ទីភ្នាក់ងារព័ត៌មាន រ៉យទ័រស៍ រាយការណ៍នៅថ្ងៃ២៣ វិច្ឆិកានេះថា ក្នុងរបាយការណ៍កាលពីថ្ងៃច័ន្ទរបស់អង្គការហៅកាត់ថា សហភាពរបស់អង់គ្លេសដើម្បីលុបបំបាត់ការវះកាត់សត្វទាំងរស់ធ្វើការពិសោធន៍ (British Union for Abolition of Vivisection) ជាអក្សរកាត់ (BUAV) គឺ ក្នុងមួយឆ្នាំៗ ស្វាប្រភេទ macaque កន្ទុយវែងរាប់ពាន់ បានត្រូវគេយកចេញពីព្រៃ ហើយរក្សាទុកយ៉ាងគ្មានមេត្តា មុននឹងនាំចេញទៅក្រៅប្រទេស។ ហើយស្វារាប់ពាន់ទៀតរងរបួស ត្រូវគេចិញ្ចឹមក្នុងកសិដ្ឋាន។
ក្រុមនេះបន្តថា ក្នុងពេលដែលសត្វស្វាប្រភេទ macaque កន្ទុយវែង មិនស្ថិតក្នុងសភាពអន្តរាយនៅឡើយនោះ ការធ្វើពាណិជ្ជកម្មដ៏មិនត្រឹមត្រូវ បានធ្វើឲ្យចំនួនសត្វនោះ ថយចុះនៅក្នុងព្រៃស្រុកខ្មែរ។
Michelle Thew នាយកប្រតិបត្តិនៃអង្គការនេះ មានប្រសាសន៍ថា ក្នុងពេលដែលកាន់តែមានការបារម្ភជាអន្តរជាតិចំពោះស្ថានភាពសត្វព្រៃ សូមរដ្ឋាភិបាលកម្ពុជាការពារសត្វស្វាប្រភេទ macaque នេះផង។
ព័ត៌មានបន្តថា ក្នុងរបាយការណ៍នោះក៏មានសរសេរថា កាលពីឆ្នាំទៅសត្វស្វាជិត ១ម៉ឺនក្បាល ត្រូវបានគេនាំចេញពីកម្ពុជា ហើយភាគច្រើនចេញទៅមន្ទីរពិសោធន៍និងហាងនៅសហរដ្ឋអាមេរិកនិងចិន៕
