លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីមានការជួបគ្នាជាមួយអ្នកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីថៃ នៅឯខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែកក្កដា រួច ភាគីទាំងពីរមានសុឆន្ទៈចង់ឱ្យការប្រឈមមុខដាក់គ្នាដោយយោធា ក្នុងរឿងទំនាស់ព្រំដែនជិត៤ឆ្នាំមកហើយ មានការស្ងប់ស្ងាត់ ដោយទទួលបានផលប្រយោជន៍ពីការកែសម្រួលកងទ័ពទាំងសងខាងនេះ។
លោក ហ៊ុន សែន៖ «ភាគីទាំងពីរឯកភាពប្រកាសកែសម្រួលកម្លាំងនៅក្នុងតំបន់ នៃដីកាបង្គាប់របស់តុលាការអន្តរជាតិឡាអេ។ បន្តិចទៀត យើងនឹងទុកឱ្យរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ធ្វើការពន្យល់ជូនអស់លោកអ្នកជាមួយបញ្ហាផ្សេងៗ។ តែខ្ញុំគ្រាន់តែបញ្ជាក់ជូនថា បញ្ហានេះគឺជាសុឆន្ទៈនៃភាគីទាំងពីរ ដែលចង់ឱ្យសភាពការណ៍ស្ងប់ស្ងាត់ ដោយទទួលផលប្រយោជន៍ពីការកែសម្រួលកងទ័ពនេះ។ ការកែសម្រួលនេះ មិនមែនជាការដកកងទ័ពចេញពីប្រទេសរបស់ខ្លួនទេ ប៉ុន្តែគឺជាការកែសម្រួលកម្លាំងទាហានចេញ ហើយដាក់ជំនួសដោយកម្លាំងនគរបាល ហើយក៏មិនពាក់ព័ន្ធនឹងការមកដល់របស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដែរ»។
អ្នកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ បានមានប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំដែលរដ្ឋាភិបាលរបស់អ្នកស្រីបានគ្រប់គ្រងអំណាចនេះឃើញថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា មានការរីកចម្រើន ហើយការពិភាក្សាគ្នាថ្ងៃនេះ គឺភាគីទាំងពីរបានបង្ហាញឆន្ទៈថានឹងធ្វើការពង្រីកទំនាក់ទំនងដ៏ល្អបន្តទៅទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋប្រទេសទាំងពីរ ដូចជាកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។