រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយល់ព្រមដាក់បញ្ចូលតែតួប្រាសាទព្រះវិហារតែប៉ុណ្ណោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមិនទាន់រាប់បញ្ចូលតំបន់ដែលនៅជុំវិញប្រាសាទ ដែលកំពុងតែមានទំនាស់នោះនៅឡើយទេ ។
ប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា ។
ការយល់ព្រមនេះបានធ្វើឡើងនៅឯទីក្រុងប៉ារីស កាលពីថ្ងៃទី២២ ខែឧសភា កន្លងមក នៅពេលដែលភាគីខ្មែរ ដឹកនាំដោយលោក សុខ អាន និងភាគីថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ណុបផាឌុន ផាថាម៉ា បានជួបប្រជុំគ្នាអស់រយៈពេលប្រហែល ១០ម៉ោង ដោយមានការចូលរួមពីអគ្គនាយករងអង្គការយូណេស្កូ Francoise Riviere ដើម្បីពិភាក្សាពីបញ្ហាដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានមានប្រសាសន៍ឲ្យដឹងពីការយល់ព្រមនេះ បន្ទាប់ពីការវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ។
លោក សុខ អាន មានប្រសាសន៍ថា ៖ «កម្ពុជាយល់ព្រមទទួលការចុះឈ្មោះប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមិននិយាយពីបញ្ហាដែលមានពាក់ព័ន្ធនឹង (ការចែកជាតំបន់) ផ្សេងៗសម្រាប់ការពារប្រាសាទដែលគេហៅថាតំបន់ស្នូល តំបន់ទ្រនាប់ និងតំបន់អភិវឌ្ឍន៍នោះ គឺយើងមិនទាន់និយាយពីបញ្ហាទាំងនេះទេ យើងនិយាយពីការចុះឈ្មោះតែប្រាសាទ» ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក ស៊ុនថរ៉ាវេទ និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ណុបផាដន ផាត់ថាម៉ា បានសម្ដែងការគាំទ្រការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺមិនទាក់ទងទៅនឹងបញ្ហាព្រំដែនឡើយ ហើយថា ប្រទេសថៃនិងកម្ពុជា នឹងសម្រេចបញ្ជូនសំណើដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំនាប្រចាំឆ្នាំលើកទី៣២ របស់គណៈកម្មាធិការនេះ នាខែកក្កដា ឆ្នាំ២០០៨ នាទីក្រុង Quebec ប្រទេសកាណាដា ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានមានប្រសាសន៍ថា ភាគីកម្ពុជានឹងគូសផែនទីថ្មី ដែលហៅថា ផែនទីបរិវេណប្រាសាទព្រះវិហារជាថ្មី ដើម្បីកំណត់ទីតាំងដែលត្រូវបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយថា នៅថ្ងៃទី៦ មិថុនា ឆ្នាំ២០០៨ ផែនទីថ្មីនេះនឹងត្រូវបញ្ជូនទៅឲ្យប្រទេសថៃនិងអង្គការយូណេស្កូ ដើម្បីធ្វើការពិចារណា ។
លោក សុខ អាន មានប្រសាសន៍បន្ថែមថា ៖ «យើងប្រកាន់ជំហរថ្មីថា យើងគូសផែនទីថ្មី ដោយយើងហៅថា ផែនទីបរិវេណប្រាសាទព្រះវិហារ ។ ផែនទីបរិវេណប្រាសាទព្រះវិហារនេះ គឺយើងបានសន្យាជាមួយនឹងយូណេស្កូ ជាមួយនឹងខាងអង្គការជំនាញ ខាងបេតិកភណ្ឌពិភពលោកហ្នឹង គឺយើងជាអ្នកធ្វើ យើងគូរ បានន័យថា យើងនឹងសិក្សានូវភូមិសាស្រ្តជាក់ស្ដែងថា ទីតាំងប្រាសាទ បរិវេណប្រាសាទហ្នឹង គូសខ្សែរបៀបម៉េច ជុំវិញប្រាសាទហ្នឹង» ។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ផែនទីបរិវេណប្រាសាទព្រះវិហារនោះ នឹងត្រូវបានគូរឡើងដោយអាជ្ញាធរព្រះវិហារនិងក្រសួងវប្បធម៌ ។
ដើមឡើយ កម្ពុជាបានស្នើដាក់បញ្ចូលប្រាសាទព្រះវិហារជាមរតកពិភពលោកទៅអង្គការយូណេស្កូ ដោយរាប់បញ្ចូលទាំងតំបន់ជម្លោះដែលនៅមិនទាន់បានបែងចែកដាច់ស្រេចរវាងខេត្តព្រះវិហាររបស់កម្ពុជា និងខេត្តស៊ីសាកេតរបស់ថៃ ៕
មេទ័ពខ្មែរ៖ ការប៉ះទង្គិចគ្នានឹងចៀសមិនរួចបើថៃនៅតែប៉ុនប៉ងឈ្លានពាន
មេដឹកនាំខ្មែររិះគន់ធ្ងន់ៗចំពោះនាយករដ្ឋមន្ត្រីថៃ
ខ្មែរបដិសេធថាមិនបានបញ្ជូនមន្រ្តីទៅចរចាជាមួយថៃនៅប្រាសាទតាមាន់
ស្ថានការណ៍នៅតំបន់ប្រាសាទតាមាន់ធំថ្ងៃ៨ កុម្ភៈ
សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
ស្ថានការណ៍យោធានៅតំបន់ប្រាសាទតាមាន់
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់
ហ៊ុនសែន៖ កម្ពុជានឹងបើកច្រកព្រំដែនបើសភាពការណ៍ដូចមុនថ្ងៃ១៥ កក្កដា
អាជ្ញាធររឹតបន្តឹងសន្តិសុខនៅតំបន់ប្រាសាទព្រះវិហារ
កម្ពុជាប្រតិកម្មចំពោះសញ្ញាកំណត់ព្រំដែនខ្មែរថៃរបស់Google Earth
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.