កម្ពុជា​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ

នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដែល​បណ្ដាល​មក​ពី​បញ្ហា​ផ្សេងៗ។ ករណី​នេះ បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ថ្មី ក្នុង​ការ​គ្រប់គ្រង និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ។
ដោយ ខែ សុណង
2012-08-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភ្លើង​ឆេះ ៣០៥
ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ផ្សារ​ទួល​សង្កែ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Sek Bandith

ច្បាប់​អគ្គិភ័យ​នេះ គឺ​គេ​បាន​តាក់តែង​ឡើង​ជា​លើក​ដំបូង ដែល​កន្លង​មក​គេ​បាន​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ផ្ដន្ទាទោស​ដល់​ជន​បង្ក​អគ្គិភ័យ​នោះ។

រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ ក្នុង​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​នៅ​ក្នុង​ច្បាប់​នេះ​នឹង​មាន​ចែង​ពី​ការ​ផ្ដន្ទាទោស​ដល់​សមត្ថកិច្ច និង​អ្នក​បង្ក​អគ្គិភ័យ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ដល់​១៥​ឆ្នាំ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក អ៊ុក គីមលេខ ដែល​ជា​ប្រធាន​ក្រុម​អ្នក​តាក់តែង​ច្បាប់ ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ សីហា ថា ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ហើយ​បាន​បញ្ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​មើល កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដែល​មាន​៨​ជំពូក និង​៣៣​មាត្រា ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​គោល​បំណង​សំខាន់​ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​សាធារណៈ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដែល​ចេះ​តែ​កើត​ឡើង​ឥត​ឈប់ឈរ។

លោក អ៊ុក គីមលេខ៖ «យើង​នឹង​បង្ខំ​ជា​រួម គឺ​ថា​សេចក្ដី​ត្រូវ​ការ​ច្បាប់​នេះ គឺ​ថា​សំខាន់​ណាស់។ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ពិសេស​ការពារ​អាយុ​ជីវិត ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ។ វា​ទាក់ទង​នឹង​ការ​មហន្តរាយ​ប្រជាពលរដ្ឋ។ វា​ទាក់ទង​នឹង​ភាព​ក្រីក្រ​របស់​ប្រទេស​ជាតិ​យើង ដែល​យើង​ត្រូវ​ការ​ចាំបាច់​ណាស់។ ខ្ញុំ​លឺ​ព័ត៌មាន​ថា ប្រហែល​ជា​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ​នេះ នឹង​មាន​ការ​ប្រជុំ​បឋម​រវាង​ក្រុម​អ្នក​បច្ចេកទេស មុន​នឹង​ដាក់​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី»

លោក អ៊ុក គីមលេខ បញ្ជាក់​ទៀត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ដាក់​បញ្ចូល​នូវ​ចំណុច​ខ្លឹមសារ​សំខាន់ៗ​ដូច​ជា ការ​ផ្ដន្ទាទោស​ដល់​កម្លាំង​សមត្ថកិច្ច​ណា​ដែល​បំពេញ​តួនាទី​មិន​បាន​ល្អ ហើយ​ស្វែង​រក​លាភសក្ការៈ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្នុង​ពេល​បំពេញ​បេសកកម្ម ដែល​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ២​ឆ្នាំ និង​ជន​បង្ក​អគ្គិភ័យ អាច​ជាប់​ទោស​ពី ៣​ឆ្នាំ​ទៅ​ដល់ ១៥​ឆ្នាំ។

ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នេះ លោក​វរសេនីយ៍ទោ នេត វន្ថា ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​គាំទ្រ។ លោក​សង្ឃឹម​ថា នៅ​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន ប្រទេស​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ នឹង​អាច​កាត់​បន្ថយ​នូវ​គ្រោះ​អគ្គិភ័យ​បាន។

លោក នេត វន្ថា៖ «ដោយ​សារ​ប្រជាពលរដ្ឋ ទី​១ គាត់​យល់ ទី​២ កន្លែង​ទី​តាំង​អាជីវកម្ម​ឋាន​គាត់​អនុវត្ត​តាម​បទដ្ឋាន​ណែនាំ​របស់​ច្បាប់ ទី​៣ មន្ត្រី​អនុវត្ត​ច្បាប់ គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រតិបត្តិការ​ជាក់លាក់​ដូចជា មន្ត្រី​អនុវត្ត​ច្បាប់​របស់​យើង​កន្លង​មក​នេះ គឺ​មាន​ការ​ធ្វេសប្រហែស​អ៊ីចឹង ពេល​នេះ​គឺ​មាន​ទោស​ដែរ បើ​សិន​គាត់​ធ្វេស​ប្រហែស​មិន​ចូលរួម ឬ​មួយ​មិន​ប្រឹង​ពន្លត់​ឲ្យ​បាន​ចប់​ជា​ស្ថាពរ ឬ​មួយ​មាន​ទទួល​លាភសក្ការៈ​ពី​ប្រជាពលរដ្ឋ អា​ហ្នឹង​គាត់​មាន​ទោស​ដែរ។ ច្បាប់​នេះ​ចេញ​មក យើង​សង្ឃឹម​ថា​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​យើង ពិសេស​ក្រុង​ភ្នំពេញ​ដែល​មាន​លំនៅឋាន​ច្រើន»

គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០១២ មាន​ចំនួន​៤៨​ករណី គឺ​បាន​បង្ក​ឲ្យ​ឆេះ​ខូចខាត​ផ្ទះ​ល្វែង​ចំនួន ៤៧​ល្វែង ផ្ទះ​សង់​ដោយ​ថ្ម​ខាង​ក្រោម ឈើ​លើ​ជាង ៣០​ខ្នង រួម​ទាំង​តូប​លក់ដូរ​ជាង​២០​តូប​ទៀត។ ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​ផ្សារ​ទួលសង្កែ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មន្ត្រី​ជំនាញ​បាន​ចាត់​ទុក​ថា ជា​ករណី​មួយ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

ទាក់​ទង​ទៅ​នឹង​ករណី​អគ្គិភ័យ​នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា គ្រោះ​អគ្គិភ័យ​ដែល​បាន​កើត​ឡើង​នៅ​ចំណុច​ផ្សារ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា កន្លង​ទៅ ត្រូវ​បាន​ជន​អគតិ​មួយ​ចំនួន​ចោទ​ប្រកាន់​សមត្ថកិច្ច​ថា មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ហើយ​បែរ​ជា​ទារ​ប្រាក់​ដោយ​មិន​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ និង​បាន​បាញ់​ទឹក​តែ​ផ្ទះ​ណា​ឲ្យ​លុយ​ប៉ុណ្ណោះ។

ករណី​នេះ​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​បាក់​ទឹក​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ ហើយ​ថា គួរ​តែ​ពលរដ្ឋ​ណា​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ បាន​ឃើញ​សមត្ថកិច្ច​ណា​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​បែប​អនាមិក ផ្ដល់​ជូន​មក​សាលា​រាជធានី​ភ្នំពេញ នូវ​ឈ្មោះ និង​លេខ​រថយន្ត​របស់​បុគ្គល​ខិលខូច​ទាំង​នោះ ដើម្បី​ចាត់​វិធានការ និង​ដាក់​ពិន័យ​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hope that the law makers did not forget one article on the corrupted fire brigade(who "ask" money from victims).

Aug 02, 2012 04:28 AM