្មការ​បាន​ទៅ​បោះ​តម្រុយ​ព្រំដែន បើ​ធ្វើ​ឲ្យ​បាត់​ដី​របស់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​រដ្ឋាភិបាល ឬ​គណៈកម្មការ​បង្ហាញ​និយាមកា​​ពិត​ប្រាកដ។

លោក ម៉ៅ មុនីវណ្ណ បន្ត​ថា ៖ «បើ​ផ្ទៃ​ដី​ស្រុក​យើង​វា​មាន ១៨១,០៣៥​គីឡូម៉ែត្រ​ការ៉េ យើង​ប្រាប់​និយាមកា​មក គេ​យក​ទៅ​ដាក់​ក្នុង​ផែនទី​ទៅ​ឃើញ​ហើយ​ថា បង្គោល​​ព្រំដែន​ហ្នឹង​​វា​រត់​នៅ​លើ​បង្គោល​ព្រំដែន​ពិត​ប្រាកដ​មែន បើ​សិន​ជា​រត់​លើ​បង្គោល​ព្រំដែន ហើយ​វា​បាត់​បង់​ដី​ប្រជាពលរដ្ឋ រដ្ឋាភិបាល​ត្រូវ​រក​ដី​សម្បទាន​កន្លែង​ណា​មួយ​យក​មក​ជូន​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល ដើម្បី​ដោះស្រាយ​ជីវភាព​ចិញ្ចឹម​ជីវិត​ទៅ​អនាគត»

លោក ម៉ៅ មុនីវណ្ណ បាន​បន្ថែម​ថា រាល់​ការ​បោះ​បង្គោល​ព្រំដែន ប្រមុខ​រដ្ឋាភិបាល​តែងតែ​អះអាង​ថ្វាយ​ព្រះមហាក្សត្រ​ថា ពុំ​មាន​ការ​បាត់បង់​ដី​ឡើយ តែ​លោក​តែងតែ​ទទួល​បាន​ពាក្យ​តវ៉ា​ជានិច្ច​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ព្រំដែន បន្ទាប់​ពី​មាន​ការ​បោះ​បង្គោល ឬ​តម្រុយ​ព្រំដែន៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល