កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​៧​ភាគរយ​ក្នុង​ឆ្នាំ​២០០៨​

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ចេញ​សេចក្ដីប្រកាស​នាថ្ងៃ​សុក្រ កន្លង​ទៅ​នេះ​ថា សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា នៅតែ​មាន​ភាពខ្លាំងក្លា បើទោះ​បី​ជា​កំណើន​សេដ្ឋកិច្ច​ត្រូវ​គេ​រំពឹង​ថា ធ្លាក់ចុះ​ពី​១០.២៥​% ក្នុង​ឆ្នាំ​២០០៧ មក​នៅ​ត្រឹម ៧% ក្នុង​ឆ្នាំ​២០០៨​នេះ ក៏ដោយ ។

ការចេញ​សេចក្ដី​ប្រកាសព័ត៌មាន​នោះ គឺ​បាន​ធ្វើឡើង​នៅបន្ទាប់ពី​មាន​បេសកកម្ម​របស់​បុគ្គលិក IMF ដែល​ដឹកនាំ​ដោយ​លោក Luis Valdivieso នៅក្នុង​ប្រទេស​កម្ពុជា រវាងពី​ថ្ងៃ​ទី​២៨ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០០៨ កន្លងទៅនេះ ។

នៅក្នុង​បេសកកម្ម​នោះ បុគ្គលិក IMF បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​និង​បាន​ពិភាក្សា​អំពី​ការអភិវឌ្ឍ​និង​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច ផងដែរ ។

មន្ត្រី IMF ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​មកពី​សហគមន៍​ជំនួញ​និង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ ។

IMF បាន​ឲ្យ​ដឹង​ថា ការធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ចនេះ បណ្ដាល​មក​ពី​ការធ្លាក់​ចុះ​នៃ​ការនាំ​ចេញ​សម្លៀក​បំពាក់​ដោយសារ​តែ​តម្រូវការ​ក្រៅស្រុក​មាន​ការថមថយ​និង​បណ្ដាល​មកពី​ការប្រកួត​ប្រជែង​ក្នុង​តំបន់​កាន់តែ​មាន​ភាព​តានតឹង​ឡើង ។

IMF បាន​ឲ្យ​ដឹង​ទៀត​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាពប្រសើរ​ឡើង ហើយ​ថា ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​នាំ​ស្រូវ​ចេញ​នោះ បន្ត​ទទួល​ផល​ពី​ស្រូវ​ឡើងថ្លៃ បើទោះ​បីជា​ការកើន​ឡើង​នៃ​តម្លៃ​ម្ហូប​អាហារ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ងាយ​នឹង​រងគ្រោះ ជាពិសេស អ្នកក្រីក្រ​រស់នៅ​ទីក្រុង និង​អ្នក​ដែល​គ្មាន​ដីធ្លី ។

នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​នោះ ក៏​បាន​បញ្ជាក់​ពី​ការកើនឡើង​នៃ​អតិផរណា​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០០៨​នេះ ផង​ដែរ ៕