កម្ពុជា​ចាញ់​ឆ្នោត​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

កម្ពុជា បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់​មួយ នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ក្នុង​ប្រទេស​គូប្រជែង​កូរ៉េ​ខាង​ត្បូង នៅ​តំបន់​អាស៊ី។
ដោយ សុខ សេរី
2012-10-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ខៀវ កាញារីទ្ធ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ទទួល​ស្គាល់​ថា កម្ពុជា នៅ​មាន​បញ្ហា​ខ្វះ​ចន្លោះ​មួយ​ចំនួន ដែល​ត្រូវ​បំពេញ​បន្ថែម ឬ​កែលំអ​នៅ​ថ្ងៃ​អនាគត មុន​នឹង​ស្នើសុំ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ទៀត​នោះ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​តុលា បាន​ចាត់​ទុក​ថា ការ​ចាញ់​ឆ្នោត​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ គឺ​ជា​មេរៀន​សំខាន់​មួយ ដើម្បី​ឲ្យ​កម្ពុជា​កែ​លំអ និង​បង្កើន​សមត្ថភាព​នៅ​ថ្ងៃ​អនាគត ហើយ​រដ្ឋាភិបាល​ថ្មី​នឹង​ព្យាយាម​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

សេចក្តី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ប៊ូតង់ (Bhutan) និង​ប្រទេស​ហ្វាំងឡង់ (Finland) បាន​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់​នោះ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី (Australia) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentina) បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤។

ការ​បោះ​ឆ្នោត​នោះ គឺ​ធ្វើ​ឡើង​ចំនួន ២ជុំ កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។ ប្រទេស​ដែល​បាន​ឈ្នះ​ឆ្នោត​នោះ គឺ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២ភាគ៣ ពី​សមាជិក​អង្គការ​សហប្រជាជាតិ ចំនួន ១៩៣​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា កម្ពុជា សូម​អរគុណ​ប្រទេស​មួយ​ចំនួន​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​កន្លង​មក​នេះ។ លោក​បន្ត​ថា កម្ពុជា បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ជុំ​ទី១ ប៉ុន្តែ​បាន​ចាញ់​នៅ​ជុំ​ទី២ ដូច្នេះ​កម្ពុជា មិន​បោះ​បង់​ចោល​ការ​ព្យាយាម ឬ​អស់​សង្ឃឹម​ទេ៖ «យើង​ក៏​ដឹង​ដែរ​ថា ប្រកួត​ជាមួយ​កូរ៉េខាងត្បូង គឺ​ជា​ប្រទេស​យក្ស​សាច់​ដុំ​ធំ ប្រទេស​គេ​សម្បូរណ៍​លុយ​កាក់ ហើយ​ក៏​គេ​មាន​មិត្តភ័ក្ដិ​ច្រើន​នៅ​ក្នុង​ពិភពលោក។ យើង​ដឹង​ហើយ​ថា ការ​បោះ​ឆ្នោត​នីមួយៗ​ហ្នឹង មិន​សំខាន់​តែ​លើ​តួនាទី​សកម្ម​របស់​យើង ឬ​អត់​សកម្ម​ទេ ពីព្រោះ​កម្ពុជា សកម្ម​នៅ​ក្នុង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​យ៉ាង​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ការ​បោះ​ឆ្នោត គឺ​មិន​ត្រឹម​តែ​សកម្ម​តែ​ប៉ុណ្ណឹង​ទេ សំខាន់​គឺ​កម្លាំង​សេដ្ឋកិច្ច​មួយ​ទៀត។ កម្ពុជា មិន​មែន​ជា​ប្រទេស​កូន​នាគ​ក្តី ប៉ុន្តែ​យើង​ឃើញ​ហើយ​ថា ទាល់​តែ​បោះ​ឆ្នោត​ពីរ​ដង ទើប​កូរ៉េខាងត្បូង គាត់​អាច​យក​ឈ្នះ​លើ​កម្ពុជា​បាន។ ទន្ទឹម​នេះ​ដែរ ក៏​សូម​ថ្លែង​អបអរសាទរ​ដល់​កូរ៉េខាងត្បូង។ ពិត​មែន​យើង​មិន​បាន​ឈ្នះ​ក្តី ប៉ុន្តែ​កូរ៉េខាងត្បូង គឺ​ជា​និមិត្ត​រូប​មួយ​នៃ​ការ​រីក​ឡើង​នៅ​ទ្វីប​អាស៊ី​របស់​យើង​ដែរ»

ទាក់​ទង​នឹង​ការ​បរាជ័យ​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា នេះ​ជា​មេរៀន​សំខាន់​មួយ​ឲ្យ​កម្ពុជា កែ​សម្រួល​បញ្ហា​ដែល​នៅ​ខ្វះ​ខាត៖ «នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ជាច្រើន ជា​ពិសេស គឺ​ការ​គោរព​សិទ្ធិ​មនុស្ស ការ​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ការ​លុប​បំបាត់​នូវ​អំពើ​អយុត្តិធម៌ ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ ចំណុច​ខ្វះ​ខាត​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់ ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នេះ។ យើង​ត្រូវ​តែ​មាន​ការ​កែ​ទម្រង់ ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពេញ​ទំហឹង​ពី​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា សហគមន៍​អន្តរជាតិ​ដែរ»

ចំណែក​ឯ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ដោយ​សារ​មាន​បញ្ហា​ខ្វះ​ខាត​កន្លង​មក៖ «កម្ពុជា ត្រូវ​តែ​ព្យាយាម ពីព្រោះ​កម្ពុជា ចំណុច​ល្អៗ​ច្រើន​ណាស់ ដូច​ជា​បញ្ហា​បេសកកម្ម​អន្តរជាតិ​ដើម្បី​ដោះ​មីន​នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក និង​នៅ​មជ្ឈិមបូព៌ា ហើយ​ទី២ កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ដោយ​ខ្មែរ​ខ្លួន​ឯង»

នៅ​មុន​ការ​បោះ​ឆ្នោត​នោះ​មួយ​ថ្ងៃ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ថា កម្ពុជា មិន​គប្បី​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ​ទេ នៅ​គ្រា​ដែល​មាន​ការ​រីក​រាលដាល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រឹបអូស​យក​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ជាដើម។

ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ តាំង​ពី​ឆ្នាំ​១៩៥៥ ប៉ុន្តែ​កម្ពុជា មិន​ទាន់​បាន​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​សារ​កម្ពុជា បាន​ជួប​ប្រទះ​សង្គ្រាម​ស៊ីវិល​ជាង​បី​ទសវត្ស​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Person

កូនKhmer មិនជួយឈឺចាប់ដែលelection ចាញ់គេ តែបែរជាសើចចំអក អោយKhmer ដូចគាទៅវិញ នេះមិនមែនឈាមKhmer េទ។ ឈាមKhmer ពិតមិនថោកដូចនេះទេ

Oct 21, 2012 10:34 AM

អ្នក​អាន​អនាមិក

ពី Kandal

Good to hear that Cambodia will learn from this round of contesting on the global level. 1) should make Cambodia look too much aligned with any one of super power (the 5 super power on the permanent Security council) 2) stop belittle the Rep. of the UN Security General. Learn to accept other people criticism and look for positive feedback from those comment. Get rid of your advisers who told you to curse the Un reprep. They gave you a wrong advise. 3) work on the short coming on the respect of human rights and democracy. These are only for our own good. Think of what the legacy you will leave behind you after you time.

Oct 20, 2012 03:28 AM

អ្នក​អាន​អនាមិក

ការគោរពសិទ្ធិមនុស្ស ជាកត្តាសំខាន់ សំរាច់អោយខ្លួនក្លាយជា សមាជិក មិនអចិនត្រៃយ៍ នៃអង្គការសហប្រជាជាតិ។ បើនៅតែបន្ត រំលោភសិទ្ធមនុស្ស ដោយប្រើតុលាការ និងអំណាច ដូចសព្វថ្ងៃ កម្ពុជា មិនអាចទទួលបាន តំណែងនេះទេ។

Oct 19, 2012 11:55 PM

អ្នក​អាន​អនាមិក

ពី Prek Tnot

Ha Ha Ha ! ! !

Oct 19, 2012 11:50 PM

អ្នក​អាន​អនាមិក

ខ្មាស់គេណាស់លោកអឺយ រៀនគ្មានចេះស្អី ខំទៅប្រឡងដែរ

Oct 19, 2012 11:43 PM

មើល​មតិ​ទាំង​អស់.