កម្ពុជា​បន្ត​ផ្អាក​នាំ​ពលករ​ខ្មែរ​ទៅ​ម៉ាឡេស៊ី

ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​នាំ​ពលករ​ពី​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បន្ត​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ គិត​មក​ត្រឹម​ខែ​កញ្ញា នេះ។
ដោយ សុ ជីវី
2012-09-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលករ ៣០៥
ពលការិនី​ខ្មែរ​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​មណ្ឌល​ហ្វឹកហ្វឺន​នៃ​ក្រុមហ៊ុន ធី អែន ភី (T&P) នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០១១។
RFA/Sok Serey

មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ផ្អាក​នេះ​នឹង​អាច​បញ្ចប់​បាន​នៅ​ពេល​ណា​ដែល​មាន​ការ​ព្រមព្រៀង​គោរព​សិទ្ធិ​ពលករ​ក្នុង​ប្រទេស​នេះ។

អគ្គនាយក​ការងារ លោក សេង សក្កដា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា កំពុង​ពិភាក្សា​រក​ការ​ព្រមព្រៀង​ចំពោះ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​កាន់​ប្រទេស​នេះ ប្រកប​ដោយ​សុវត្ថិភាព។ លោក​បន្ត​ថា ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នោះ នឹង​បញ្ចប់​ល្គឹក​ណា​តែ​បាន​រក​ឃើញ​ដំណោះស្រាយ​ដ៏​ល្អ​មួយ។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្អាក​បណ្ដោះ​អាសន្ន​ការ​បញ្ជូន​ពលករ​បម្រើ​តាម​ផ្ទះ ទៅ​ប្រទេស​ម៉ាឡេស៊ី គឺ​នៅ​ចំ​ពេល​ដែល​មាន​រឿង​អាស្រូវ​ជា​ច្រើន អំពី​ការ​រំលោភ​បំពាន ដែល​បាន​កើត​ឡើង​នៅ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​នៅ​បរទេស និង​នៅ​មណ្ឌល​បណ្ដុះ​បណ្ដាល​ពលករ​នៅ​កម្ពុជា។

បើ​ទោះ​ជា​មាន​ការ​អះអាង​ជា​ញឹកញយ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ពលករ​ខ្មែរ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក៏​ដោយ ក៏​អគ្គនាយក​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក សេង សក្កដា បញ្ជាក់​ថា ករណី​មិន​សម​ប្រកប​នៃ​ការ​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​នោះ គឺ​មាន​តិច​តួច​បំផុត។ ផ្ទុយ​ទៅ​វិញ ការងារ​នៅ​ក្រៅ​ប្រទេស​បាន​ផ្ដល់​ចំណូល​យ៉ាង​ច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា។

បើ​ទោះ​ជា​យ៉ាង​ណា កម្ពុជា​បាន​ត្រៀម​រួចរាល់​ហើយ​នូវ​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។

រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី សាន អារុណ មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ គឺ​កម្ពុជា និង​ម៉ាឡេស៊ី បាន​គ្រោង​ទុក​ហើយ​ថា នឹង​ជួប​ប្រជុំ​នៅ​ក្នុង​ខែ​តុលា ខាង​មុខ។

ក្នុង​រយៈ​ពេល​ដែល​ប្រទេស​ទាំង​ពីរ ពុំ​ទាន់​មាន​កិច្ច​ព្រមព្រៀង​នឹង​គ្នា​នេះ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ជួប​ការ​លំបាក​ជា​ច្រើន ដែល​កើត​ឡើង​ដោយ​សារ​ការ​បង្ខិត​បង្ខំ​អោយ​បន្ត​កិច្ច​សន្យា​ដោយ​ខុស​ច្បាប់។ ហើយ​ការ​នេះ បង្ហាញ​តាម​រូបភាព​នៃ​ការ​បាត់​ដំណឹង​ពលករ។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម កម្ពុជា (CARAM) លោក យ៉ា ណាវុធ លើក​ឡើង​ថា ពួក​គេ​ប្រឈម​នឹង​ការ​ទទួល​ទោស​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​នេះ ប្រសិន​បើ​ពួក​គេ​យល់​ព្រម​បន្ត​កិច្ច​សន្យា​ណា​មួយ។

បើ​ទោះ​ជា​យ៉ាង​ណា លោក យ៉ា ណាវុធ បាន​ទទួល​ស្គាល់​ដែរ​ថា ប្រទេស​នីមួយៗ​មាន​អធិបតេយ្យ​ភាព​ដែល​ពុំ​អាច​អោយ​ប្រទេស​ណា​រំលោភ​បាន ហើយ​ការ​នេះ​ជំរុញ​អោយ​កិច្ច​ព្រមព្រៀង​កម្ពុជា និង​ម៉ាឡេស៊ី ពិបាក​លេច​ចេញ​ជា​រូបរាង។

ចំពោះ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​នាំ​ពលករ គឺ​ជា​ចំណុច​គន្លឹះ​ដែល​កម្ពុជា អាច​ប្រើប្រាស់​ជា​សំពាធ ដើម្បី​អោយ​ប្រទេស​ម៉ាឡេស៊ី យល់​ព្រម​ចូល​រួម​បង្កើត​កិច្ច​ព្រមព្រៀង​អោយ​បាន​ឆាប់​រហ័ស។ ម្យ៉ាង​ទៀត កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន ក៏​អាច​សហការ​ជាមួយ​សមាជិក​ដទៃ​ទៀត ជំរុញ​អោយ​មាន​ការ​ជជែក​ពី​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ប្រមាណ​៥ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​ជា​ជន​ចំណាក​ស្រុក​នៅ​ប្រទេស​ម៉ាឡេស៊ី។ ការ​បូក​សរុប​ប្រាក់​បៀវត្ស​ដែល​ពួក​គេ​ទទួល​បាន គឺ​មាន​ចំនួន​ប្រមាណ​២០៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​យល់​ឃើញ​ស្រដៀង​គ្នា​ថា ការ​ពង្រីក​ទីផ្សារ​ការងារ​ក្នុង​ប្រទេស គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្វែរ​ការ​ធ្វើ​ចំណាក​ស្រុក​អោយ​ងាក​មក​រក​ការងារ​ដែល​មិន​ប្រឈម​ខ្លាំង​ពី​ការ​ជួញ​ដូរ និង​ការ​រំលោភ​បំពាន​សិទ្ធិ។

ដោយ​ពិនិត្យ​ឃើញ​បទ​ពិសោធន៍​នៃ​ផល​វិបាក​នៃ​ការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល អំពាវនាវ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ត្រៀម​រៀបចំ​ទុក​ជា​មុន​អោយ​បាន​ល្អិត​ល្អន់ នៅ​មុន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស ជាពិសេស​ប្រទេស​កាតា ដែល​កម្ពុជា​ទើប​យល់​ព្រម​អោយ​មាន​កិច្ច​ព្រមព្រៀង​នាំ​ពលករ នៅ​ខណៈ​ដែល​កម្ពុជា​មិន​ទាន់​មាន​ស្ថានទូត​នៅ​ក្នុង​ប្រទេស​នោះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

តើអ្នកយល់យ៉ាងណាដែររវាងអ្នកកាន់ព្រះពុទិ្ធនឹងអ្នកកាន់
សាសនាអ៊ីស្លាមរស់ជាមួយគ្នា? នឹង អ្នកកាន់សាសនាយេ
ស៊ូរស់នៅជាមួយអ្នកកាន់ព្រះពុទ្ធ? តើមួយណាប្រសើរជាង
មួយណា?

Sep 09, 2012 01:40 AM