ម្ដាយ​ពលការិនី​នៅ​ពោធិ៍សាត់​អំពាវនាវ​ឲ្យ​ជួយ​កូនស្រី​នៅ​ម៉ាឡេស៊ី

ម្ដាយ​ពលការិនី​មួយ​រូប​នៅ​ខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​យក​កូន​ស្រី​គាត់​មក​ពី​ប្រទេស​ម៉ាឡេស៊ី វិញ ពីព្រោះ​នាង​បាន​ចប់​កុងត្រា​ការងារ​នៅ​ក្នុង​ប្រទេស​នោះ​ហើយ។

0:00 / 0:00

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ អែម សុខុម អាយុ ៦០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរត្រាវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ជា​ម្ដាយ​បង្កើត​របស់​ពលការិនី​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ឆឺយ សុភ័ណ្ឌ។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា កន្លង​ទៅ កូនស្រី​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ថៅកែ​បាន​វាយ​ធ្វើ​បាប​យ៉ាង​ខ្លាំង ដោយ​កូន​ស្រី​គាត់​មិន​ព្រម​បន្ត​កិច្ច​សន្យា ១​ឆ្នាំ​ទៀត។

គាត់​ថា ថៅកែ​បាន​រក​លេស​ចោទ​កូន​គាត់​ថា បាន​ធ្វើ​ឲ្យ​ខូច​ម្សៅ​នំប៉័ង​របស់​គេ​ឥឡូវ គេ​កាត់​ប្រាក់ខែ​ដែល​ធ្វើ​បាន​ជាង ២​ឆ្នាំ​នោះ​អស់​ហើយ ហើយ​ត្រូវ​ធ្វើ​ការ​បន្ថែម ៦​ខែ​ទៀត ទើប​រួច​ថ្លៃ​ការ​ខូចខាត៖ «ថៅកែ​ព្យាយាម​បណ្ដេញ​កូន​ខ្ញុំ​ចេញ​ពី​ផ្ទះ​គេ បន្ទាប់​ពី​វា​មិន​ព្រម​ចុះ​កិច្ច​សន្យា​បន្ត។ បន្ទាប់​ពី​កូន​ខ្ញុំ​ទូរស័ព្ទ​លើក​ក្រោយ​នេះ ថៅកែ​វា​បិទ​មិន​ឲ្យ​កូន​ខ្ញុំ​ទូរស័ព្ទ​មក​ទៀត។ ចាប់​ពី​ពេល​ហ្នឹង​មក គេ​ធ្វើ​បាប​រហូត ហើយ​ព្យាយាម​បណ្ដេញ​កូន​ខ្ញុំ​ចេញ​ពី​ផ្ទះ​គេ ដើម្បី​រួច​ពី​ការ​បង់​លុយ​ឈ្នួល​ឲ្យ​កូន​ខ្ញុំ។ ខ្ញុំ​ឥឡូវ​បារម្ភ​ពី​កូន​ស្ទើរ​ឆ្កួត​ទៅ​ហើយ...»

តាម​ឯកសារ​បញ្ជាក់​ថា ពលការិនី​ឈ្មោះ ឆឺយ សុភ័ណ្ឌ បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន​ហ្វ៊ីលីម័រ (PHILIMORE Cambodia)។ រយៈពេល​ជាង ២​ឆ្នាំ​នេះ ពលការិនី​ឈ្មោះ ឆឺយ សុភ័ណ្ឌ ធ្លាប់​បាន​ទូរស័ព្ទ​មក​គ្រួសារ​តែម្ដង​គត់ កាល​ពី​ឆ្នាំ​២០១១ និង​លើក​ចុង​ក្រោយ​នេះ​គឺ​កាល​ពី​ថ្ងៃ​២៨ កញ្ញា ឆ្នាំ​២០១២ ដែល​នាង​បាន​ប្រាប់​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​ថៅកែ ហើយ​សុំ​ឲ្យ​ម្ដាយ​នាង​រក​មធ្យោបាយ​ជួយ​យក​នាង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។

ទាក់ទិន​ចំពោះ​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន គឺ​លោកស្រី ក្ដាន់ សុផល បាន​ជំរុញ​ឲ្យ​គ្រួសារ​ពលការិនី​ដែល​កំពុង​មាន​បញ្ហា​បាត់​ដំណឹង ឬ​ទទួល​រង​ការ​ធ្វើ​បាប​ពី​ថៅកែ​នោះ មក​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​អ្នកស្រី​មាន​មូលដ្ឋាន​ក្នុង​ការ​ជួយ​សង្គ្រោះ។

លោកស្រី ក្ដាន់ សុផល៖ «បង​ឲ្យ​គាត់​មក​ដាក់​ពាក្យ​បណ្ដឹង​មក​ខ្ញុំ ដើម្បី​ស្រួល​ខ្ញុំ​ស្រាវជ្រាវ។ ខ្ញុំ​ធ្វើ​បែប​បទ​រួច​បញ្ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ខាង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន។ អត់​អី​ទេ ឲ្យ​តែ​ស្គាល់​ក្រុមហ៊ុន​យើង​អាច​ជួយ​គាត់​បាន។ ឲ្យ​គាត់​មក​ជួប​ខ្ញុំ​មក...»

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ កញ្ញា មិត សាមួន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង អង្គការ​លីកាដូ បាន​រៀបចំ​បែបបទ​បញ្ជូន​ទៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការ​នៅ​ភ្នំពេញ ដើម្បី​ជួយ​ពលការិនី​រូប​នេះ​ហើយ។

ដូច​គ្នា​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​ជំរុញ​ឲ្យ​គ្រួសារ​ពលការិនី​រូប​នេះ​មក​កាន់​ទីស្នាក់ការ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បំពេញ​បែបបទ​ផ្សេង​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​មជ្ឈមណ្ឌល​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ។

លោក មឿន តុលា មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ដែល​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​មាន​កិច្ច​ព្រមព្រៀង​នេះ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ជួប​ការ​លំបាក​ជា​ច្រើន​ដែល​កើត​ឡើង ដោយសារ​ការ​បង្ខិតបង្ខំ​អោយ​បន្ត​កិច្ច​សន្យា​ដោយ​ខុស​ច្បាប់។ លោក​ថា ពួកគេ​ប្រឈម​នឹង​ការ​ទទួល​ទោស​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​នេះ ប្រសិន​បើ​ពួកគេ​យល់​ព្រម​បន្ត​កិច្ចសន្យា​ណា​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។