លោក ចាន់ យុត្ថា មន្ត្រីនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍នៅថ្ងៃទី៨ ខែមករា ថា ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់តាមខេត្តជាប់មាត់សមុទ្រ មានខេត្តកំពត និងខេត្តព្រះសីហនុ ជាដើម។
លោកបន្តថា បច្ចុប្បន្ន ដំណើររបស់ព្យុះឈ្មោះសូណាមូ (SONAMU) បានទៅដល់ប្រទេសម៉ាឡេស៊ី និងប្រទេសចិន នៅថ្ងៃទី៨ ខែមករា។ លោកថា ក្រោយព្យុះសូណាមូ បានរលាយខ្លួន អាកាសធាតុប្រទេសកម្ពុជា អាចនឹងត្រជាក់ជាងសព្វថ្ងៃ ពិសេសនៅតំបន់ភ្នំ។
លោក យុត្ថា បន្តថា ឥទ្ធិពលនៃព្យុះសូណាមូ នឹងធ្វើឲ្យផ្ទៃមេឃក្នុងប្រទេសកម្ពុជា គ្មានកម្តៅថ្ងៃ និងមានភ្លៀងធ្លាក់តិចតួច ពិសេសនៅតំបន់មាត់សមុទ្រ៖ «ឥឡូវនេះព្យុះនេះបានធ្វើដំណើរដល់ជ្រោយម៉ាឡាកា គឺសំដៅទៅកៀកនឹងប្រទេសឥណ្ឌូនេស៊ីហើយ។ អ៊ីចឹងគឺចាប់ពីថ្ងៃស្អែកឡើងទៅ យើងអាចមានភ្លៀងកក់ខែតិចតួចនៅតំបន់មាត់សមុទ្រ ពិសេសនៅខេត្តកំពត និងខេត្តព្រះសីហនុ។ ពុំមានឥទ្ធិពលអីធ្ងន់ធ្ងរទេ យើងគ្រាន់តែត្រជាក់បន្តិចបន្តួចនៅតាមតំបន់ភ្នំ ដូចជានៅតំបន់ខ្ពស់ជួរភ្នំដងរែក ឬក៏តំបន់ខ្ពង់រាបភាគឦសាន ពិសេសតំបន់ភ្នំត្រជាក់បន្តិច»។
បញ្ហានេះ សំរាប់ប្រជាពលរដ្ឋមានមូលដ្ឋានតាមខេត្តជាប់មាត់សមុទ្រ បានទទួលស្គាល់ថា ប៉ុន្មានថ្ងៃមកនេះ អាកាសធាតុបានត្រជាក់ខុសប្លែកពីថ្ងៃធម្មតា ហើយផ្ទៃមេឃគ្មានកម្ដៅថ្ងៃនោះទេ។
អ្នកស្រី រចនា ជាអាជីវករលក់គ្រឿងសមុទ្រតូបលេខ ៦៦៦ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។ អ្នកស្រីឲ្យដឹងថា តំបន់ឆ្នេរមួយនេះមិនទាន់មានភ្លៀងធ្លាក់ទេ ប៉ុន្តែផ្ទៃមេឃស្រទំ និងមានអាកាសធាតុត្រជាក់។
ចំណែកប្រជាពលរដ្ឋមានលំនៅឋានក្នុងខេត្តកំពត អ្នកស្រី លី ឈួន បានបញ្ជាក់ថា តំបន់នេះមានអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់តិចក្នុងប៉ុន្មានថ្ងៃមកនេះ។ អ្នកស្រីឲ្យដឹងថា តំបន់លើកំពូលភ្នំបូកគោ ជាចំណុចដែលមានអាកាសធាតុត្រជាក់បំផុតនាខេត្តកំពត។
អ្នកស្រី លី ឈួន ឲ្យដឹងបន្ថែមដូច្នេះ៖ «ទើបតែថ្ងៃហ្នឹងទេមានភ្លៀង ប៉ុន្តែមេឃស្រទំតាំងពីម្សិល។ អាកាសធាតុត្រជាក់ និងភ្លៀងតិចៗរលឹម។ តែនៅលើកំពូលភ្នំបូកគោត្រជាក់ណាស់ពេលឡើងទៅដល់ទីនោះ»។
យ៉ាងណាក៏ដោយ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹកអះអាងថា មិនបង្កបញ្ហាធ្ងន់ធ្ងរដល់ការរស់នៅ ឬការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋទេ។
មន្ត្រីជំនាញរូបនេះក៏បានឲ្យដឹងថា ចំពោះស្ថានភាពអាកាសធាតុនារដូវប្រាំងឆ្នាំនេះ នឹងមានភ្លៀងកក់ខែធ្លាក់មកជាបន្តបន្ទាប់ ក្រោយឥទ្ធិពលនៃព្យុះសូណាមូ បានរលាយខ្លួន។ ទោះយ៉ាងណាលោកថា ការប្រែប្រួលអាកាសធាតុនេះ មន្ត្រីជំនាញបានតាមដានមិនធ្វេសប្រហែសទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។