កម្ពុជា​ទាមទារ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​បំណុល​ដល់​ប្រទេស​ដែល​មាន​អភិវឌ្ឍន៍​តិច​តួច

2008-11-19

នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ទាមទារ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​បំណុល​និង​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ដែល​កំពុង​តែ​មាន​ឧបសគ្គ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភព​លោក​នោះ។

AFP Photo

លោក​នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ។

នៅ​ឯ​សណ្ឋាគារ​នា​ខេត្ត​សៀមរាប​ក្នុង​ឱកាស​ប្រកាស​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​ស្ដីពី​ជំនួយ​ពាណិជ្ជកម្ម កម្មវិធី​អភិវឌ្ឍន៍​ឧស្សាហកម្ម​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​មាន​ប្រទេស​ចំនួន ៤៩ ចូលរួម​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​វិច្ឆិកា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​សម្រាប់​អនាគត​ដ៏​គាប់​ប្រសើរ​របស់​ប្រជាជន​យើង ខ្ញុំ​យល់​ថា ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភព​លោក ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​រាល់​បញ្ហា​ប្រឈម​និង​ធានា​ឲ្យ​បាន​នូវ​ផល​ប្រយោជន៍​ជា​សារវ័ន្ត​របស់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច។ បន្ថែម​ពី​លើ​នេះ ហិរញ្ញប្បទាន​សហប្រតិបត្តិការ​និង​ការ​បន្ធូរ​បន្ថយ​បំណុល គួរ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជំរុញ​ដំណើរការ​អភិវឌ្ឍណ៍​របស់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា ក៏​ដូចជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ដទៃ​ទៀត​ដែរ គឺ​របាំង​ពាណិជ្ជកម្ម​កំពុង​តែ​កើត​មាន​យ៉ាង​មាំ ៖ «សម្រាប់​ប្រទេស​យើង​គឺ​បើក​ចំហ​ទទួល​យក​ផលិតផល​នៃ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​ដល់​ទៅ​យើង ទៅ​ចូល​ប្រទេស​អភិវឌ្ឍន៍​វិញ របាំង​ពាណិជ្ជកម្ម​គឺ​នៅ​យ៉ាង​មាំ ជួន​កាល​បញ្ហា​ពន្ធដារ​អាច​នឹង​លើក​ចោល ក៏​ប៉ុន្តែ​គេ​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​មួយ តាមរយៈ​ថា បញ្ហា​ភូតគាម​អនាម័យ អ៊ីចឹង​ទេ អា​ធុន​ណា​ទៅ​ក៏​វា​មិន​គ្រប់​ស្តង់ដារ​នាំ​ចូល ដាក់​តែ​ប៉ុណ្ណឹង​មក​គឺ​យើង​ស្លាប់»

អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UNIDO បាន​និយាយ​ថា គេ​បាន​រៀបចំ​សន្និសីទ​មួយ​នេះ​សម្រាប់​ជួយ​ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច រួមទាំង​កម្ពុជា​ផង ដើម្បី​ឲ្យ​បង្កើន​សមត្ថភាព​ផលិតផល​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

នាយក​ផ្នែក​កម្មវិធី​ពិសេស​របស់​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ អ្នកស្រី ហ្វាទូ ហៃដារា បាន​មាន​ប្រសាសន៍​ថា មិន​ចំពោះ​តែ​ប្រទេស​កម្ពុជា​ទេ គឺ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ចំនួន​ជាង ៤០​ទៀត មាន​ការ​ចែកចាយ​ផលិតផល​របស់​ខ្លួន​ទៅ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។

អ្នកស្រី ហ្វាទូ ហៃដារា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជាទូទៅ​គឺ​វា​មាន​កម្រិត​ទាប​ខ្លាំង​ណាស់ ក្នុង​ការ​ចូលរួម​ប្រកួត​ពាណិជ្ជកម្ម​អន្តរជាតិ ដូច្នេះ​យើង​កំពុង​ព្យាយាម​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​នោះ ក្នុង​ការ​បង្កើន​គុណភាព​ផលិតកម្ម»

អង្គការ UNIDO បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​គឺ​មាន​ការ​នាំចេញ​ផលិតផល​កម្រិត​ទាប​ប្រមាណ​ជា ០,៨% ប៉ុណ្ណោះ ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។

ទោះ​យ៉ាង​ណា រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា ចាប់តាំង​តែ​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០០៦ សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ក្នុង​អត្រា​មធ្យម​ប្រមាណ​ពី ៩,៤%។

លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ទៀត​ថា កាល​ពី​ឆ្នាំ​២០០៧ សេដ្ឋកិច្ច​បាន​ស្ថិត​នៅ​ក្នុង​ចិរភាព​ដោយសារ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ផលិតផល​កសិកម្ម សេវាកម្ម​ផ្នែក​ទេសចរណ៍​និង​ចំណូល​ផ្នែក​សំណង់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​បាន​ចាក​ចេញ​ផុត​ពី​ភាព​ក្រីក្រ​ជា​រៀង​រាល់​ឆ្នាំ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ក្រុមហ៊ុន​វៀតណាម​គ្រោង​មក​រាវ​រក​ប្រេងកាត​នៅ​ក្នុង​បឹង​ទន្លេសាប

WB៖ GDP​របស់​កម្ពុជា​ធ្លាក់ចុះ​-២%​ក្នុង​ឆ្នាំ​២០០៩

កម្ពុជា​-​ថៃ​គ្រោង​អនុញ្ញាត​ឲ្យ​ទេសចរ​ចេញ​ចូល​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ

ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់តែ​ច្រើន​ឡើងៗ

អ្នក​ជំនាញ​និយាយ​ពី​ផល​ប៉ះពាល់​របស់​កម្ពុជា​ក្នុង​ពេល​មាន​វិបត្តិ​ពិភព​លោក

រោងចក្រ​៧៧​នៅ​កម្ពុជា​បិទ​ទ្វារ​ក្នុង​ដើម​ឆ្នាំ​នេះ​ដោយសារ​វិបត្តិ​ពិភពលោក

IMF៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក

ស.រ.អា.​ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា

ចៅហ្វាយ​ខេត្ត​នៃ​ប្រទេស​GMS​ជួប​ជុំ​គ្នា​អំពី​រឿង​សេដ្ឋកិច្ច

កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ