ការជួបគ្នារវាងអាជ្ញាធរកម្ពុជា និងថៃនេះ ត្រូវគេរំពឹងថានឹងពិភាក្សាទៅលើការរៀបចំក្រុមបច្ចេកទេស ដែលប្រតិបត្តិទៅលើនីតិវិធីផ្សេងៗជុំវិញការបើកច្រកព្រំដែននោះ។
ប្រភពពីអាជ្ញាធរកម្ពុជា បានឱ្យដឹងថា ច្រកព្រំដែនអានសេះ ចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រភាគខាងត្បូងឆៀងខាងកើតពីតំបន់ប្រាសាទព្រះវិហារ អាចនឹងបើកឱ្យដំណើរការអចិន្ត្រៃយ៍នៅចុងខែកក្កដា ខាងមុខឆាប់ៗនេះ។
មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មួយរូបប្រចាំតំបន់ព្រះវិហារ បានមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រ ទី២០ ខែកក្កដា ថា អាជ្ញាធរខេត្តព្រះវិហារខាងកម្ពុជា និងអាជ្ញាធរខេត្តអ៊ូប៊ុនរ៉ាត់ថានី របស់ថៃ មានគម្រោងនឹងជួបគ្នានៅសប្ដាហ៍បន្ទាប់នេះ ដើម្បីពិភាក្សាអំពីការរៀបចំក្រុមបច្ចេកទេសផ្នែកខាងការអនុវត្ត នៃការចេញចូលតាមព្រំដែន រវាងប្រទេសទាំងពីរ៖ «មានព័ត៌មានពីខាងយើងថានឹងមានការបើកច្រកនោះមែន ក៏ប៉ុន្តែការជាក់ស្តែងយ៉ាងណា ការពិភាក្សាលំអិតទៅលើការអនុវត្តផ្សេងៗហ្នឹង ខ្ញុំអត់ទាន់បានដឹងទេ។ គ្រាន់តែឭតៗគ្នាថា ថ្ងៃខាងមុខឆាប់ៗនេះនឹងមានការជួបគ្នានៅច្រកអានសេះហ្នឹង»។
ប្រភពព័ត៌មានខ្លះទៀតបានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខអាចនឹងមានការបើកច្រកអានសេះ ឱ្យដំណើរការជាអចិន្ត្រៃយ៍ ហើយគេរំពឹងថាទំនិញមួយចំនួន ដូចជាគ្រឿងឧបភោគ បរិភោគ គ្រឿងយន្តកសិកម្ម និងភ្ញៀវទេសចរជាដើម អាចនឹងចូលមកកម្ពុជា តាមច្រកនោះ។
ទោះយ៉ាងណា មន្ត្រីសាលាខេត្តព្រះវិហារ នៅមិនទាន់បញ្ជាក់ពីពេលវេលានៃការបើកច្រកព្រំដែនតំបន់អានសេះ នៅថ្ងៃណាឱ្យច្បាស់លាស់នៅឡើយទេ។
លោក ខូយ ឃុនហ៊រ នាយករដ្ឋបាលសាលាខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោកមិនទាន់ដឹងប្រាកដ អំពីការបើកច្រកព្រំដែននោះនៅថ្ងៃណាទេ ដោយអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរខេត្តអ៊ូប៊ុន របស់ថៃ កំពុងរកពេលវេលាដើម្បីជួបពិភាក្សាគ្នា៖ «ក្រោយពីសម្ដេចប្រកាសបើកច្រកអន្តរជាតិ យើងកំពុងទាក់ទងគ្នា ដើម្បីរកពេលវេលាជួបគ្នា រវាងថៃ ហើយនិងយើង។ ឥឡូវពេលវេលាមិនទាន់ច្បាស់លាស់នៅឡើយទេ»។
កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាជាមួយអ្នកស្រី យីង ឡាក់ (Ying Luck) នាយករដ្ឋមន្ត្រីថៃ នៅឯខេត្តសៀមរាប។ បន្ទាប់ពីការជួបពិភាក្សាគ្នារួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងជំនួបពិភាក្សាគ្នានោះ អ្នកស្រី យីង ឡាក់ បានព្រមព្រៀងក្នុងការបើកច្រកអានសេះ ឱ្យក្លាយទៅជាច្រកអចិន្ត្រៃយ៍ ហើយភាគីទាំងពីរនឹងធ្វើការពិនិត្យរួមគ្នាជាបន្តទៅទៀតថា តើនឹងគួរបើកច្រកព្រំដែនណាបន្ត ដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចទទួលបានផលប្រយោជន៍ពីការបើកច្រកព្រំដែនកម្ពុជា-ថៃ ទាំងនោះ។
អាជ្ញាធរកម្ពុជា បានរំពឹងទុកថា បន្ទាប់ពីមានការបើកច្រកអានសេះ ឱ្យក្លាយទៅជាច្រកព្រំដែនអចិន្ត្រៃយ៍ គឺច្រកព្រំដែននៅតំបន់ជប់រុន របស់ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ មួយទៀត ក៏ប្រហែលជានឹងអាចបើកឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ ធ្វើការដោះដូរទំនិញគ្នាបាននៅពេលខាងមុខផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។