ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងបោះឆ្នោតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ ខាងមុខនេះ ដើម្បីសម្រេចថា តើប្រទេសកម្ពុជា នឹងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ ឬយ៉ាងណា ក្រោយពីប្រទេសកម្ពុជា បានស្នើសុំ និងចង់បានតួនាទីនេះជាច្រើនឆ្នាំមកហើយ។
ប្រទេសនៅតំបន់អាស៊ី ដែលជាគូប្រជែងជាមួយកម្ពុជា នោះ គឺមានប្រទេសកូរ៉េខាងត្បូង (South Korea) និងប្រទេសប៊ូតង់ (Bhutan)។ ការបោះឆ្នោតនោះនឹងធ្វើដោយសម្ងាត់ ត្រូវការសំលេខគាំទ្រចំនួន ២ភាគ៣ នៃប្រទេសសមាជិកអង្គការសហប្រជាជាតិសរុបចំនួន ១៩៣ប្រទេស។
មន្ត្រីការទូតកម្ពុជា បានអះអាងថា កម្ពុជាទទួលការគាំទ្របេក្ខភាពរបស់ខ្លួន ពីប្រទេសចំនួនជាង ១០០ប្រទេសហើយ ក្នុងនោះមានប្រទេសចិន ដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៥ ខែតុលា ថា លោកសង្ឃឹមថាប្រទេសកម្ពុជា នឹងជាប់ឆ្នោតក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខាងមុខនេះ៖ «សូមបញ្ជាក់ អ្នកដែលបោះឆ្នោតនៅទីនោះ គឺតំណាងអចិន្ត្រៃយ៍នៅទីនោះ។ ដូច្នេះ មិនចាំបាច់បញ្ជូននរណាទៅទៀតទេ គឺតំណាងអចិន្ត្រៃយ៍នៃប្រទេសចំនួនជាង ១៩៣ប្រទេស ដែលជាសមាជិកអង្គការសហប្រជាជាតិនៅទីនោះ គឺអ្នកនោះហើយជាអ្នកបោះឆ្នោតជ្រើសរើស។ យើងមិនអាចសន្និដ្ឋាន សង្ឃឹមនូវតួលេខច្បាស់លាស់នោះទេ គឺគ្រាន់ថា យើងមានសេចក្តីសង្ឃឹម។ ប៉ុន្តែ អ្វីដែលជាក់ស្តែង គឺលទ្ធផលនៅថ្ងៃទី១៨ នោះ យើងនឹងឃើញថា កម្ពុជា នឹងទទួលសំឡេងប៉ុន្មាន?»។
ផ្ទុយពីការអះអាងនេះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្របានមានប្រសាសន៍ថា លោកមិនសូវមានសង្ឃឹមទេ៖ «អ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានជ័យជំនះ គឺការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេស សិទ្ធិកាន់កាប់ដីធ្លីដែលត្រូវបានអ្នកមានអំណាចរំលោភបំពាន។ ការកែទម្រង់ប្រព័ន្ធតុលាការ ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីធានាឲ្យការបោះឆ្នោតហ្នឹង ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ទាំងអស់ហ្នឹង គឺជាអ្វីជាធាតុផ្សំធ្វើឲ្យយើងបានជោគជ័យ»។
ចំណែកឯអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា ប្រទេសកម្ពុជា រងការថ្កោលទោសពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួននាពេលថ្មីៗនេះ ដែលជាសញ្ញាអវិជ្ជមាន៖ «កាលពីប្រជុំនៃប្រមុខការទូតអាស៊ាន មិនបានជោគជ័យនេះ ជាបញ្ហាមួយធំ។ ទី២ ឥឡូវនេះពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ ក៏មានប្រតិកម្មប្រទេសបារាំង មិនដែលប្រតិកម្មសោះ ក៏បារាំង ចេញសេចក្តីប្រតិកម្មមួយ ហើយសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ប្រព័ន្ធយុត្តិធម៌។ ហើយទី៣ គឺបញ្ហាសិទ្ធិមនុស្ស កំពុងតែចំរូងចំរាសខ្លាំងមែនទែន។ ទី៤ យើងឃើញហើយថា ទាក់ទងការដោះស្រាយបញ្ហាដីធ្លី ហើយនិងចំណុចមួយទៀតគឺ គ.ជ.ប ក៏ជាបញ្ហាក្តៅគគុកដែរ»។
ប្រទេសកម្ពុជា បានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ១៩៥៥ កន្លងមក ប៉ុន្តែ កម្ពុជា មិនទាន់បានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឡើយទេ។
ឯកសារស្រាវជ្រាវ បានឲ្យដឹងថា ប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលនេះ គឺមានចំនួន ១០ប្រទេស ក្នុងនោះមានប្រទេសឥណ្ឌា (India) ប្រទេសប៉ាគីស្ថាន (Pakistan) ប្រទេសអាឡឺម៉ង់ (Germany) និងប្រទេសចំនួន ៧ ទៀត។
ដោយឡែក ប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺមានចំនួន ៥ប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសបារាំង ប្រទេសរុស្ស៊ី និងប្រទេសអង់គ្លេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។