ចំណាត់ការនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិល ធ្វើការពាក់ព័ន្ធជាមួយស្ត្រី និងកុមារនៅក្នុងប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃមានប្រសាសន៍នៅថ្ងៃទី១៩ ខែមិថុនា ថា រដ្ឋាភិបាលកម្ពុជា នឹងបណ្ដេញបុរសជនជាតិរុស្ស៊ីឈ្មោះ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ចេញពីកម្ពុជានៅយប់ថ្ងៃទី២១ ខែមិថុនា តាមជើងយន្តហោះប្រទេសកូរ៉េ។
លោកថា ការបណ្ដេញបុរសសេដ្ឋីរុស្ស៊ីរូបនេះ ធ្វើឡើងតាមច្បាប់អន្តោប្រវេសន្តកម្ពុជា មិនមែនរដ្ឋាភិបាលរុស្ស៊ី ស្នើមកកម្ពុជានោះទេ។
លោក សុខ ផល៖ «បណ្ដេញចេញថ្ងៃទី២១ តាមប្រលានយន្តហោះភ្នំពេញ វ៉ុលកូរ៉េ។ បណ្ដេញនេះតាមច្បាប់អន្តោប្រវេសន្តរបស់កម្ពុជា ចំពោះអ្នកដែលអាចឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់កម្ពុជា»។
ទាក់ទងបញ្ហានេះ លោកស្រី ពង្ស ឈិវហ្គិច នាយិកាអង្គការ លីកាដូ (Licadho) បានថ្លែងសាទរចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបណ្ដេញជនជាតិរុស្ស៊ី ដែលជាប់ពាក់ព័ន្ធបទល្មើសពេស្យាចារទៅលើស្ត្រី និងកុមារកម្ពុជាពេលនេះ។
លោក ស្រី ពង្ស ឈិវហ្គិច៖ «ចាប់ពីថ្ងៃនេះទៅ ឲ្យតែបុរសបរទេសណា ដែលមានធ្វើសកម្មភាពខុសច្បាប់ និងរំលោភដល់សិទ្ធិកុមារ សូមកុំឲ្យមានសិទ្ធិនៅក្នុងប្រទេសកម្ពុជា ព្រោះបានធ្វើឲ្យកូនក្មេងកម្ពុជាមានបញ្ហា»។
លោកស្រីឲ្យដឹងថា ជនជាតិរុស្ស៊ីឈ្មោះ ត្រូហ្វីមូហ្វ គួរត្រូវផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ព្រោះជាជនឧក្រិដ្ឋជួញដូរពេស្យាចារធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា។
មិនខុសគ្នាទេ លោកស្រី លឹម មុនី ជាអនុប្រធានផ្នែកស្ត្រី និងកុមារសមាគមន៍ អាដហុក លោកស្រីបានចាត់ទុក អ្នកវិនិយោគទុនជនជាតិរុស្ស៊ីឈ្មោះ ត្រូហ្វីមូហ្វ ថាជាជនឧក្រិដ្ឋផ្លូវភេទ និងជនឧក្រិដ្ឋ ដែលបានប្រមាថដល់កុមារី និងស្ត្រីខ្មែរទូទៅ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឃើញប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ របស់សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ឲ្យបានធ្ងន់ធ្ងរទៅគ្រប់ជនឧក្រិដ្ឋដទៃទៀត ដើម្បីលុបបំបាត់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃនៃសកម្មភាពជួញដូរពេស្យាចារទៅលើស្ត្រី ពិសេសកុមារីកម្ពុជា។
លោកស្រី លឹម មុនី៖ «ជាការត្រឹមត្រូវហើយ បើកាលណាវានៅគួបផ្សំជាមួយឱកាសខ្លះ ដែលគេមានលុយកាក់ ជនល្មើសនេះអាចឆ្លៀតឱកាសប្រព្រឹត្តិបទល្មើសតទៅទៀត។ ប៉ុន្តែសូមឲ្យរដ្ឋាភិបាលត្រូវចាត់ការជាទូទៅលើជនល្មើសដទៃទៀតដែរ។ សូមកុំឲ្យយកតែបញ្ហាមួយ មកបង្ហាញ សូមចាត់ការជាទូទៅចំពោះជនបរទេស ឬខ្មែរក្តី ដែលបានប្រព្រឹត្តិបទល្មើសនេះ»។
ទណ្ឌិត អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ត្រូវបានតុលាការចាប់ខ្លួន ចោទពីបទរំលោភសេពសន្ថវៈលើអនីតិជន ឬក្មេងស្រីមិនទាន់គ្រប់អាយុ ប្រព្រឹត្តនៅភ្នំពេញ និងខេត្តព្រះសីហនុ នៅចុងឆ្នាំ២០០៣ និងក្រោយមក ត្រូវតុលាការឃុំខ្លួនរហូតដល់ចុងឆ្នាំ២០១១។
បុរសសេដ្ឋីរុស្ស៊ីរូបនេះ ត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីទទួលទោសទណ្ឌក្នុងពន្ធនាគាររយៈពេល ៨ឆ្នាំ។ ការដោះលែងនេះ ដោយសាររដ្ឋាភិបាលកម្ពុជាបានស្នើទៅព្រះមហាក្សត្រខ្មែរ ដើម្បីលើកលែងទោសរួចមក។
អតីតប្រធានក្រុមហ៊ុនវិនិយោគកោះពស់ ជនជាតិរុស្ស៊ីឈ្មោះ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ត្រូវតុលាការចោទប្រកាន់ពីបទរំលោភ និងទិញពេស្យាចារកុមារីកម្ពុជាប្រមាណ ១៧នាក់ អាយុចន្លោះពី ៦ឆ្នាំដល់ ១៦ឆ្នាំ។
លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ការស្នើសុំព្រះមហាក្សត្រ លើកលែងទោសទណ្ឌិត អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ជាសិទ្ធិរដ្ឋាភិបាលកម្ពុជា មិនមែនដើម្បីផ្លាស់ប្ដូរនឹងបញ្ហាអ្វីមួយនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។