មានប្រធានក្រុមហ៊ុននាំចេញអង្ករចំនួន ២២ក្រុមហ៊ុន ខាងភាគីកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំចរចាសំខាន់នោះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា លោក ចម ប្រសិទ្ធ នៅថ្ងៃទី១ ខែតុលា បានយល់ព្រមតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសអារ៉ាប់រួម ដើម្បីនាំចេញអង្ករជាច្រើនម៉ឺនតោន ទៅប្រទេសនេះក្នុងមួយឆ្នាំៗ និងធ្វើម្ហូបអាហារសម្រាប់ជនជាតិម៉ូស្លីម ឈ្មោះហាឡាល (Halal) ដើម្បីនាំចេញពីប្រទេសកម្ពុជា ដែរ។
ភាគីទាំងពីរ គ្រោងចុះហត្ថលេខាទ្វេភាគីលើអនុសារណៈយោគយល់គ្នានៅថ្ងៃអនាគត នៅពេលណាដែលក្រុមការងារ នៃប្រទេសទាំងពីរ បានសិក្សាលំអិតស្ដីពីទីផ្សារនាំចេញអង្ករខ្មែរនោះ។
ប្រទេសអារ៉ាប់រួម គឺជាប្រទេសផលិតប្រេង នៅតំបន់មជ្ឈិមបូព៌ា និងជាប្រទេសអ្នកមាន គឺមិនផលិតស្រូវទេ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រសួងពាណិជ្ជកម្មថា ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអារ៉ាប់រួម នឹងកើនឡើងថែមទៀត នៅថ្ងៃអនាគត នៅពេលដែលកម្ពុជាចាប់ផ្ដើមនាំចេញអង្ករទៅប្រទេសអារ៉ាប់រួម៖ «ការផ្លាស់ប្ដូរពាណិជ្ជកម្មទំហំរវាងកម្ពុជា ជាមួយអារ៉ាប់រួម អេមីរ៉េត ហ្នឹង គឺឆ្នាំ២០១០ យើងមានប្រហែល ១៦លានដុល្លារអាមេរិកទេ ដែលជាទំហំទាំងស្រុង ទាំងទៅទាំងមក។ ឆ្នាំ២០១១ យើងឡើងដល់ ៣០លានដុល្លារអាមេរិក អីចឹងយើងឡើងដល់ ១ ជា២ ហើយ។ សង្ឃឹមថា នឹងឡើងទៀតនៅពេលដែលយើងអាចចាប់ផ្ដើមនាំចេញអង្ករកាន់តែច្រើនទៅស្រុកគេ។ ពីព្រោះ លទ្ធភាពការនាំចេញអង្ករនេះមួយសំខាន់ហើយ ទី២ គឺម្ហូបហាឡាល (Halal) គឺម្ហូបសម្រាប់ជនជាតិម៉ូស្លីម។ បើយើងបានតែហ្នឹង គឺថាទំហំទឹកប្រាក់ គឺឡើងច្រើនរាប់រយលានដុល្លារអាមេរិក។ ឆ្លៀតឱកាសដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសរបស់អារ៉ាប់រួម អេមីរ៉េត មកកម្ពុជា យើងនេះ គឺសំខាន់ចង់ធ្វើម៉េចចង់ចាប់ផ្ដើមប្រព័ន្ធទំនាក់ទំនងជាមួយគ្នា»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសអារ៉ាប់រួម អ្នកស្រី ឡូបណាបីត ខាលីត អាល់កាស៊ីម៉ី (Lubna Bint Khalid Alqasimi) បានមានប្រសាសន៍ថា ប្រទេសអ្នកស្រីត្រូវការនាំចូលអង្ករពីប្រទេសកម្ពុជា ជាច្រើន ហើយយើងត្រូវការផ្លាស់ប្ដូរទស្សនកិច្ចបន្តទៀត ទៅវិញទៅមក ដើម្បីសិក្សាទីផ្សាររវាងប្រទេសទាំងពីរ។
ទាក់ទងនឹងការនាំចេញអង្ករនេះដែរ ប្រធានក្រុមហ៊ុនឡូរ៉ង់ (Loran) លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា លោកត្រៀមខ្លួននាំចេញអង្ករទៅទីផ្សារនៅប្រទេសអារ៉ាប់រួម អេមីរ៉េត នៅថ្ងៃអនាគត៖ «ពីព្រោះនៅអារ៉ាបរួម ហ្នឹង ប្រទេសហ្នឹង អត់ធ្វើស្រែណា។ ខាងអង្ករហ្នឹង បើសិនជាត្រូវចុះហត្ថលេខាអីរួចហើយ ព្រមព្រៀងតាមអ្វីដែលអាចធ្វើទៅបាន គឺល្អណាស់ ល្អមែនទែន។ រាជរដ្ឋាភិបាលយើង ខ្ញុំគិតថា អាចមានចុះហត្ថលេខានាំចេញអង្ករ និងស្បៀងទៅអារ៉ាប់ ហ្នឹង។ ខ្ញុំបានទៅអារ៉ាប់ ហ្នឹង ខ្ញុំត្រៀមមិនច្រើនទេឲ្យបាន ២ម៉ឺនតោន ៣ម៉ឺនតោន សប្បាយពេកហើយ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កន្លងមក បានប្រកាសថា រដ្ឋាភិបាលកម្ពុជា មានផែនការនាំចេញអង្ករជាង ១លានតោននៅឆ្នាំ២០១៥ ទៅទីផ្សារអន្តរជាតិ ប៉ុន្តែកម្ពុជា ត្រូវការបង្កើតម៉ាស៊ីនកិនស្រូវខ្នាតធំៗ និងទំនើបៗរវាង ៥០គ្រឿង ទៅ ១០០គ្រឿង ដើម្បីកែច្នៃអង្ករនាំចេញ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា កន្លងមកទីផ្សារធំនាំចូលអង្ករពីប្រទេសកម្ពុជា គឺប្រទេសថៃ និងវៀតណាម សម្រាប់ការនាំចេញបន្ត។ ក្រៅពីនេះ សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា ដែរ។
នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១២ កន្លងមកនេះ កម្ពុជា បាននាំចេញអង្ករជាង ៣សែនតោនហើយ ទៅទីផ្សារអន្តរជាតិ និងរាប់ទាំងស្រូវដែរនោះ គឺជាង ១លានតោនហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។